ភ្នំពេញ: ក្រុមប្រឹក្សាជំនុំជម្រះ នៃ តុលាការឧទ្ធរណ៍ ជំនុំជម្រះ បណ្តឹងតវ៉ា សកម្មជននយោបាយ ០២នាក់ ពាក់ព័ន្ធនឹងបទល្មើសញុះញង់ ប្រឆាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលកម្ពុជា ពាក់ព័ន្ធនឹង ជម្លោះព្រំដែនកម្ពុជា-ថៃ តាមបណ្តាញផ្សព្វផ្សាយ សង្គម- ហ្វេសប៊ុក។
ប្រធានចៅក្រមប្រឹក្សាជំនុំជម្រះ លោកតេង រតនា បានថ្លែងឱ្យដឹងថា: ជនជាតិចោទ ទាំងពីរនាក់នេះ មានឈ្មោះ ឌឹម គៀង ភេទ ប្រុស អាយុ អាយុ ៤០ ឆ្នាំ ជាសមាជិក ប្រតិបត្តិខេត្ត នៃ គណបក្សកម្លាំងជាតិ។ និង ឈ្មោះ ឃូ ហាំងមាង ភេទប្រុស អាយុ ៥០ ឆ្នាំ ជាសកម្មជន នយោបាយ។
លោកចៅក្រមបានបញ្ជាក់ថា: ជនជាប់ចោទទាំង២ នាក់នេះ ត្រូវបាន សាលាដំបូងរាជធានីភ្នំពេញ កាលពីអំឡុងខែ ធ្នូ ឆ្នាំ ២០២៥ ផ្តន្ទាទោស ដាក់ពន្ធនាគារ ក្នុងម្នាក់ៗ កំណត់ ១៨ ខែ និង ពិន័យជាប្រាក់ ចំនួន ២ លានរៀល ក្រោមការចោទប្រកាន់ពីបទ:
“ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម” និងបទ “ប្រមាថ” តាមមាត្រា ៤៩៤, ៤៩៥ និង ៥០២ នៃ ក្រមព្រហ្មទណ្ឌ។
នៅក្នុងចំណោមអ្នកទាំងពីរនេះ, ឈ្មោះ ឌឹម គៀង ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៥ រីឯ ឈ្មោះ ឃូ ហាំងមាង ត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥។
ពួកគេ ត្រូវបានចាប់ខ្លួន បន្ទាប់ពី ពួកគេ បានសរសេរសារ បង្ហោះនៅលើបណ្ដាញផ្សព្វផ្សាយសង្គម-ហ៊្វេសប៊ុក ព្រមទាំង សរសេរ អត្ថាធិប្បាយ (comments) ដែលបង្កប់ នូវ អត្ថន័យ និង ខ្លឹមសារ មូលបង្កាច់ ញុះញង់ និង ធ្វើការជេរប្រមាថ ធ្ងន់ធ្ងរ ដល់ថ្នាក់ដឹកនាំជាតិ កំពូលៗ របស់ កម្ពុជា ជាប់ពាក់ព័ន្ធនឹង ជម្លោះព្រំដែនកម្ពុជា-ថៃ និង ករណី ឃាតកម្ម លើ អតីត អ្នកតំណាងរាស្ត្រ លឹម គឹមយ៉ា។
សាលាឧទ្ធរណ៍ ភ្នំពេញ នឹងប្រកាសសាលដីកា លើ សំណុំរឿងក្តីនេះ នៅ ព្រឹកថ្ងៃទី ១៣ ខែ តុលា ខាងមុខនេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






