ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងអ្នកសម្របសម្រួលអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា លោកស្រី វ្ល៉ាដាន់កា អាន់ឌ្រេវ៉ាបានអញ្ជើញជាអធិបតីក្នុងពិធីជូនដំណើរកងវិស្វកម្មលេខ៨៦៤ ចេញបំពេញ បេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល និងទទួលដំណើរមាតុភូមិនិវត្តន៍កងរាជអាវុធហត្ថលេខ៨៧២ និងកងកម្ទេចគ្រឿងផ្ទុះ លេខ៩៨-ទី៣ ដែលបានបញ្ចប់បេសកកម្មរក្សាសន្តិភាព អង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល ដែលប្រព្រឹត្តទៅនៅទីស្ដីការក្រសួងការពារជាតិ។
ឆ្នាំនេះ គឺជាខួបលើកទី២០ នៃការរួមចំណែករបស់កម្ពុជាក្នុងបេសកកម្មរក្សាសន្តិភាពអង្គការសហប្រជាជាតិ ដោយមានកងកម្លាំងរក្សាសន្តិភាពជាង ១០,០០០ នាក់ ចូលរួមបំពេញបេសកកម្មនៅក្នុងប្រទេសចំនួន ១០ ក្នុងរយៈពេលពីរទសវត្សរ៍កន្លងមក។
យើងសូមអបអរដោយមោទកភាព ចំពោះស្ត្រីចំនួន ២៩ នាក់ ដែលកំពុងចេញដំណើរទៅបំពេញបេសកកម្ម និងស្ត្រីចំនួន ៤៩ នាក់ ដែលកំពុងវិលត្រឡប់មកវិញ។ នេះបង្ហាញពីភាពជាអ្នកដឹកនាំរបស់កម្ពុជាក្នុងការជំរុញរបៀបវារៈស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។
ចំពោះកងកម្លាំងដែលនឹងចេញដំណើរ សូមបំពេញបេសកកម្មដោយមោទកភាពក្នុងនាមជាអ្នកតំណាងសន្តិភាព។ ចំពោះកងកម្លាំងដែលកំពុងវិលត្រឡប់មកវិញ សូមស្វាគមន៍មកកាន់មាតុភូមិវិញ។ ហើយចំពោះក្រុមគ្រួសាររបស់ពួកគាត់ សូមអរគុណ។ រក្សាសិទ្ធដោយ៖សុទ្ធលី















