ភ្នំពេញ: ចៅក្រមស៊ើបសួរ នៃ សាលាដំបូងរាជធានីភ្នំពេញ កាលពីពេលថ្មីៗនេះ បានឃុំខ្លួន លោក ចក់ សារ៉ាយ អាយុ ៣២ ឆ្នាំ ជាប្រធានចលនាយុវជនគណបក្សកម្លាំងជាតិប្រចាំស្រុកជីក្រែង ខេត្តសៀមរាប ក្រោមការ ចោទប្រកាន់ពីបទ: រួមគំនិតក្បត់ និងញុះញង់ បន្ទាប់ពី លោក បានធ្វើការបង្ហោះសាររិះគន់ បែបវាយប្រហារធ្ងន់ៗ ដែលមានចេតនា អាក្រក់ ដើម្បី ប្រឆាំងនឹង ថ្នាក់ដឹកនាំជាតិកំពូលកម្ពុជា នៅតាមបណ្តាញសង្គម-ហ្វេសប៊ុក។
សមត្ថកិច្ចនគរបាលសន្តិសុខផ្ទៃក្នុង បានឱ្យដឹងថា: ឈ្មោះ ចក់ សារ៉ាយ ត្រូវបានចាប់ឃាត់ខ្លួន កាលពីយប់ថ្ងៃព្រហស្បត្តិ៍ (ថ្ងៃ ១៧ ខែ កញ្ញា ឆ្នាំ ២០២៧ និងត្រូវបានឃុំខ្លួនបណ្តោះអាសន្នក្នុងពន្ធនាគារពី បទរួមគំនិតក្បត់ និងញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ពាក់ព័ន្ធនឹងការបង្ហោះសាររិះគន់ដល់រាជរដ្ឋាភិបាលលើទំព័រហ្វេសប៊ុករបស់លោក ។
សមត្ថកិច្ច បាននិយាយថា: ឈ្មោះ ចក់ សារ៉ាយ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួននៅឯគេហដ្ឋានរបស់លោកក្នុងភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប និង បញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗដើម្បីសាកសួរ ។
បន្ទាប់មក, ជនសង្ស័យ ក៏ ត្រូវបានបញ្ជូនបន្តទៅកាន់សាលាដំបូងរាជធានីភ្នំពេញដើម្បីបន្តនីតិវិធី ហើយលោកត្រូវបានតុលាការចោទប្រកាន់ពីបទ រួមគំនិតក្បត់ និងបទ ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមបញ្ញត្តិមាត្រា ៤៥៣ ៤៩៤ និង ៤៩៥ នៃក្រមព្រហ្មទណ្ឌ។
យោងតាមការបទចោទប្រកាន់ គាត់អាចប្រឈមនឹងការជាប់ពន្ធនាគាររយៈពេល ពី ៥ ទៅ ១០ ឆ្នាំ ប្រសិនបើ តុលាការរកឃើញពី ពិរុទ្ធភាព។
បច្ចុប្បន្ននេះ ជនត្រូវចោទ ឈ្មោះ ចក់ សារ៉ាយ កំពុងឃុំខ្លួនបណ្តោះអាសន្ននៅមណ្ឌលអប់រំកែប្រែទី១ (ម១) ព្រៃស នៅក្នុង រាជធានីភ្នំពេញ ដើម្បីរង់ចាំ ការកាត់ទោស តាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាង ដោយ CEN






