ភ្នំពេញ ៖ តារាសម្តែងរូបស្រស់នាង ឆុំ វត្តី បានបង្ហាញគោលជំហរត្រៀមនឹងវិលមកការសម្តែងរបស់នាងជាថ្មីឡើង ក្រោយពេលដែលនាងបានសម្រាលកូនស្រីម្នាក់ជាចំណងដៃសម្រាប់ជីវិតគ្រួសារ។
តារារូបនេះបានអះអាងថា មិនយូរទេ ពោលនៅពេលដែលនាងរាងរឹងដៃរឹងជើង និងមានសុខភាពល្អនោះ នាងនឹងទទួលថតឡើងវិញ ដោយនាងមិនមានបំណងបោះបង់ចូលអាជីពសិល្បៈនាពេលនេះឡើយ បើទោះបីជានាងមានគ្រួសារ និងកូនហើយក្តី។
ឆុំ វត្តី បន្ថែមថា នៅក្នុងអំឡុងពេលនេះ មានបណ្តាលផលិតមួយចំនួនបានទាក់ទងនាងឲ្យថតរួចហើយ ហើយនាងក៏ស្វាគមន៍ និងបានត្រៀមខ្លួនសម្រាប់ការសម្តែងនាពេលដ៏ខ្លីខាងមុខនេះ។

នាងបញ្ជាក់ថា ការសម្តែងជាថ្មីនេះគឺស្វាមីរបស់នាងមិនមានការហាមឃាត់នោះឡើយ ព្រោះស្វាមីបានបើកសិទ្ធអោយនាងដែលនៅស្រឡាញ់ និងចូលចិត្តអាជីពសិល្បះនេះ។
យ៉ាងណា បើតាមនាង ឆុំ វត្តី ក្នុងពេលដែលនាងវិលចូលសម្តែងជាថ្មីឡើងវិញនាង ក៏នឹងពិចារណានៅក្នុងការទទួលថតនូវឈុតឆាកដែលមានការអោបថើបខ្លាំងនោះដែរ។
នាងថា បើទោះជាការថតនោះបានធ្វើឲ្យស្វាមីនាងមិនសូវពេញចិត្តឬក៏ប្រចណ្ឌ តែសម្រាប់នាងក៏មិនហ៊ានសម្តែងដូចគ្នា ពោលការសម្តែងឈុតបែបនេះ គឺនាងបានត្រឹមទទួលយក៥០ភាគរយប៉ុណ្ណោះ។

មានការរំពឹងថា ការវិលមករកការសម្តែងជាថ្មីរបស់នាង ឆុំ វត្តី នាពេលនេះវាមិនពិបាកសម្រាប់ទីផ្សារសម្តែងរបស់នាងឡើយ ត្បិតនាងគឺជាកូនប្រសាថៅកែផលិតកម្មម្នាក់ផងដែរ។
ជាងនេះទៅទៀតនាង ក៏ជាតួសម្តែងមួយរូបដែលមានការនិយម និងគាំទ្រច្រើនពីសំណាក់ទស្សនិកជនផងនោះ។
គួបញ្ជាក់ថា តារា សម្ដែង ឆុំ វត្ដី បានសម្រាលកូនស្រីដំបូងរបស់ខ្លួន កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២១ នៅមន្ទីរពហុព្យាបាល និង សម្ភពអរៀនដា។ ឆុំ វត្ដី បានដាក់ឈ្មោះឲ្យកូនស្រីរបស់នាងថា”រិទ្ធហួរ ជូលីតា” ហើយនាងបញ្ជាក់ថា បើទោះបីជានាងនៅបន្ដ ឬមិនបន្ដ ក្នុងអាជីពសិល្បៈ នាងក៏នឹងតែយកកូនបន្ថែមទៀតដែរ ប៉ុន្តែមិនទាន់កំណត់ថាយកឆ្នាំណាទៀត៕ រក្សាសិទ្ធិដោយ៖សំណាង SV











