ពី «ទីក្រុងខ្មោច» មកជារាជធានីដ៏ស្រស់ឆើតឆាយនិងទំនើបដូចសព្វថ្ងៃ គឺជាការប្រែប្រួលដ៏ធំធេងនិងជាប្រវត្តិសាស្ត្ររបស់រាជធានីភ្នំពេញ។ សម្រស់រាជធានីភ្នំពេញបច្ចុប្បន្នគឺជាមោទនភាពរបស់កម្ពុជានិងប្រជាពលរដ្ឋខ្មែរ ក្នុងសម័យទំនើប។ សមិទ្ធផលនេះកើតឡើងក្រោមស្នាដៃដឹកនាំរបស់រាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា ជាពិសេសស្នាដៃប្រកបដោយបញ្ញាញាណ និងការលះបង់ខ្ពស់របស់ថ្នាក់ដឹកនាំរាមច្បងរបស់យើងបានសាងឡើង ហើយប្រជាពលរដ្ឋជាអ្នកទទួលផលជាពិសេសអ្នករស់នៅក្នុងរាជធានីភ្នំពេញ។
នេះជាការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល ក្នុងឱកាសអញ្ជើញជាវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យ និងព័ត៌មាន» នៅសាលារាជធានីភ្នំពេញ នារសៀលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
អ្នកនាំពាក្យរាជរដ្ឋាភិបាលបន្តថា ដើម្បីរក្សាមោទនភាពនេះឱ្យស្ថិតនៅក្នុងសតិអារម្មណ៍របស់ប្រជាពលរដ្ឋខ្មែរគ្រប់ទិសទី ក៏ដូចជាការទាក់ទាញទេសចរ ការផ្សព្វផ្សាយព័ត៌មានគឺជាមធ្យោបាយមិនអាចខ្វះបាន។ ក្នុងន័យនេះ ឯកឧត្តម ប៉ែន បូណា សង្កត់ធ្ងន់ថា៖ «ព័ត៌មានពិត គ្រប់ជ្រុងជ្រោយ និងការផ្សព្វផ្សាយជាប្រចាំនិងដោយប្រសិទ្ធភាពគឺជាវ៉ាកសាំងការពារស្នាដៃនិងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមិនត្រូវបណ្តោយឱ្យព័ត៌មានប្រឌិត បំផ្លើសបំភ្លៃ មួលបង្កាច់ មកបំផ្លាញសមិទ្ធផល និងស្នាដៃរបស់រាជរដ្ឋាភិបាលបានឡើយ»។
ដូច្នេះ ក្នុងនាមជាអ្នកបំពេញការងារនាំពាក្យ និងព័ត៌មាន ត្រូវចូលរួមយ៉ាងសកម្មក្នុងការផ្សព្វផ្សាយការពិត និងសមិទ្ធផលនានាដែលរាជរដ្ឋាភិបាលសម្រេចបានទៅកាន់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ ទាន់ពេលវេលា និងមានប្រសិទ្ធភាព ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិតប្រាកដ និងមានការយល់ដឹងកាន់តែច្បាស់អំពីការងារ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ឯកឧត្ដម ប៉ែន បូណា បន្ថែមថា៖ វគ្គបណ្តុះបណ្តាលតម្រង់ទិសនេះ មានគោលបំណងសំខាន់ៗចំនួន៤ រួមមាន៖ ទី១. បង្កើនការយល់ដឹងអំពីកិច្ចការអ្នកនាំពាក្យ និងការផ្សព្វផ្សាយព័ត៌មាន ទី២. ចែករំលែកបទពិសោធន៍ក្នុងការងារអ្នកនាំពាក្យ និងព័ត៌មាន ទី៣. ពង្រឹងជំនាញវិជ្ជាជីវៈរបស់អ្នកនាំពាក្យ និងក្រុមការងារព័ត៌មាន និងទី៤. កសាងនិងពង្រឹងបណ្តាញទំនាក់ទំនងរវាងអ្នកនាំពាក្យ និងក្រុមការងារព័ត៌មាននៅគ្រប់កម្រិត។
ឯកឧត្ដម ឆាយ វីរៈ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើងថា បើសិនមានបញ្ហាអ្វីមួយកើតឡើង ពាក់ព័ន្ឋការងារប្រតិកម្មរហ័សនេះ យើងត្រូវប្រមូលព័ត៌មាន ក្តាប់ព័ត៌មានឱ្យបានគ្រប់ជ្រុងជ្រោយ ឱ្យបានច្បាស់លាស់សិន ទើបយើងវាយតម្លៃ ហើយយើងក្តាប់បានអស់ហើយ យើងត្រូវសួរមេដឹកនាំយើងសិន ថាតើយើងត្រូវទប់របៀបណា វាយបកតាមផ្លូវណា ។
ឯកឧត្តម ឆាយ វីរៈ បានបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមទាំងអស់ នឹងកាន់តែមានសមត្ថភាព ក្នុងការរៀបចំព័ត៌មាន ការផ្សព្វផ្សាយជាសាធារណៈ ក្នុងប្រើប្រាស់ប្រព័ន្ឋទំនាក់ទំនងសង្គម ជាប្រព័ន្ឋផ្សព្វផ្សាយ និងការឆ្លើយតបចំពោះសំណួរ ឬបញ្ហាផ្សេងៗ ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់៕
វគ្គបណ្តុះបណ្តាលនេះ មានការអញ្ជើញចូលរួម និងថ្លែងសុន្ទរកថាស្វាគមន៍ពីឯកឧត្តម ឆាយ វីរៈ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ រួមជាមួយឯកឧត្តម លោកជំទាវ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីមកពីមន្ទីរ អង្គភាពពាក់ព័ន្ធ នៃរដ្ឋបាលរាជធានីភ្នំពេញ និងកងកម្លាំងនានា សរុបប្រមាណ ២៥០នាក់៕ រក្សាសិទ្ធដោយ៖សុទ្ធលី
















