ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរខេត្តបន្ទាយមានជ័យបន្តឆែកឆេរទីតាំង ៨កន្លែង នៅក្រុងប៉ោយប៉ែត និង រកឃើញជនបរទេស៦៩នាក់!!

ខេត្តបន្ទាយមានជ័យ៖ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្តប្រតិបត្តិការត្រួតពិនិត្យរដ្ឋបាលតាមទីតាំងចំនួន៨ ក្នុងក្រុងប៉ោយប៉ែត កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ដោយរកឃើញជនបរទេសសរុប៦៩នាក់ ក្នុងនោះ២០នាក់ជាស្ត្រី។

ក្នុងចំណោមទីតាំងទាំងនេះ មាន២ទីតាំងត្រូវបានបង្ក្រាបពាក់ព័ន្ធនឹងបទល្មើសស្គេមអនឡាញ។

ប្រតិបត្តិការនេះធ្វើឡើង តាមការណែនាំរបស់លោក អ៊ុ រាត្រី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ដោយមានការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

តាមរបាយការណ៍របស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជនបរទេសទាំង៦៩នាក់ រួមមានជនជាតិឥណ្ឌូនេស៊ី៥១នាក់ ក្នុងនោះស្ត្រី២០នាក់ និងជនជាតិចិន១៨នាក់។

ក្នុងចំណោមនេះ ជនបរទេស៥១នាក់មានឯកសារស្នាក់នៅត្រឹមត្រូវ ខណៈ១៨នាក់ទៀតមិនមានឯកសារស្របច្បាប់។

ចំណុចសំខាន់នៃប្រតិបត្តិការនេះ គឺនៅសង្កាត់អូរឫស្សី ដែលកម្លាំងចម្រុះបានចុះបង្ក្រាបទីតាំងចំនួន២ ពាក់ព័ន្ធនឹងសកម្មភាពស្គេមអនឡាញ។

នៅទីតាំងទាំងពីរ សមត្ថកិច្ចបានរកឃើញជនជាតិចិន១៨នាក់ ដែលស្នាក់នៅដោយគ្មានឯកសារស្របច្បាប់។

សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន រួមមានកុំព្យូទ័រ All-in-One ចំនួន១២គ្រឿង កុំព្យូទ័រ Laptop ចំនួន២គ្រឿង ទូរសព្ទដៃ១៦គ្រឿង អាវប៉ូលិសចិន១ ធុងស៊ីភីយូ២ និងម៉ូនីទ័រ១គ្រឿង។

ដោយឡែក នៅសង្កាត់ប៉ោយប៉ែត កម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យ២ទីតាំង និងរកឃើញជនជាតិឥណ្ឌូនេស៊ី៨នាក់ ក្នុងនោះស្ត្រី៦នាក់។

អាជ្ញាធរបានបញ្ជាក់ថា ពួកគេមានឯកសារត្រឹមត្រូវ និងមិនពាក់ព័ន្ធនឹងបទល្មើសស្គេមអនឡាញឡើយ។

នៅសង្កាត់អូរជ្រៅ កម្លាំងសមត្ថកិច្ចបានត្រួតពិនិត្យ២ទីតាំង និងរកឃើញជនជាតិឥណ្ឌូនេស៊ី៤២នាក់ ក្នុងនោះស្ត្រី១៤នាក់។

ជនបរទេសទាំងអស់មានឯកសារត្រឹមត្រូវ និងមិនត្រូវបានរកឃើញថាពាក់ព័ន្ធនឹងសកម្មភាពស្គេមអនឡាញទេ។

ចំណែកនៅសង្កាត់ផ្សារកណ្ដាល កម្លាំងសមត្ថកិច្ច បានចុះត្រួតពិនិត្យ២ទីតាំង និងរកឃើញជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលមានឯកសារត្រឹមត្រូវ និងមិនពាក់ព័ន្ធនឹងបទល្មើសស្គេមអនឡាញ។

សម្រាប់ប្រតិបត្តិការនៅសង្កាត់អូរឫស្សី កម្លាំងចម្រុះបានធ្វើឡើងក្រោមការសម្របសម្រួលពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

បច្ចុប្បន្ននេះ អាជ្ញាធរខេត្តបន្ទាយមានជ័យបានកំពុងតែ បន្តពង្រឹងការត្រួតពិនិត្យរដ្ឋបាល និងចុះបង្ក្រាបទីតាំងដែលសង្ស័យថាពាក់ព័ន្ធនឹងសកម្មភាពស្គេមអនឡាញ និងបទល្មើសផ្សេងៗ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត៕រក្សាសិទ្ធិគ្រប់យ៉ាងដោយ CEN

ចូលមើលព័ត៌មានថ្មីៗបន្ថែម

ID , 'portfolio_user' ); foreach ( $terms as $term ) { echo $term->slug; } ?>