ខេត្តក្រចេះ៖ កម្លាំងនគរបាលខេត្តក្រចេះ បានឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ក្នុងចំណោមមនុស្ស ៤នាក់ ដែលត្រូវបានសង្ស័យថា មានជាប់ ពាក់ព័ន្ធនឹងការដាក់ឧបករណ៍ប្រើចរន្តអគ្គិសនីឆក់សត្វ បណ្តាលឱ្យបុរសម្នាក់ដើរឆ្លុះសត្វប៉ះឧបករណ៍ និងឆក់ស្លាប់នៅនឹងកន្លែង។
ហេតុការណ៍នេះ បានកើតឡើងកាលពីយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចអូរភ្លង ក្នុងភូមិ១០៥ ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា: ជនរងគ្រោះ មានឈ្មោះ សុន ភាស់ ភេទ ប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ ស្រុកចិត្របុរី។
តាមសមត្ថកិច្ច ក្រោយទទួលបានព័ត៌មានអំពីហេតុការណ៍ កម្លាំងនគរបាលស្រុកចិត្របុរី ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត នឿន អធិការនគរបាលស្រុក បានសហការជាមួយការិយាល័យជំនាញនៃស្នងការដ្ឋាននគរបាលខេត្ត ចុះស្រាវជ្រាវ និងកំណត់មុខសញ្ញាពាក់ព័ន្ធ។
សមត្ថកិច្ចបាននិយាយថា: យោងតាមការស្រាវជ្រាវបានឈានដល់ការឃាត់ខ្លួនជនសង្ស័យ ២នាក់ កាលពីថ្ងៃទី២០ ខែកញ្ញា បន្ទាប់ពីកម្លាំងជំនាញធ្វើការស៊ើបអង្កេតរយៈពេល ០២ថ្ងៃ។
ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន មានឈ្មោះ នុត ឃីម ភេទ ប្រុស អាយុ៤១ឆ្នាំ រស់នៅភូមិអញ្ចាញ ឃុំដារ និង ឈ្មោះ យិន សំណាង ភេទ ប្រុស អាយុ២២ឆ្នាំ រស់នៅចំណុចសុខសាន្ត ភូមិចម្រើន ឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ។
សមត្ថកិច្ចបានឱ្យដឹងថា ក្នុងការស្រាវជ្រាវ កម្លាំងជំនាញបានកំណត់មុខសញ្ញាពាក់ព័ន្ធសរុបចំនួន ៤នាក់។ ក្នុងនោះ ២នាក់ត្រូវបានឃាត់ខ្លួន ខណៈ ២នាក់ទៀតបានគេចខ្លួន ហើយកំពុងត្រូវបានសមត្ថកិច្ចស្វែងរក។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីសាកសួរ កសាងសំណុំរឿង និងចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN








