ភ្នំពេញ៖ តុលាការកំពូល កាលពីព្រឹកថ្ងៃទី ២១ ខែ កញ្ញា បានបើកសវនាការ ដើម្បីប្រកាសសាលដីកា លើ បណ្ដឹងសាទុក្ខ របស់អ្នកស្រី អ៊ិប តឹង ជាសកម្មជនដីធ្លីមកពីខេត្តកោះកុង ពាក់ព័ន្ធបទ «បរិហាកេរ្តិ៍ជាសាធារណៈ» ប្រព្រឹត្តនៅលើបណ្ដាញសង្គម កាលពីឆ្នាំ ២០២១។
សំណុំរឿងនេះ បានកើតឡើងបន្ទាប់ពីអ្នកស្រី តឹង បានបញ្ចេញមតិនៅលើគណនីហ្វេសប៊ុកកាលពីខែសីហា ឆ្នាំ២០២១ ដោយភ្ជាប់រូបភាព និង ឈ្មោះលោកឧកញ៉ា ហេង ហ៊ុយ ជា អគ្គនាយក នៃ ក្រុមហ៊ុន ហេង ហ៊ុយ អេហ្គ្រីខ័លឈ័រគ្រុម ទៅនឹងជម្លោះដីធ្លីមួយ កន្លែង នៅខេត្តកោះកុង។
ការបង្ហោះលើបណ្ដាញសង្គមនេះបាននាំឱ្យអ្នកស្រីប្រឈមនឹងការចោទប្រកាន់ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយភាគីដើមបណ្ដឹង។
នាពេលប្រកាសសាលដីកា កាលពីព្រឹកថ្ងៃទី ២១ ខែ កញ្ញានេះ, លោកចៅក្រម តាំង ស៊ុនឡាយ ជាប្រធានក្រុមចៅក្រមប្រឹក្សាជំនុំ នៃ តុលាការកំពូល បានសម្រេច សេចក្តីចុងក្រោយបង្អស់ ដោយ តម្កល់ សេចក្ដីសម្រេច របស់តុលាការឧទ្ធរណ៍ព្រះសីហនុ រក្សាទុកជាបានការដដែល និង តម្រូវឱ្យ ទណ្ឌិត ឈ្មោះ អ៊ិប តឹង ត្រូវបង់ ថ្លៃ ជម្ងឺចិត្ត ចំនួន ១០ម៉ឺនរៀល ឬ ប្រមាណ $២៥ ទៅកាន់ ភាគី ដើមបណ្ដឹង។
សូមបញ្ជាក់ថា: ចំពោះសំណុំរឿងក្តីនេះ សាលាដំបូងខេត្តកោះកុង
កាលពីខែមេសា ឆ្នាំ២០២៤ បានផ្តន្ទាទោសអ្នកស្រី តឹង ពីបទបរិហាកេរ្តិ៍ជាសាធារណៈ និង ពិន័យជាប្រាក់ចំនួន៥លានរៀល។
អ្នកស្រីតឹង បានប្តឹងឧទ្ធរណ៍ ហើយ សាលាឧទ្ធរណ៍ព្រះសីហនុ
នៅក្នុងឆ្នាំ ២០២៥ បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងខេត្តកោះកុង ប៉ុន្តែបានបន្ថយប្រាក់ពិន័យពី ៥លានរៀល មកនៅត្រឹម ២០ម៉ឺនរៀល (ប្រមាណ$៥០)។
តែជនជាប់ចោទ នៅតែមិនសុខចិត្ត និង បន្តប្តឹងតវ៉ា មកកាន់ តុលាការកំពូលទៀត ដោយអាស់អាង ខ្លួនមិនបាន ប្រព្រឹត្ត អ្វី ដូចចោទប្រកាន់នោះទេ។
តុលាការកំពូល ក៏បានបង្វិលសំណុំរឿងក្តី ខាងលើ ទៅកាន់ សាលាឧទ្ធរណ៍ ព្រះសីហនុ ដើម្បី ធ្វើការ ជំនុំជម្រះឡើងវិញ។
សាលាឧទ្ធរណ៍ ព្រះសីហនុ ក៏ បាន ធ្វើការជំនុំជម្រះរឿងក្តីនេះ ឡើងវិញ និង បានសម្រេច បន្ធូរបន្ថយ ប្រាក់ពិន័យ ពី ២០ ម៉ឺនរៀល ( ប្រមាណ$៥០) មកនៅត្រឹម ១០ ម៉ឺនរៀល (ប្រមាណ$២៥) វិញ។
តែ ឈ្មោះ អ៊ិន តឹង នៅតែមិនសុខចិត្ត ទៀត និង បានបន្តប្តឹងសារទុក្ខ ទៅកាន់ តុលាការកំពូល ជាលើកទីពីរ ទៀត៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






