ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះរាជសារ ព្រះករុណាព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ « សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី »

រាជធានីភ្នំពេញ , ព្រះរាជសារព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសបើកសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ក្រោមប្រធានបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី រាជធានីភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា, ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ថ្ងៃនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានព្រះរាជហឫទ័យសោមនស្សរីករាយជាអនេក សូម អបអរសាទរពិធីបើកសន្និសីទប្រធានសភានៃអន្តរសភា ដែលព្រឹទ្ធសភា និងរដ្ឋសភានៃព្រះរាជាណា ចក្រកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ នៅរាជធានីភ្នំពេញ។

ក្នុងឱកាសដ៏មាននក្ខត្តឫក្សនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមសម្តែងនូវការស្វាគមន៍យ៉ាង កក់ក្តៅជូនចំពោះ ឯកឧត្តម លោកជំទាវ ជាប្រធានសភា គណៈប្រតិភូ និងភ្ញៀវកិត្តិយសទាំងអស់ ដែលបានអញ្ជើញមកកាន់ព្រះរាជាណាចក្រកម្ពុជា ចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះ។ វត្តមាន របស់ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ឆ្លុះបញ្ចាំងនូវមិត្តភាព ការគោរពគ្នាទៅវិញទៅមក និងការប្តេជ្ញាចិត្តរួមគ្នាដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការសភាក្នុងកិច្ចគាំទ្រដល់សន្តិភាព ស្ថិរភាព និង វិបុលភាពរួម។

សន្និសីទត្រូវបានរៀបចំឡើងក្រោមមូលបទ សាមគ្គីភាពដើម្បីសន្តិភាពនិងវិបុលភាពរួម៖ ពង្រឹង ច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី ដែលជាប្រធានបទប្រកបដោយអត្ថន័យ និងសម ស្របនឹងកាលៈទេសៈបច្ចុប្បន្ន។ នៅពេលដែលពិភពលោកកំពុងប្រឈមមុខនឹងការប្រកួតប្រជែង ផ្នែកភូមិសាស្ត្រនយោបាយ ជម្លោះប្រដាប់អាវុធ ការបាត់បង់ទំនុកចិត្តគ្នាទៅវិញទៅមក និងបញ្ហា ប្រឈមផ្នែកសន្តិសុខទាំងបែបប្រពៃណី និងមិនមែន ប្រពៃណី ប្រធានបទនេះបានបង្ហាញយ៉ាងច្បាស់ អំពីភាពចាំបាច់ជាបន្ទាន់ក្នុងការពង្រឹងកិច្ចសន្ទនា ការអត់ធ្មត់ កិច្ចសហប្រតិបត្តិការ និងការប្រកាន់ ខ្ជាប់នូវនីតិអន្តរជាតិ។

ការជ្រើសរើសព្រះរាជាណាចក្រកម្ពុជា និងរាជធានីភ្នំពេញ ជាទីតាំងសម្រាប់រៀបចំសន្និសីទនេះ មានអត្ថន័យ ពិសេសខ្លាំងណាស់។ កម្ពុជាស្ថិតនៅចំណុចប្រសព្វនៃអរិយធម៌, វប្បធម៌, និងប្រជាជន។ ឆ្លងកាត់ប្រវត្តិសាស្ត្ររបស់ខ្លួន កម្ពុជា ជាទឹកដីនៃការផ្លាស់ប្តូរ ការប្រាស្រ័យទាក់ទងជាមួយគ្នា និង កិច្ចសហប្រតិបត្តិការ។

រាជធានីភ្នំពេញ ដែលគេស្គាល់ថាជាទីក្រុងចតុម្មុខ ជាទីប្រសព្វនៃទន្លេបួន ពិតជាផ្តល់នូវ និមិត្តរូបដ៏សក្តិសម សម្រាប់ការជួបជុំថ្ងៃនេះ។ នៅទីនេះ ខ្សែទឹកផ្សេងៗហូរមកជួបប្រសព្វគ្នា ដោយ ទន្លេនីមួយៗនៅតែរក្សាបាននូវអត្តសញ្ញាណ និងលក្ខណៈពិសេសរៀងៗខ្លួន ប៉ុន្តែរួមគ្នាហូរឆ្ពោះទៅ កាន់ទិសដៅរួមតែមួយ។ និមិត្តរូបនេះបានឆ្លុះបញ្ចាំងយ៉ាងជ្រាលជ្រៅអំពីស្មារតីនៃសន្និសីទដែល ប្រមូលផ្តុំថ្នាក់ដឹកនាំសភាមកពីតំបន់ វប្បធម៌ នឹងប្រព័ន្ធនយោបាយចម្រុះ ដើម្បីពង្រឹងការយោគយល់ គ្នាទៅវិញទៅមក កសាងទំនុកចិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការ សំដៅរួមចំណែកដល់ផល ប្រយោជន៍រួម និងអនាគតប្រកបដោយសន្តិភាព និងវិបុលភាពសម្រាប់ទាំងអស់គ្នា។

