ខេត្តកណ្ដាល៖ អត្តសញ្ញាណបុរសម្នាក់ ដែលត្រូវបានក្រុមជនសង្ស័យចាក់សម្លាប់នៅតាមផ្លូវជាតិលេខ៥១ ក្នុងស្រុកអង្គស្នួល ត្រូវបានសមត្ថកិច្ចស្គាល់ហើយ គឺឈ្មោះ អោ ពុធរី អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ និង ជាបុគ្គលិកធនាគារប្រៃសណីយ៍ សាខាថ្នល់ទទឹង។
ជនរងគ្រោះមានស្រុកកំណើតនៅភូមិត្រពាំងក្រសាំង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ខេត្តតាកែវ និងបច្ចុប្បន្ន រស់នៅផ្ទះខាងប្រពន្ធ ក្នុងភូមិទំនប់បាក់ ឃុំដំណាក់រាំង ស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ។
តាមការសន្និដ្ឋានជំហានដំបូងរបស់សមត្ថកិច្ច ករណីនេះអាចជាអំពើប្លន់ ខណៈក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះមួយគ្រឿង ម៉ាក Honda Dream C125 និង កាបូបស្ពាយដែលមានឯកសារការងារមួយចំនួន រួចគេចខ្លួនបាត់។
សមត្ថកិច្ចបានរកឃើញស្នាមរបួសមុតនៅលើទ្រូងផ្នែកក្រោមដោះខាងស្ដាំ ទំហំប្រមាណ ៦×២សង់ទីម៉ែត្រ ព្រមទាំងស្នាមរលាត់ជាច្រើនកន្លែងនៅលើកែងដៃ និងកដៃស្ដាំ ខ្នងដៃខាងឆ្វេង ជង្គង់ខាងស្ដាំ និងជើងទាំងសងខាង។
ប្រភពសមត្ថកិច្ចបានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ លោកអធិការរងទទួលផែននគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ កំពុងល្បាតតាមបណ្ដោយផ្លូវជាតិលេខ៥១ ស្រាប់តែមានបុរសម្នាក់ដែលកំពុងបើកម៉ូតូសណ្ដោងរ៉ឺម៉ក រាយការណ៍ថា មានមនុស្សមួយក្រុម និងម៉ូតូពីរគ្រឿង កំពុងវាយតប់គ្នានៅចំណុចចម្ការប្រេងខ្យល់ ស្ថិតក្នុងភូមិអង្គតាសិត ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ក្រោយទទួលបានព័ត៌មាន លោកអធិការរងបានចុះទៅកាន់កន្លែងកើតហេតុភ្លាមៗ ហើយបានប្រទះឃើញជនរងគ្រោះដេកដួលក្នុងថ្លុកឈាមនៅចិញ្ចើមផ្លូវជាតិលេខ៥១ ដោយរងរបួសធ្ងន់។
ជនរងគ្រោះបានប្រកាច់ និងស្លាប់ប៉ុន្មាននាទីក្រោយមក ខណៈក្រុមជនសង្ស័យបានគេចខ្លួនពីកន្លែងកើតហេតុ។
បន្ទាប់មក លោកអធិការរងបានរាយការណ៍ជូនលោកនាយប៉ុស្តិ៍ស្ដីទីនគរបាលរដ្ឋបាលទួលព្រេជ ដើម្បីដឹកនាំកម្លាំងចុះទៅពិនិត្យកន្លែងកើតហេតុ និងការពារសាកសព។
នៅពេលទៅដល់ កម្លាំងនគរបាលបានឃើញសាកសពជនរងគ្រោះនៅទីតាំងកើតហេតុ និងបានចងខ្សែហ៊ុមព័ទ្ធការពារកន្លែងកើតហេតុ មុនរាយការណ៍បន្តទៅនគរបាលផ្នែកព្រហ្មទណ្ឌស្រុកអង្គស្នួល និងនគរបាលការិយាល័យបច្ចេកទេស និងវិទ្យាសាស្ត្រ នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចុះពិនិត្យ និងធ្វើកោសល្យវិច័យលើសាកសព។
ឥឡូវនេះ សមត្ថកិច្ចនគរបាលជំនាញ កំពុងបន្តស្រាវជ្រាវ និងកំណត់អត្តសញ្ញាណក្រុមជនសង្ស័យ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN






