សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលសភានៃព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ បានប្រារព្ធពិធីបើកយ៉ាងអធិកអធម និងប្រកបដោយអត្ថន័យជាទីបំផុត នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ ដោយមានវត្តមានចូលរួមពីថ្នាក់ដឹកនាំសភានៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងអន្តរជាតិប្រមាណ ២០ប្រទេស រួមទាំងបណ្តាអង្គការអន្តរជាតិជាដៃគូមួយចំនួនទៀត។
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏អញ្ជើញចូលរួមនៅក្នុងសន្និសីទដ៏មានសារៈសំខាន់នេះដែរ។
សន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) មានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២៧ និង២៨ ខែសីហា ឆ្នាំ២០២៦ ប្រារព្ធធ្វើនៅអគារអគ្គនាយកដ្ឋានពន្ធដារ នៅក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ ក្រោមមូលបទ «សាមគ្គីភាពដើម្បីសន្តិភាព និងវិបុលភាពរួម៖ ពង្រឹងច្បាប់អន្តរជាតិ និងដោះស្រាយជម្លោះដោយសន្តិវិធី»។
ការធ្វើជាម្ចាស់ផ្ទះសន្និសីទប្រធានសភាអន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មានអត្ថន័យក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹងភាពមិនច្បាស់លាស់ និងបញ្ហាប្រឈមកាន់តែស្មុគស្មាញ។
ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនា និងការទូតសភា។ សន្និសីទនេះ ក្លាយជាប្រភពនៃជំនឿជាថ្មីលើការសន្ទនា ពង្រឹងឆន្ទៈរួមក្នុងការលើកកម្ពស់ និងគោរពច្បាប់អន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធ ដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌ និងវិបុលភាពប្រកបដោយចីរភាព។
សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញសេចក្ដីសោមនស្សរីករាយឥតឧបមា ក្នុងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មកកាន់ព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃសន្និសីទប្រធានសភានៃអន្តរសភាលើកទី២។ ក្នុងនាមព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជា សម្តេចតេជោ បានសម្តែងនូវគារវកិច្ចស្និទ្ធស្នាល និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះថ្នាក់ដឹកនាំសភា និងប្រតិភូគ្រប់រូបដែលបានធ្វើដំណើរពីគ្រប់ទិសទីជុំវិញពិភពលោក ដើម្បីមកចូលរួមក្នុងសន្និសីទដ៏មានសារៈសំខាន់នេះ។
សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ការជួបជុំរបស់យើងនៅក្នុងសាលសន្និសីទដ៏ឧត្តុង្គឧត្តមនេះ មិនមែនដើម្បីផ្លាស់ប្ដូរពាក្យសម្តីលួងលោមចិត្ត ឬផ្តល់នូវក្ដីសង្ឃឹមដែលគ្មានការពិតនោះទេ។ យើងមកទីនេះ ក្នុងនាមជាតំណាងដែលត្រូវបានជ្រើសរើសដោយប្រជាជនរបស់យើង ក្នុងនាមជាអ្នកតាក់តែងច្បាប់ និងជាអ្នកការពារជោគវាសនានៃប្រជាជាតិរបស់យើង។
កាតព្វកិច្ចរបស់យើង គឺត្រូវពិនិត្យមើលស្ថានភាពពិភពលោកដោយភាពស្មោះត្រង់ តាមរយៈក្រសែភ្នែកនៃតថភាពនិយមដ៏ម៉ឺងម៉ាត់។ ជំហររបស់យើងចំពោះមុខភូមិសាស្ត្រនយោបាយសកលដ៏ច្របូកច្របល់នាពេលបច្ចុប្បន្ននេះ គឺត្រូវផ្អែកលើផ្នត់គំនិតជាក់ស្តែងនិយមដ៏ជ្រាលជ្រៅមួយ ដែលកំណត់ថា «យើងត្រូវត្រៀមខ្លួនសម្រាប់ស្ថានភាពដែលអាក្រក់បំផុត ទន្ទឹមនឹងការប៉ងប្រាថ្នាចង់បាននូវស្ថានភាពដែលល្អបំផុត»៕ រក្សាសិទ្ធដោយ៖សុទ្ធលី



