ប្រវត្តិសាស្ត្ររបស់កម្ពុជាបានផ្តល់នូវអត្ថន័យដ៏ជ្រាលជ្រៅ និងពិសេសចំពោះការពិភាក្សានៃ សន្និសីទនេះ។ ប្រជាជាតិយើងខ្ញុំ ធ្លាប់ស្គាល់ទាំងភាពរុងរឿងដ៏ត្រចះត្រចង់នៃអរិយធម៌អង្គរ សោកនាដកម្មនៃសង្គ្រាម និងការបែកបាក់ ព្រមទាំងដំណើរដ៏វែងឆ្ងាយនៃការស្តារ និងកសាងជាតិ ឡើងវិញ។ ដោយបានឆ្លងកាត់ទុក្ខលំបាក និងជម្លោះអស់ជាច្រើនទសវត្សរ៍ កម្ពុជាយល់យ៉ាងជ្រាល ជ្រៅអំពីតម្លៃដ៏វិសេសវិសាលនៃសន្តិភាព ការផ្សះផ្សាជាតិ និងការរួមរស់ដោយសុខដុមរមនា។

តាមរយៈការផ្សះផ្សាជាតិ, កិច្ចសន្ទនាប្រកបដោយបរិយាបន្ន, និងការអនុវត្តប្រកបដោយជោគជ័យ នៃនយោបាយឈ្នះ-ឈ្នះ ក្រោមការដឹកនាំប្រកបដោយចក្ខុវិស័យរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជា ទទួលបាននូវសុខសន្តិភាព, ឯកភាពជាតិ, ស្ថិរភាព, និងការអភិវឌ្ឍ។ បទពិសោធនេះ រំលឹកយើងថា សន្តិភាព មិនកើតឡើងដោយឯកឯងទេ។ សន្តិភាពត្រូវកសាងដោយភាពក្លាហាន នយោបាយ ការជឿជាក់ ការផ្សះផ្សា, កិច្ចសន្ទនា, និងការគោរពនីតិរដ្ឋ។

សន្តិភាពដែលកម្ពុជាសម្រេចបានក្រោយការតស៊ូ និងការលះបង់ដ៏ធំធេង បានបើកផ្លូវឱ្យ ប្រទេសរបស់យើងខ្ញុំ ដើរតួនាទីកាន់តែសកម្មក្នុងការរួមចំណែកលើកកម្ពស់សន្តិភាព ស្ថិរភាព និងការ អភិវឌ្ឍប្រកបដោយចីរភាព ទាំងក្នុងតំបន់ និងលើឆាកអន្តរជាតិ។ សន្តិភាពនេះបានអនុញ្ញាតឱ្យកម្ពុ ជាធ្វើសមាហរណកម្មកាន់តែស៊ីជម្រៅជាមួយអាស៊ាន អនុតំបន់មេគង្គ និងសហគមន៍អន្តរជាតិ ព្រមទាំង ពង្រីកការរួមចំណែករបស់ខ្លួនតាមរយៈការទូតសភា ប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជា ជាតិ សកម្មភាពមនុស្សធម៌ ការជំរុញកិច្ចសន្ទនាអន្តរជាតិ និងកិច្ចការបោសសម្អាតមីន ដើម្បីជា ប្រយោជន៍ដល់សន្តិភាព និងសន្តិសុខរួមរបស់មនុស្សជាតិ។

ដោយផ្អែកលើបទពិសោធន៍ផ្ទាល់ក្នុងការឆ្លងកាត់សង្គ្រាម ការផ្សះផ្សាជាតិ និងការស្តារ និង កសាងប្រទេសឡើងវិញ កម្ពុជាបានប្រែក្លាយមេរៀនដ៏ឈឺចាប់ពីអតីតកាលទៅជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការលើកកម្ពស់ សន្តិភាព និងកិច្ចការមនុស្សធម៌នៅលើឆាកអន្តរជាតិ។ ដោយត្រូវបាន សហគមន៍អន្តរជាតិទទួលស្គាល់ថា ជាប្រទេសឈានមុខមួយក្នុងវិស័យសកម្មភាពបោសសម្អាតមីន និងការបោសសម្អាតសំណល់ជាតិផ្ទុះពីសង្គ្រាម កម្ពុជាបានចែករំលែកចំណេះដឹង ជំនាញ និង បទពិសោធន៍របស់ខ្លួនជាមួយបណ្តាប្រទេសដែលកំពុងងើបចេញពីជម្លោះ ដោយរួមចំណែកសង្គ្រោះ អាយុជីវិត ការពារសេចក្តីថ្លៃថ្នូររបស់មនុស្ស ស្តារសហគមន៍ឱ្យមានសុវត្ថិភាពឡើងវិញ និងបង្កើត មូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។

នៅក្នុងស្មារតីនេះដែរ ខ្ញុំមានសេចក្តីសោមនស្សរីករាយដោយបានកត់សម្គាល់ឃើញការបន្ត ប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការលើកកម្ពស់សន្តិភាពនៅថ្នាក់តំបន់ និងសកលលោក តាមរយៈគោលដៅ អាទិភាពនានារបស់ព្រឹទ្ធសភា នីតិកាលទី៥ ជាពិសេសតាមរយៈការពង្រឹងគណនេយ្យភាពតាមបែប ប្រជាធិបតេយ្យ និងការជំរុញការទូតសភា។ ក្នុងនាមជាយន្តការពិសេសមួយសម្រាប់ការសន្ទនា និង ការកសាងទំនុកចិត្ត ការទូតសភាបានរួមចំណែកលើកកម្ពស់ ចំណងមិត្តភាព ពង្រឹងការយល់ដឹងគ្នា ទៅវិញទៅមក និងពង្រីកកិច្ចសហប្រតិបត្តិការរវាងសភានានា ដោយបំពេញ បន្ថែមដល់ការទូតបែប ប្រពៃណី ក្នុងការខិតខំរួមគ្នាដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពប្រកបដោយចីរភាពរួម។

ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានជំនឿជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះ សន្និសីទប្រធានសភា អន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹង ភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម កាន់តែស្មុគស្មាញ។ ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនា និងការទូតសភា ដោយបន្តពង្រឹងលើភាពជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះដែលកម្ពុជាទទួលបាន ក្នុង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព កាលពីឆ្នាំ២០២៤។ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សង្ឃឹមយ៉ាងមុតមាំថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី២នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និងអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តរួមរបស់យើង ដើម្បីសន្តិភាព, ការយោគយល់គ្នាទៅវិញទៅមក, ការផ្សះផ្សា, និងការជឿជាក់ រវាងប្រជាជាតិនិងប្រជាជាតិ។ សូមឱ្យសន្និសីទនេះ ក្លាយជាប្រភពនៃជំនឿជាថ្មីលើការសន្ទនា ពង្រឹង ឆន្ទៈរួមរបស់យើងក្នុងការលើកតម្កើង និងគោរពច្បាប់អន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌ និងវិបុលភាពប្រកបដោយ ចីរភាព។ សូមឱ្យយើងរួមគ្នាប្រែក្លាយសាមគ្គីភាព ជាសកម្មភាពជាក់ស្តែង និងផ្លាស់ប្តូរបំណងប្រាថ្នារួម របស់យើង ឱ្យទៅជាការរីកចម្រើនស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់នេះ និង ជំនាន់ក្រោយៗទៀត។

សន្តិភាព និងវិបុលភាព មិនអាចចែកដាច់ពីគ្នាបានទេ។ សន្តិភាព មិនអាចគង់វង្សទេ បើការ អភិវឌ្ឍត្រូវបានគេបដិសេធ។ ការអភិវឌ្ឍមិនអាចរីកចម្រើនបាននៅក្នុងស្ថានភាពជម្លោះ។ ហើយទាំង សន្តិភាព និងការអភិវឌ្ឍ មិនអាចរក្សាបានទេ បើគ្មានការជឿជាក់ យុត្តិធម៌ និងនីតិរដ្ឋ។

ក្នុងហេតុផលនេះ សាមគ្គីភាពបណ្តាប្រជាជាតិ មិនអាចផ្អែកលើសុឆន្ទៈតែមួយមុខបានឡើយ។ សាមគ្គីភាពនេះ ត្រូវតែឈរលើមូលដ្ឋាននៃការទទួលខុសត្រូវរួម, ការគោរពគ្នាទៅវិញទៅមក, សន្តិ សហវិជ្ជមាន, និងប្រកាន់ ខ្ជាប់ច្បាប់អន្តរជាតិ។ សាមគ្គីភាពបែបនេះ នឹងក្លាយជាមានន័យនៅពេល ដែលមានការស្តែងចេញតាមរយៈកិច្ចសហប្រតិបត្តិការជាក់ស្តែង, បំណងល្អ, និងការប្តេជ្ញាប្រកបដោយ ស្មោះត្រង់ ក្នុងការដោះស្រាយនូវភាពខុសគ្នា ដោយសន្តិវិធី។

សភាមានតួនាទីយ៉ាងសំខាន់ក្នុងការប្រែក្លាយចក្ខុវិស័យនេះឱ្យក្លាយជាការពិត។ តាមរយៈការ តាក់តែងច្បាប់ ការត្រួតពិនិត្យ ការបំពេញតួនាទីជាតំណាងរបស់ប្រជាពលរដ្ឋ និងការទូតសភា សភា បានរួមចំណែកពង្រឹងនីតិរដ្ឋ លើកកម្ពស់គណនេយ្យភាព បង្ការជម្លោះ និងកសាងទំនុកចិត្តរវាងប្រជាជន និងប្រជាជាតិ។ ក្នុងពិភពលោកដែលមានការបែងចែក និងស្មុគស្មាញកាន់តែខ្លាំង កិច្ចសន្ទនាសភា នៅតែជាឧបករណ៍ដែលមិនអាចខ្វះបាន ក្នុងការជំរុញការយោគយល់គ្នាទៅវិញទៅមក ការលើកទឹក ចិត្តដល់ការសម្រុះសម្រួល, និងការលើកកម្ពស់ដំណោះស្រាយដោយ សន្តិវិធី ដោយផ្អែកលើច្បាប់ អន្តរជាតិ។

ការពង្រឹងច្បាប់អន្តរជាតិ គឺស្ថិតនៅចំកណ្តាលនៃកិច្ចខិតខំប្រឹងប្រែងនេះ។ ច្បាប់អន្តរជាតិ ផ្តល់នូវ ក្របខ័ណ្ឌរួម ដែលតាមរយៈនេះ រដ្ឋនានា ទាំងធំទាំងតូច អាចរួមរស់ជាមួយគ្នាប្រកបដោយភាពថ្លៃថ្នូរ, សមភាព, និងសុវត្ថិភាព។ ការការពារអធិបតេយ្យ ការលើកកម្ពស់ភាពត្រឹមត្រូវ, និងការអត់ធ្មត់ក្នុងការ ប្រើអំណាចដោយមិនត្រឹមត្រូវ, នឹងផ្តល់នូវសន្តិវិធីសម្រាប់ការដោះស្រាយជម្លោះ។ ការដោះស្រាយ ជម្លោះដោយសន្តិវិធី មិនមែនជាសញ្ញានៃភាពទន់ខ្សោយទេ ប៉ុន្តែជាការបង្ហាញនូវប្រាជ្ញា ការទទួលខុស ត្រូវ, និងការគោរពសណ្តាប់ធ្នាប់អន្តរជាតិ។

តាមរយៈសន្និសីទនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ មានជំនឿជឿជាក់ថា “សេចក្តីប្រកាសទី ក្រុងភ្នំពេញ” នឹងត្រូវអនុម័តដោយជោគជ័យ ព្រោះវាជាការរួមចំណែកប្រកបដោយអត្ថន័យ ចំពោះ សហគមន៍អន្តរសភា និងសហគមន៍អន្តរជាតិដ៏ទូលំទូលាយ។ សូមឱ្យសេចក្តីប្រកាសទីក្រុងភ្នំពេញ នេះ ឈរជានិមិត្តរូបនៃការប្តេជ្ញាចិត្តរួម ចំពោះយុត្តិធម៌, សិទ្ធិមនុស្ស, ការអភិវឌ្ឍប្រកបដោយចីរភាព, ការកសាងសន្តិភាព, ការផ្សះផ្សា, ការដោះស្រាយជម្លោះដោយសន្តិវិធី និងកិច្ចសហប្រតិបត្តិការឈរ លើមូលដ្ឋាននៃច្បាប់អន្តរជាតិ។

នៅចុងក្រោយនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមជូនពរ សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ លោក លោកស្រី ដែលមានវត្តមានក្នុងអង្គពិធីទាំងមូល សូមទទួល បាននូវសុខភាពល្អ សុភមង្គល, និងបន្តទទួលបានជោគជ័យនៅក្នុងការទទួលខុសត្រូវដ៏ឧត្តុង្គឧត្តម របស់សម្តេច ទ្រង់ ឯកឧត្តម លោកជំទាវ ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិទាំងអស់។

សូមឱ្យសន្និសីទប្រធានសភានៃអន្តរសភាលើកទី២នេះ ទទួលបានជោគជ័យត្រចះត្រចង់ និង លទ្ធផលប្រកបដោយអត្ថន័យដើម្បីសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងវិបុលភាពរួមសម្រាប់ ប្រជាជាតិទាំងអស់៕ រក្សាសិទ្ធដោយ៖សុទ្ធលី

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>