ភ្នំពេញ ៖ ពិតជាមិនអាចនៅស្ងៀម បាននោះឡើយដែល ខ្លួនមានភាពស្អាតស្អំ ធ្វើឲ្យក្លាយជារឿងបោកបញ្ឆោត ព្រោះតែជនមួយចំនួន។ ដូចនេះហើយទើបធ្វើឲ្យ លោកវីរៈ តារាសម្តែងប្រញាប់ចេញមុខ បកស្រាយទាញយកភាពស្អាតស្អំ ដើម្បីឲ្យមានយុត្តិធម៌ និងសេចក្តីត្រូវវិញ កុំឲ្យភ័ន្តច្រឡំទៀត។

តារាសម្ដែងលោក រ៉ា វិរៈ បើទោះជាផ្អាកសម្ដែងមួយរយៈ តែលោកនៅតែទទួលបានការចាប់អារម្មណ៍ពីអ្នកគាំទ្រ ជាពិសេសគឺពីអ្នកសិល្បៈ ដោយសារតែលោកបានក្លាយជាបុគ្គលជោគជ័យក្នុងមុខជំនួញ។ ជាមួយនឹងភាពជោគជ័យនៅតែមាន ស្របពេលដែលកេរ្តិ៍ឈ្មោះ នៅតែត្រដែតនេះហើយ ទើបលោកត្រូវគេយករូបថត និង ឈ្មោះ ទៅបង្កើតអាក់ខោនក្លែងក្លាយ ហើយឆបោកគេ ដែលធ្វើឲ្យលោកខូចឈ្មោះ។
យោងតាមការបង្ហោះរបស់ លោក រ៉ា វិរៈ គឺលោកចាប់បានអាក់ខោនក្លែងក្លាយរហូត ដល់ជាង១០អាក់ខោន ដែលយករូបលោកទៅប្រើ និង ខ្លះប្រើទាំងឈ្មោះរបស់លោកផង ហើយរាល់សកម្មភាព របស់លោក គឺត្រូវបានជននោះយកទៅបង្ហោះ ដើម្បីបន្លំភ្នែកគេថានោះ គឺជាអាក់ខោនពិតប្រាកដរបស់លោក។ ជនអនាមិកទាំងនោះ ថែមទាំងដើរឆបោកគេ ដោយប្រើមធ្យោបាយផ្សេងៗ រហូតធ្វើឲ្យមានការភ្ញាក់ផ្អើលនោះផង។

លោក រ៉ា វិរៈ ដែលបច្ចុប្បន្ន គឺមានភរិយាជាម្ចាស់ហាងកែសម្ផស្សធំមួយ និង មានហាងលក់ខោខូវប៊ូយផ្ទាល់ខ្លួននោះ បានអះអាងថា លោកបានដឹងពីការបង្កើតអាក់ខោនក្លែងក្លាយ ក្រោយពីមានអ្នកចាញ់បោកគេទាក់ទងមក ហើយអ្នកខ្លះបានផ្ញើអាក់ខោន ដែលប្រើរូបរបស់លោកជាច្រើន មកឲ្យឃើញ។ លោកថា ស្រឡាំងកាំង នៅពេលដែលរូបរបស់ខ្លួន ត្រូវគេប្រើធ្វើជាអាក់ខោនក្លែងក្លាយ ហើយយកឈ្មោះរបស់លោក ទៅឆបោកគេ ដែលធ្វើឲ្យអ្នកខ្លះយល់ច្រឡំ។

លោកគម្រោងដាក់បណ្ដឹងឆែករកអ្នកនៅពីក្រោយ នៃការបង្កើតអាក់ខោនទាំងនោះ ទៅកាន់ភ្នាក់ងារសមត្ថកិច្ច ដើម្បីឲ្យប្រាកដចិត្តថា តើបុគ្គលនោះ មានបំណងអ្វីទើបយកឈ្មោះលោកទៅឆបោកគេ។ លោកក៏ប្រកាសមិនទទួលស្គាល់អាក់ខោនទាំងអស់នោះឡើយ ខណៈដែលលោកក៏ទទូច កុំអ្នកទាក់ទងជាមួយអាក់ខោន ដែលមានរូបលោក កុំឆ្លងឆ្លើយបើមានករណីខ្ចីលុយខ្ចីកាក់ ឬ ករណីឲ្យវេរលុយលើមុខជំនួញរបស់លោក។ លោកថា រាល់ថ្ងៃលោករវល់រឿងមុខជំនួញ និងមើលថែភរិយាកំពុងពពោះ តែមិននឹកស្មានថា មានគេមកបង្ខូចឈ្មោះបែបនឹងឡើយ៕ រក្សាសិទ្ធិដោយ៖សំណាងSV













