ខេត្តបន្ទាយមានជ័យ៖ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ត្រូវបានសមត្ថកិច្ចនគរបាលជំនាញ ឃាត់ខ្លួន និង នាំខ្លួនមកសាកសួរ ចម្លើយ បន្ទាប់ពីការចុះបង្ក្រាបទីតាំងសង្ស័យពាក់ព័ន្ធនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ចំនួន២ទីតាំង ដែលរកឃើញជនបរទេសជាង២០០នាក់។
សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា: គិតត្រឹមរសៀលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល កំពុងតែ ស្ថិតនៅ ក្នុង ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ដើម្បីបន្តសាកសួរតាមនីតិវិធី បន្ទាប់ពីត្រូវបាន ឃាត់ខ្លួន មកសាកសួរចាប់តាំងពីថ្ងៃទី២១ ខែកញ្ញា។
ការសាកសួរនេះ ធ្វើឡើងក្រោយកម្លាំងសមត្ថកិច្ចជំនាញចុះប្រតិបត្តិការបង្ក្រាបទីតាំងអគារចំនួន២ ដែលសង្ស័យជាប់ពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។
តាមរបាយការណ៍របស់លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) អគារទី១ មានកម្ពស់៥ជាន់ សរុប១៧២បន្ទប់ និង១ហាល ខណៈអគារទី២ មានកម្ពស់២ជាន់ សរុប៥៩បន្ទប់ និង១ហាល។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរកឃើញមនុស្សសរុបជាង២០០នាក់ ក្នុងនោះមានជនជាតិថៃ ១៧៤នាក់ ស្ត្រី៦៧នាក់, បង់ក្លាដេស ១០នាក់, ឥណ្ឌូនេស៊ី ៨នាក់, ហ្វីលីពីន ៣នាក់, ចិន២នាក់, ឥណ្ឌា២នាក់ និងម៉ាឡេស៊ីម្នាក់។
ក្រៅពីជនបរទេស សមត្ថកិច្ចក៏បានរកឃើញជនជាតិខ្មែរចំនួន២៣នាក់ ក្នុងនោះស្ត្រី១៥នាក់។
បច្ចុប្បន្ននេះ ជនបរទេសទាំងនោះត្រូវបានបញ្ជូនទៅមណ្ឌលកងវ៉ា ខេត្តបន្ទាយមានជ័យ ដើម្បីបន្តនីតិវិធី ខណៈសម្ភារៈ និងឧបករណ៍មួយចំនួនដែលសង្ស័យពាក់ព័ន្ធនឹងសកម្មភាពឆបោក ត្រូវបានសមត្ថកិច្ចរឹបអូស និងដកហូត បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីឱ្យមន្ត្រីជំនាញពិនិត្យ និងចាត់ការតាមផ្លូវច្បាប់។
ជាមួយគ្នានេះ អាជ្ញាធរបានសម្រេចបិទទីតាំងអគារទាំងពីរជាបណ្តោះអាសន្ន រហូតដល់មានការជូនដំណឹងជាថ្មី។
មន្ត្រីនគរបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា លោកឧត្តមសេនីយ៍ត្រី អ៊ុ សុផល ត្រូវបាននាំខ្លួន មកសាកសួរនៅស្នងការដ្ឋានចាប់ពីថ្ងៃទី២១ ខែកញ្ញា ហើយគិតត្រឹមថ្ងៃទី២២ ខែកញ្ញា នៅតែបន្តស្ថិតនៅទីនោះ ដើម្បីផ្តល់ការបំភ្លឺ និងសាកសួរតាមនីតិវិធីពាក់ព័ន្ធនឹងករណី ខាងលើនេះ។
សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងប្រមូលភស្តុតាងបន្ថែម ដើម្បីកំណត់អ្នកពាក់ព័ន្ធ និងចាត់វិធានការតាមច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN












