ខេត្តបន្ទាយមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ កាលពី រសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ បានចុះប្រតិបត្តិការឆ្មក់ត្រួតពិនិត្យអគារជួលមួយកន្លែង ស្ថិតនៅកណ្តាលក្រុងប៉ោយប៉ែត និងបានរកឃើញទីតាំងដែលសង្ស័យថាកំពុងប្រព្រឹត្តសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Cyber Scam)។
ប្រភពព័ត៌មានបានឱ្យដឹងថា ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញ និង ឃាត់ខ្លួនជនជាតិថៃប្រមាណ ១០០នាក់ ដែលសង្ស័យថាកំពុងធ្វើសកម្មភាពពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
ជាមួយគ្នានេះដែរ សមត្ថកិច្ច កងរាជអាវុធហត្ថខេត្ត ក៏ បានឃាត់ខ្លួនលោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ស្នងការរងនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដែលត្រូវបានរាយការណ៍ថា ជាម្ចាស់អគារដែលសមត្ថកិច្ចចុះបង្ក្រាប ដើម្បីនាំទៅសាកសួរ និងស្រាវជ្រាវបន្ថែមតាមនីតិវិធី ផងដែរ។
ប្រតិបត្តិការនេះ ត្រូវបានធ្វើឡើង ស្របពេលដែលសមត្ថកិច្ចកំពុងបង្កើនការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបណ្តាញឧក្រិដ្ឋកម្មតាមអនឡាញនៅតាមមូលដ្ឋាននានា ជាពិសេសនៅតំបន់ជាប់ព្រំដែន។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តស៊ើបអង្កេត និងស្រាវជ្រាវលើករណីនេះ ដោយប្រមូលវត្ថុតាង និងសាកសួរអ្នកពាក់ព័ន្ធ ដើម្បីកំណត់តួនាទី និងការទទួលខុសត្រូវរបស់មនុស្សម្នាក់ៗ មុននឹងចាត់ការបន្តតាមផ្លូវច្បាប់។
សមត្ថកិច្ចកងរាជអាវុធហត្ថ បាននិយាយថា: ជនសង្ស័យ ទាំងអស់ និងវត្ថុតាងពាក់ព័ន្ធ នឹងត្រូវបញ្ជូនទៅកាន់ សាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បី អនុវត្តទៅតាមផ្លូវច្បាប់ បន្ទាប់ពីការស៊ើបអង្កេត និង រៀបចំសំណុំរឿងត្រូវបានបញ្ចប់។
ទាក់ទងនឹងករណីខាងលើនេះ អ្នកនាំពាក្យ នៃ ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល មិនអាច ទាក់ទង តាមទូរស័ព្ទ ដើម្បីសុំការបំភ្លឺបានឡើយ នៅព្រលប់ថ្ងៃ ទី ២១ ខែ កញ្ញានេះ៕ រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN




