CAMSOC-ភ្នំពេញ ៖ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) បានមានប្រសាសន៍ថា កម្ពុជាបានត្រៀមលក្ខណៈសម្បត្តិរួចរាល់ហើយ ដើម្បីចូលរួមព្រឹត្ដិការណ៍កីឡាអាស៊ី លើកទី១៩ ឆ្នាំ២០២២ (19th Asian Games Hangzhou 2022) នៅទីក្រុង Hangzhou នៃសាធារណៈរដ្ឋប្រជាមានិតចិន។

អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ដដែល បានបញ្ជាក់ថា «គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានទទួលលិខិតអញ្ជើញ ដើម្បីចូលរួមព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 ហើយកម្ពុជាបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចូលរួមការប្រកួតកីឡាអាស៊ី នៅទីក្រុង Hangzhou។ ជួបគ្នានៅទីក្រុង Hangzhou ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២២»។
ចំពោះព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 គ្រោងប្រព្រឹត្តទៅរយៈពេល ១៦ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២២ ដោយម្ចាស់ផ្ទះចិន បានកំណត់កីឡាចំនួន ៤០ប្រភេទ ដាក់ក្នុងការប្រកួតព្រឹត្តិការណ៍ប្រចាំទ្វីប ៤ឆ្នាំម្ដងនេះ។

សូមរំឮកថា ក្នុងការប្រកួតកីឡាអាស៊ី ២លើកចុងក្រោយ កម្ពុជាបានបើកទំព័រប្រវត្តិសាស្ដ្រធំៗ គឺទី១-ការប្រកួតកីឡាអាស៊ី លើកទី១៧ ឆ្នាំ២០១៤ នៅសាធារណរដ្ឋកូរ៉េ កម្ពុជាដណ្ដើមមេដាយមាស ១គ្រឿងលើកដំបូង ដោយវីរកីឡាការិនីតេក្វាន់ដូ ស៊ន សៀវម៉ី ទី២-ការប្រកួតកីឡាអាស៊ី លើកទី១៨ ឆ្នាំ២០១៨ នៅឥណ្ឌូនេស៊ី កម្ពុជាបានបំបែកកំណត់ត្រាថ្មី ដោយដណ្ដើមបានមេដាយមាស ២គ្រឿង និងសំរឹទ្ធ ១គ្រឿង ក្នុងនោះវីរកីឡាការិនីជឺជិតស៊ូ ខាន់ ចេសា ឈ្នះមេដាយមាស ១ និងវីរកីឡាករម៉ូតូទឹក សាលី អ៊ូមើត ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ១៕ រក្សាសិទ្ធិដោយ៖បញ្ញាស័ក្តិ



