ខេត្តព្រះសីហនុ៖ កម្លាំងនគរបាលការពារព្រំដែនទឹក បានបើកប្រតិបត្តិការបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់នៅតំបន់សមុទ្រក្បែរកោះឬស្សី ខេត្តព្រះសីហនុ ដោយឃាត់ខ្លួនជនជាតិចិនចំនួន៧នាក់ និង រឹបអូសម្សៅសថ្លាសង្ស័យជាសារធាតុញៀន បាន ប្រមាណ ៨៤០គីឡូក្រាម ព្រមទាំងអាវុធ និងគ្រាប់ជាច្រើន។
ប្រតិបត្តិការនេះធ្វើឡើងនៅវេលាម៉ោង ១២:១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក ដោយមានការចូលរួមពីកម្លាំងអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងវរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ២៤០ ប្រចាំខេត្តព្រះសីហនុ។
សមត្ថកិច្ចនគរបាលជំនាញ បានឱ្យដឹងថា: កម្លាំងសមត្ថកិច្ច បាននដាក់បណ្តាញសម្ងាត់ និងស្រាវជ្រាវអស់រយៈពេលជាច្រើនថ្ងៃ រហូតកំណត់បានមុខសញ្ញា និងគោលដៅជាក់លាក់នៅក្នុងភូមិសាស្ត្រដែនសមុទ្រខេត្តព្រះសីហនុ។
ប្រតិបត្តិការនេះធ្វើឡើងក្រោមបទបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការណែនាំពីនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការទទួលទិសភូមិភាគទី៣ ទី៤ និងទី៥ ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងខេត្ត។
នៅក្នុងដំណាក់កាលដំបូង កម្លាំងនគរបាលការពារព្រំដែនទឹក សហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឃាត់អូប័រមួយគ្រឿង និងជនជាតិចិនចំនួន២នាក់។
ក្រោយពីនោះ សមត្ថកិច្ចបានបន្តប្រតិបត្តិការស្រាវជ្រាវ និងឈានដល់ការឃាត់រថយន្តចំនួន២គ្រឿង និងជនជាតិចិន៥នាក់ទៀត។ ក្នុងប្រតិបត្តិការនេះ កម្លាំងសមត្ថកិច្ចបានរកឃើញ និងរឹបអូសម្សៅសថ្លាសង្ស័យជាសារធាតុញៀនចំនួន៤២បាវ ដែលមានទម្ងន់សរុបប្រមាណ ៨៤០គីឡូក្រាម។
ក្រៅពីសារធាតុសង្ស័យជាគ្រឿងញៀន សមត្ថកិច្ចក៏បានរឹបអូសវត្ថុតាងមួយចំនួន រួមមាន ម៉ូតូ៣គ្រឿង អាវុធវែង១០ដើម អាវុធខ្លី៣៩ដើម បង់ចំនួន១០៨បង់ គ្រាប់ចំនួន៧,៩៣៧គ្រាប់ និងស៊ីឡាំងសឺចំនួន៨។
បច្ចុប្បន្ននេះ ជនសង្ស័យទាំង៧នាក់ និងវត្ថុតាងពាក់ព័ន្ធ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តអនុវត្តនីតិវិធីតាមច្បាប់ និងស្រាវជ្រាវបន្ថែមលើបណ្តាញដែលអាចពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងអាវុធខុសច្បាប់ ទាំងនោះ៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN










