ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាកសពបុរសម្នាក់រងរបួសជាច្រើនកន្លែង ដេកស្លាប់ នៅក្នុងចម្ការប្រេងខ្យល់ សង្ស័យជាករណីប្លន់យកម៉ូតូ??

ខេត្តកណ្ដាល៖ សាកសពបុរសម្នាក់ដែលមានស្នាមរបួសជាច្រើនកន្លែង ត្រូវបានប្រជាពលរដ្ឋប្រទះឃើញដេកស្លាប់ក្នុងថ្លុកឈាម នៅក្នុងចម្ការប្រេងខ្យល់មួយកន្លែង ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល កាលពីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦។

ហេតុការណ៍នេះ បានកើតឡើងនៅតាមបណ្ដោយផ្លូវជាតិលេខ៥១ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៥ ស្ថិតក្នុងភូមិក្រាំងក្រូច ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។

តាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់តំបន់នោះ បានប្រទះឃើញបុរសរងគ្រោះដេកស្លាប់ក្នុងថ្លុកឈាម ដោយមានស្នាមរបួសជាច្រើនកន្លែង សង្ស័យត្រូវបានជនមិនស្គាល់មុខប្រើកាំបិតចាក់។

ក្រោយប្រទះឃើញសព ប្រជាពលរដ្ឋបានរាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលទួលព្រេជ និងនគរបាលស្រុកអង្គស្នួល ដើម្បីចុះពិនិត្យ និងការពារកន្លែងកើតហេតុ។

សាកសពបានស្ថិតនៅកន្លែងកើតហេតុពេញមួយយប់ រហូតដល់ព្រឹកថ្ងៃទី២២ ខែកញ្ញា ទើបកម្លាំងការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ចុះពិនិត្យ និងធ្វើកោសល្យវិច័យ ដើម្បីស្វែងរកតម្រុយពាក់ព័ន្ធនឹងមូលហេតុនៃការស្លាប់។

រហូតមកដល់ពេលនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការថា ករណីនេះជាអំពើប្លន់យកម៉ូតូ ឬជាឃាតកម្មដែលបណ្ដាលមកពីទំនាស់ ឬគំនុំផ្ទាល់ខ្លួននៅឡើយទេ។

ទោះជាយ៉ាងណា ប្រភពពីមហាជននៅកន្លែងកើតហេតុបានដាក់ការសង្ស័យជាបឋមថា អាចពាក់ព័ន្ធនឹងការប្លន់យកម៉ូតូ។

ប្រភពព័ត៌មានមួយបានឱ្យដឹងថា ជនរងគ្រោះត្រូវបានគេអះអាងថា អាចជាបុគ្គលដែលមានតួនាទីជាអ្នកគ្រប់គ្រងជាន់ខ្ពស់នៅធនាគារមួយកន្លែងនៅតំបន់ផ្សារថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល។

ប្រភពដដែលអះអាងថា ជនរងគ្រោះមានទីលំនៅនៅភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុន្នីជ័យ ខេត្តកំពង់ស្ពឺ និងមានស្រុកកំណើតនៅខេត្តតាកែវ។

ទោះបីជាយ៉ាងណា រហូតដល់រសៀលថ្ងៃទី២២ ខែកញ្ញា អត្តសញ្ញាណជនរងគ្រោះមិនទាន់ត្រូវបានសមត្ថកិច្ចបញ្ជាក់ជាផ្លូវការនៅឡើយទេ។

សមត្ថកិច្ចនគរបាលជំនាញ ឥឡូវនេះ កំពុងតែ បន្តស្រាវជ្រាវ ប្រមូលភស្តុតាង និងស្វែងរកមូលហេតុពិតប្រាកដនៃឃាតកម្ម ដើម្បីកំណត់អត្តសញ្ញាណជនដៃដល់ ដើម្បីនាំយកមកចាត់ការតាមច្បាប់ ជាធរមាន៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>