ភ្នំពេញ ៖ លោកបណ្ឌិត សូ ណារ៉ូ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីនៅរសៀលថ្ងៃទី២៩ខែកញ្ញានេះ បានថ្លែងសារលើបណ្តាញសង្គមហ្វេសប៊ុកយ៉ាងដូច្នេះថា រដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា ធានាសិទ្ធិសេរីភាពដល់ពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេសក្នុងការធ្វើសកម្មភាពនយោបាយ បង្កើតគណបក្ស អង្គការសង្គមនានាស្របតាមច្បាប់ជាធរមាន។ បាន
តែរដ្ឋធម្មនុញ្ញកម្ពុជា មិនមានចែងអំពីរដ្ឋាភិបាល ឬសភាក្រៅប្រទេសឡើយ។ ការប៉ុនប៉ងបង្កើតស្ថាប័នរដ្ឋាភិបាល និងសភាក្រៅប្រទេស គឺមានចរិតជាចលនាឧទ្ទាមក្បត់ជាតិ ឧបគមបំបែករដ្ឋ រំលោភបំពានរដ្ឋធម្មនុញ្ញ និងជាមុខសញ្ញាត្រូវផ្តន្ទាទោសជាទម្ងន់ ឬត្រូវដកសញ្ជាតិខ្មែរស្របតាមច្បាប់សញ្ជាតិថ្មីៗនេះ។
លោកបណ្ឌិត សូ ណារ៉ូ បានថ្លែងបន្តទៀតថា ដូច្នេះ ប្រសិនមិនចង់ជាប់ទោសទណ្ឌ ឬបាត់បង់សញ្ជាតិកំណើតរបស់ខ្លួនទេ សូមលោក លោកស្រីបងប្អូនពលរដ្ឋខ្មែរ កំពុងរស់នៅក្រៅប្រទេស កុំចាញ់បោកការឃោសនាអូសទាញរបស់ពួកជនក្បត់ជាតិទាំងនេះ និងជៀសវាងឱ្យឆ្ងាយនូវអង្គការចាត់តាំងរបស់ដែលហៅថា រដ្ឋាភិបាល២៣ដុល្លារ ឬសភាខ្មែរក្រៅប្រទេសស្អីគេនោះ កុំចូលរួមសកម្មភាពដែលមានចរិតឧទ្ទាម បំបែករដ្ឋ ក្បត់ជាតិ ដែលច្បាប់បានហាមឃាត់ ហើយនឹងនាំមកនូវទុក្ខទោសមកលើខ្លួននាពេលខាងមុខនេះជាក់ជាមិនខាន។
លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី បានបញ្ជាក់បន្ថែមថា សូមប្រកាសជាពត៍មានយកបុណ្យទៅចុះ ជាពិសេសដល់បងប្អូនខ្មែរនៅក្រៅប្រទេស ដែលគេខំអូសទាញឱ្យឈរឈ្មោះក្នុងបញ្ជីបោះឆ្នោតសភាក្រៅប្រទេស សូមប្រញាប់ដកឈ្មោះចេញឱ្យទាន់ពេល៕ រក្សាសិទ្ធដោយ៖សុទ្ធលី






