ក្រុមប្រទេសហ្វ្រង់កូហ្វូនី (អង្គការអន្តរជាតិហ្វ្រង់កូហ្វូនី – Organisation internationale de la Francophonie) គឺជាសម្ព័ន្ធភាពនៃបណ្តាប្រទេស និងដែនដីដែលប្រើប្រាស់ភាសាបារាំង ឬមានការផ្សារភ្ជាប់យ៉ាងជ្រាលជ្រៅជាមួយវប្បធម៌បារាំង។ រហូតមកដល់ពេលនេះ សហគមន៍ហ្វ្រង់កូហ្វូនី មានប្រទេស និងដែនដីជាសមាជិក និងជាអ្នកសង្កេតការណ៍ចំនួន៩៣ ដែលមានវត្តមាននៅគ្រប់ទ្វីបទាំងអស់លើពិភពលោក។ ដោយមានប្រជាជនប្រមាណ១,២ពាន់លាននាក់ សហគមន៍ហ្វ្រង់កូហ្វូនី គ្របដណ្តប់១៦ភាគរយនៃ GDP និង២០ភាគរយនៃពាណិជ្ជកម្មសកល។ ក្នុងនោះ ភាសាបារាំងជាភាសាផ្លូវការ តែមួយ ឬរួមជាមួយភាសាផ្សេងទៀតនៅក្នុង៣២ប្រទេស និងរដ្ឋាភិបាលជាសមាជិក។

ប្រទេសវៀតណាមបានចូលរួមជាមួយអង្គការបុព្វគាមី (ACCT) ចាប់តាំងពីឆ្នាំ ១៩៧៩ និងធ្លាប់ធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី៧ នៅទីក្រុងហាណូយក្នុងខែវិច្ឆិកា ឆ្នាំ១៩៩៧។ វៀតណាមគឺជាសមាជិកស្នូល និងសកម្មមួយនៃសហគមន៍ហ្វ្រង់កូហ្វូនីនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក ដោយបានរួមចំណែកយ៉ាងសំខាន់ក្នុងវិស័យអប់រំ សេដ្ឋកិច្ច និងកិច្ចសហប្រតិបត្តិការពហុភាគី។ ដោយសារតួនាទីខាងលើ អគ្គលេខាធិការនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) លោកស្រី Louise Mushikiwabo បានអះអាងថា វៀតណាមគឺជា “មោទនភាព” នៃសហគមន៍ហ្វ្រង់កូហ្វូនី ក៏ដូចជាមិត្តភក្តិអន្តរជាតិ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ចំពោះកម្ពុជាវិញបានចូលរួមជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីក្នុងឋានៈជាអ្នកសង្កេតការណ៍ក្នុង ខែវិច្ឆិកា ឆ្នាំ១៩៩១ និងបានក្លាយជាសមាជិកពេញសិទ្ធិជាផ្លូវការនៅក្នុងឆ្នាំ ១៩៩៣។ ដូចគ្នានឹងវៀតណាមដែរ កម្ពុជាគឺជាសមាជិកសកម្មនៃអង្គការអន្តរជាតិហ្វ្រង់កូហ្វូនីអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ ហើយនៅឆ្នាំ២០២៦នេះ ប្រទេសកម្ពុជាទទួលភារកិច្ចយ៉ាងធ្ងន់ក្នុងការធ្វើជាម្ចាស់ផ្ទះ និងជាប្រធានកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលប្រព្រឹត្តទៅក្នុងខែវិច្ឆិកា ឆ្នាំ២០២៦នេះ។ នេះជាលើកទីពីរហើយដែលកិច្ចប្រជុំកំពូលនៃអង្គការនេះត្រូវបានរៀបចំឡើងនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក (បន្ទាប់ពីកិច្ចប្រជុំនៅហាណូយឆ្នាំ១៩៩៧) ដែលគូសបញ្ជាក់ពីជំហាននៃការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងជ្រាលជ្រៅរបស់កម្ពុជា និងសមត្ថភាពក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនីដ៏ធំទូលាយ។
ដើម្បីរៀបចំកិច្ចប្រជុំកំពូលនេះ កម្ពុជាត្រៀមលក្ខណៈរួចជាស្រេចដើម្បីទទួលស្វាគមន៍ប្រតិភូអន្តរជាតិមកពីប្រមាណ៨១ ប្រទេស រួមមានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ដែលនឹងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅរាជធានីភ្នំពេញ។

រាជរដ្ឋាភិបាលកម្ពុជាបានណែនាំឱ្យបង្កើតគណៈកម្មាធិការជាតិរៀបចំដើម្បីសម្របសម្រួលការងាររៀបចំ ដោយមានកិច្ចសហប្រតិបត្តិការយ៉ាងជិតសិទ្ធជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) និងការគាំទ្របច្ចេកទេសពីប្រទេសបារាំង។
កិច្ចប្រជុំកំពូលនេះនឹងប្រព្រឹត្តទៅក្រោមប្រធានបទ “ការវិនិយោគឡើងវិញលើសន្តិភាព ដើម្បីបរិយាបន្ន វិបុលភាពរួម និងស្ថិរភាពរចនាសម្ព័ន្ធ” ដែលឆ្លុះបញ្ចាំងពីបទពិសោធន៍របស់កម្ពុជាក្នុងការកសាងសន្តិភាព ក៏ដូចជាការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចសហប្រតិបត្តិការពហុភាគី។ កម្ពុជាក៏បានរៀបចំផែនការទទួលស្វាគមន៍ និងការរៀបចំមធ្យោបាយធ្វើដំណើរសម្រាប់ថ្នាក់ដឹកនាំ ប្រតិភូ និងអ្នកសារព័ត៌មានដែលចូលរួមកិច្ចប្រជុំ។ ព្រមទាំងការរៀបចំផ្លូវអាទិភាពសម្រាប់យានយន្តផ្លូវការ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ និងសម្រួលដល់ការធ្វើដំណើលរវាងសណ្ឋាគារ និងទីតាំងរៀបចំប្រព្រឹត្តិការណ៍។ ទន្ទឹមនឹងនេះ កម្ពុជាបានសហការជាមួយសណ្ឋាគារកម្រិតផ្កាយ៥ ដើម្បីផ្តល់សេវាកម្មស្នាក់នៅប្រកបដោយផាសុខភាព និងសេវាកម្មម្ហូបអាហារចម្រុះ។ អ្នកស្ម័គ្រចិត្ត និងមគ្គុទ្ទេសក៍និយាយភាសាបារាំងជិត ១,០០០ នាក់ត្រូវបានបណ្តុះបណ្តាល និងដាក់ពង្រាយដើម្បីជួយសម្រួលដល់ភ្ញៀវអន្តរជាតិ។ ផែនការធានាសន្តិសុខ និងការឆ្លើយតបបន្ទាន់ក៏កំពុងត្រូវបានអនុវត្ត រួមទាំងការដាក់ពង្រាយកម្លាំងសន្តិសុខនៅទីតាំងយុទ្ធសាស្ត្រ និងការប្រើប្រាស់បច្ចេកវិទ្យាទំនើបៗដូចជា កាមេរ៉ាសុវត្ថិភាព (CCTV) រួមបញ្ចូលបញ្ញាសិប្បនិម្មិត (AI) និងប្រព័ន្ធប្រឆាំងដ្រូន។
កិច្ចប្រជុំកំពូលលើកនេះត្រូវបានរំពឹងថានឹងក្លាយជាការកត់សម្គាល់នូវរបត់ដ៏សំខាន់មួយនៅក្នុងដំណើរការធ្វើសមាហរណកម្មអន្តរជាតិរបស់កម្ពុជា ដែលបង្ហាញពីសមត្ថភាពរៀបចំប្រព្រឹត្តិការណ៍អន្តរជាតិទ្រង់ទ្រាយធំ ក៏ដូចជាសមត្ថភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនីឱ្យកាន់តែទូលំទូលាយ។
ចំពោះវៀតណាម ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ ឯកឧត្តម តូ ឡឹម មកកាន់ប្រទេសកម្ពុជានាពេលនេះ មានអត្ថន័យសំខាន់ជាពិសេស ដោយជាការបញ្ជូនសារយ៉ាងខ្លាំងក្លាអំពីប្រទេសវៀតណាមមួយឯករាជ្យ ម្ចាស់ការ ប្រកាន់ខ្ជាប់គោលនយោបាយពហុភាគីវូបនីយកម្ម និងចម្រុះពណ៌នៃទំនាក់ទំនងការបរទេស ធ្វើសមាហរណកម្មអន្តរជាតិគ្រប់ជ្រុងជ្រោយ និងជ្រាលជ្រៅ ដោយផ្តល់តម្លៃដល់ការកសាង និងពង្រឹងទំនាក់ទំនងឱ្យកាន់តែជ្រាលជ្រៅជាមួយបណ្តាប្រទេសធំៗ ដៃគូសំខាន់ៗ និងមិត្តភក្តិប្រពៃណីព្រមទាំងអះអាងពីការយកចិត្តទុកដាក់ និងការប្តេជ្ញាចិត្តរបស់វៀតណាមចំពោះពហុភាគីនិយម និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

ទន្ទឹមនឹងនេះ ដំណើរទស្សនកិច្ចការងាររបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ ឯកឧត្តម តូ ឡឹម មកកាន់កម្ពុជានាពេលនេះ ក៏បង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមចំពោះកម្ពុជា ដោយអះអាងថា វៀតណាមគាំទ្រយ៉ាងពេញទំហឹងដើម្បីឱ្យកម្ពុជារៀបចំប្រព្រឹត្តិការណ៍អន្តរជាតិដ៏សំខាន់នេះបានជោគជ័យ រួមចំណែកលើកកម្ពស់កិត្តិយស និងកិត្យានុភាពរបស់កម្ពុជានៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។

ចំពោះសហគមន៍ហ្វ្រង់កូហ្វូនី នេះជាលើកទីពីរហើយចាប់តាំងពីបានចូលរួមជាមួយអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី (OIF) ក្នុងឆ្នាំ ១៩៧៩ ដែលថ្នាក់ដឹកនាំជាន់ខ្ពស់បំផុត អគ្គលេខាធិការ និងជាប្រធានរដ្ឋវៀតណាម បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ នេះបង្ហាញពីការយកចិត្តទុកដាក់ជាពិសេសរបស់វៀតណាមក្នុងកិច្ចសហប្រតិបត្តិការជាមួយសហគមន៍ហ្វ្រង់កូហ្វូនី ក៏ដូចជាការដែលវៀតណាមតែងតែប្តេជ្ញាចិត្តក្នុងកម្រិតខ្ពស់ថាជាសមាជិកដែលរួមចំណែកយ៉ាងសកម្ម និងទទួលខុសត្រូវដល់ការអភិវឌ្ឍនៃសហគមន៍ ក៏ដូចជាការងាររួមរបស់អន្តរជាតិ។
ការចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក៏បង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់វៀតណាមក្នុងការបង្កើនរូបភាព និងវត្តមាននៅកម្រិតខ្ពស់នៃតំបន់អាស៊ី-ប៉ាស៊ីហ្វិកនៅក្នុងហ្វ្រង់កូហ្វូនី។

វៀតណាមគ្រោងធ្វើជាស្ពានជំរុញទំនាក់ទំនងរវាងសហគមន៍ហ្វ្រង់កូហ្វូនី ជាមួយតំបន់ តាមរយៈនោះលើកកម្ពស់តួនាទី និងកិត្យានុភាពជាតិរបស់វៀតណាម ក៏ដូចជាតួនាទីរបស់សហគមន៍នៅលើឆាកអន្តរជាតិ។
វត្តមានរបស់អគ្គលេខាធិការ និងជាប្រធានរដ្ឋ ឯកឧត្តម តូ ឡឹម នៅក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកនេះ នឹងក្លាយជាចំណុចលេចធ្លោដ៏សំខាន់ បង្កើតកម្លាំងចលករនាំឲ្យទំនាក់ទំនងវៀតណាម – សហគមន៍ហ្វ្រង់កូហ្វូនី និយាយរួម និងទំនាក់ទំនងវៀតណាម – កម្ពុជា បន្តឈានឡើងខ្ពស់បន្ថែមទៀត រួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក៕ រក្សាសិទ្ធដោយ៖CEN






