ភ្នំពេញ៖ អាជ្ញាធរមានសមត្ថកិច្ចរាជធានីភ្នំពេញ បានឃាត់ខ្លួនជនសង្ស័យចំនួនជាង ៣,០០០នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ចំនួន ១៨៤ករណី ក្នុងរយៈពេល១ឆ្នាំ ខណៈទ្រព្យសម្បត្តិពាក់ព័ន្ធនឹងបទល្មើសប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក ត្រូវបានបង្កក។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា ស្នងការរងនគរបាលរាជធានីភ្នំពេញ ទទួលផែនការងារសន្តិសុខ បានថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦ថា: ក្នុងចំណោមជនសង្ស័យជាង ៣,០០០នាក់ ដែលមាន ២២សញ្ជាតិ មានជាង ២០០នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា: សមត្ថកិច្ចក៏បានដកហូតសម្ភារៈបច្ចេកវិទ្យាជាច្រើន ដែលត្រូវបានរកឃើញថាពាក់ព័ន្ធនឹងសកម្មភាពឆបោកតាមអនឡាញ។
វត្ថុតាងដែលដកហូតរួមមាន កុំព្យូទ័រលើតុ ១,០៦១គ្រឿង កុំព្យូទ័រយួរដៃ ៩២៣គ្រឿង CPU ២,០៦៤គ្រឿង អេក្រង់ ៣,៩៥២គ្រឿង កុំព្យូទ័រ All-in-One ៣,១៧០គ្រឿង iMac និង MacBook ២៣គ្រឿង និង iPad និង Tablet ៦៤គ្រឿង។
សមត្ថកិច្ចក៏បានដកហូតទូរស័ព្ទដៃប្រមាណ ២៩,៩០០គ្រឿង ព្រមទាំងស៊ីមកាតបរទេស និងឯកសណ្ឋានក្លែងបន្លំជាមន្ត្រីនគរបាលនៃប្រទេសផ្សេងៗ។
លោកឧត្តមសេនីយ៍ទោ ប៊ុន សុសិក្ខា បានបញ្ជាក់ថា: បច្ចេកវិទ្យាដែលក្រុមឆបោកប្រើប្រាស់មានការវិវឌ្ឍជាបន្តបន្ទាប់ រួមទាំងការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើតការឆបោកតាមរយៈទំនាក់ទំនងស្នេហា និងវិធីសាស្ត្រផ្សេងៗទៀត។
វត្ថុតាងមួយចំនួនត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ ខណៈវត្ថុតាងផ្សេងទៀតត្រូវបានរក្សាទុកសម្រាប់ការស្រាវជ្រាវ និងស៊ើបអង្កេតបន្ថែមតាមនីតិវិធី។
ទិន្នន័យពីអាជ្ញាធរកម្ពុជាបង្ហាញថា ចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានស៊ើបអង្កេតទីតាំងសង្ស័យជាង ៨៣០កន្លែង និងចុះបង្ក្រាបជាក់ស្តែង ៦៦៣ទីតាំង។
ក្នុងនោះ ទីតាំង Online Scams ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ត្រូវបានគ្រប់គ្រង និងកម្ទេច ខណៈជនបរទេសជាង ២០,០០០នាក់ ត្រូវបានបណ្តេញចេញពីកម្ពុជា។
អាជ្ញាធរកម្ពុជាបានចាត់ទុកបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ជាឧក្រិដ្ឋកម្មឆ្លងដែនដែលមានភាពស្មុគស្មាញ ដោយសារវាអាចពាក់ព័ន្ធនឹងជនរងគ្រោះ បណ្តាញហិរញ្ញវត្ថុ ជនសង្ស័យ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា។
ឥឡូវនេះ សមត្ថកិច្ចកម្ពុជាបាននឹងកំពុងបន្តស៊ើបអង្កេត និងបង្ក្រាបបណ្តាញឆបោកដែលកាន់តែមានលក្ខណៈបែកខ្ញែក និងផ្លាស់ប្តូរទម្រង់ប្រតិបត្តិការ ខណៈកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន សហរដ្ឋអាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងប្រទេសអាស៊ាន ត្រូវបានបន្ត ដើម្បីទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែននេះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN










