ភ្នំពេញ៖ តំណាងអយ្យការ អមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ រសៀលថ្ងៃ ទី ២៥ ខែ សីហានេះ បានសម្រេចចោទប្រកាន់ បុរស ២ រូប ដែល បានប្រើប្រាស់អំពើហិង្សា ដោយយកដប វាយក្បាលជនរងគ្រោះ ម្នាក់ បណ្តាលឱ្យរបួសធ្ងន់ស្តាំលលាដ៍ក្បាល ពីបទ: ហិង្សាមានស្ថានទម្ងន់ទោស និង បានបញ្ជួន ខ្លួនពួកគេ ទៅដាក់គុក ជាបណ្ដោះអាសន្ន ដើម្បីរង់ចាំ ការ ដោះស្រាយតាមផ្លូវច្បាប់។
លោកឆាយ ហុង ព្រះរាជអាជ្ញារង និង ជាអ្នកនាំពាក្យ របស់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឱ្យដឹងថា: ចំពោះ
ករណី ខាងលើនេះ តំណាងអយ្យការ បានសម្រេចចោទប្រកាន់ជនសង្ស័យតាមនីតិវិធីបើកការស៊ើបសួរ:
១. ឈ្មោះ ឆេង ភារុណ ពីបទ៖ ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ។
២. ឈ្មោះ ជា សានជាំង ពីបទ៖ ផ្តើមគំនិតក្នុងអំពើហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស តាមមាត្រា២៨ និងមាត្រា២១៨ ចំណុចទី២ និងចំណុចទី៣ នៃក្រមព្រហ្មទណ្ឌ។
សូមបញ្ជាក់ថា: ជនសង្ស័យទាំងពីរ ត្រូវបាន កម្លាំងសមត្តកិច្ចនាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃ ក្រសួងមហាផ្ទៃ ចាប់ឃាត់ខ្លួន កាលពីថ្ងៃ ទី ២៣ ខែ សីហា ឆ្នាំ ២០២៦ បន្ទាប់ពី ពួកគេ បានប្រើហិង្សា ដោយយកដបវាយ ក្បាលជនរងគ្រោះ ម្នាក់ បណ្តាលឱ្យ របួសធ្ងន់ធន់ នៅកន្លែងផឹកស៊ី នៅក្នុងរាជធានីភ្នំពេញ រួចនាំគ្នាគេចខ្លួន។រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN






