រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងភាពប្រាកដនិយមរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ឱ្យអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព។
ក្នុងឆ្នាំ២០២៥ ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ បានប្រព្រឹត្តទៅក្នុងបរិការណ៍សកល និងតំបន់ ដែលមានការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងពោរពេញដោយភាពមិនប្រាកដប្រជា។ ភាពតានតឹងភូមិសាស្ត្រនយោបាយ ការប្រែប្រួលនៃសេដ្ឋកិច្ច និងពាណិជ្ជកម្មសកល សម្ពាធលើថាមពល និងតម្លៃទំនិញ បញ្ហាព្រំដែន ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការប្រែប្រួលអាកាសធាតុ សុទ្ធសឹងជាកត្តាដែលប៉ះពាល់ដល់បរិយាកាសអភិវឌ្ឍន៍របស់កម្ពុជា។ ទោះជាយ៉ាងនេះក្តី រាជរដ្ឋាភិបាលនៅតែបន្តដឹកនាំប្រទេសដោយភាពម្ចាស់ការប្រាកដនិយមនិងទទួលខុសត្រូវ ដើម្បីការពារផលប្រយោជន៍ជាតិ និងសុខុមាលភាពរបស់ប្រជាជន។ កម្ពុជាបានបន្តរក្សាបាននូវស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច សន្ទុះនៃកំណើន ការបង្កើតការងារ ការពង្រឹង ប្រព័ន្ធគាំពារសង្គម ការអភិវឌ្ឍមូលធនមនុស្ស ការកែលម្អសេវាសាធារណៈ និងការជំរុញកិច្ចការកែទម្រង់ក្នុងវិស័យសំខាន់ៗ។ សមិទ្ធផលទាំងនេះបង្ហាញថា កម្ពុជាបានបន្តដំណើរអភិវឌ្ឍន៍របស់ខ្លួនដោយភាពធន់ និងជំហរច្បាស់លាស់ ទោះបីបរិយាកាសខាងក្រៅនៅតែមានហានិភ័យ និងភាពមិនប្រាកដប្រជាក៏ដោយ។ ការណ៍នេះក៏បង្ហាញពីសមត្ថភាពរបស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាព គ្រប់គ្រងហានិភ័យ និងតម្រង់ទិសការអភិវឌ្ឍឱ្យឆ្លើយតបទៅនឹងផលប្រយោជន៍ជាតិ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ។
របាយការណ៍តាមដាននិងត្រួតពិនិត្យឆ្នាំ២០២៥នេះ គឺជាឧបករណ៍ដ៏សំខាន់មួយសម្រាប់ឆ្លុះបញ្ចាំងពីវឌ្ឍនភាព សមិទ្ធផល និងបញ្ហាប្រឈមក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ព្រមទាំងជាមូលដ្ឋានសម្រាប់បន្តពង្រឹងការអនុវត្តឱ្យកាន់តែមានប្រសិទ្ធភាព និងឆ្លើយតបទៅនឹងស្ថានភាពជាក់ស្តែង។ របាយការណ៍នេះក៏បានបង្ហាញថា ការអនុវត្តយុទ្ធសាស្ត្របញ្ចកោណ ត្រូវការចូលរួមប្រកបដោយស្មារតីម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ក្រសួង ស្ថាប័ន។ សមិទ្ធផលដែលសម្រេចបាន គឺជាលទ្ធផលនៃកិច្ចខិតខំរួមរបស់រាជរដ្ឋាភិបាលទាំងមូល។ ចំណែកបញ្ហាប្រឈមដែលនៅសេសសល់ គឺជាមេរៀនសម្រាប់បន្តកែលម្អការងារ ពង្រឹងវិន័យអនុវត្ត និងធានាថា គោលនយោបាយរបស់រាជរដ្ឋាភិបាលត្រូវបានប្រែក្លាយទៅជាលទ្ធផលជាក់ស្តែងសម្រាប់ប្រជាពលរដ្ឋ។ របាយការណ៍តាមដាននិងត្រួតពិនិត្យឆ្នាំ២០២៥នេះ គឺជារបាយការណ៍លើកទី២ បន្ទាប់ពីរបាយការណ៍ឆ្នាំ២០២៤។ ជារួម លទ្ធផលនៃការតាមដានបានបង្ហាញថា ក្រសួង ស្ថាប័នដឹកនាំការអនុវត្ត បានខិតខំជំរុញវិធានការ និងកម្មវិធីគោលនយោបាយនានា ហើយសូចនាករសមិទ្ធកម្មគន្លឹះមួយចំនួនសម្រេចបានវឌ្ឍនភាពល្អ៕ រក្សាសិទ្ធដោយ៖សុទ្ធលី








