ភ្នំពេញ ៖ រហូតមកទល់ពេលនេះ សុន ស្រីពេជ្រ បានចូលមកកាន់ផលិតកម្មថោន យូរឆ្នាំទៅហើយ ដោយសង្ឃឹមថា នាងនឹងអាចបន្តមានចម្រៀងមកអុកឡុក មិនចាញ់កន្លែងចាស់។ ផ្ទុយទៅវិញក្រោមការតាមដានទីផ្សារចម្រៀង របស់សុន ស្រីពេជ្រ ហាក់នៅមិនទាន់កក្រើកពេកនោះ។ ស្របពេលដែល មានតារាជាច្រើននៅគជើងគ្នា ដើម្បីបែងចែកចម្រៀង។

សុន ស្រីពេជ្រ បានឆក់យកអារម្មណ៍មហាជនតាមរយៈបទចម្រៀងបែបមនោសញ្ចេតនា និងចម្រៀងបែបផ្សព្វផ្សាយ វិស័យទេសចរណ៍នៅកម្ពុជា។ លើសពីនោះគេនៅចាំថា ចម្រៀងដែលនាងច្រៀងហើយ មានប្រជាប្រិយភាពខ្លាំងគឺបទ «ខ្នើយ» ដែលនៅក្នុងផលិតកម្មហង្សមាស។ ប៉ុន្តែអ្នកតាមដាន បែរជាមិនសូវឃើញ សុន ស្រីពេជ្រ មានចម្រៀងឲ្យលោតដូចពីមុន ខណៈបទនាងច្រៀងនៅទ្រនំថ្មី ហាក់មានបែប លក្ខណៈចូលឆ្នាំឬបុណ្យភ្ជុំបិណ្ឌទៅវិញ។
គេរំពឹងថា សុន ស្រីពេជ្រ នឹងបានការរៀបចំឲ្យមានបទចម្រៀងល្អៗ មួយឬ២បទ ដើម្បីកំដរអារម្មណ៍ប្រិយមិត្តអ្នកស្តាប់បន្តទៀត។

ក្រៅពីឃើញច្រៀងតាមកញ្ចក់ទូរទស្សន៍ និងកម្មវិធីមួយចំនួនឃើញថា សុន ស្រីពេជ្រងាកទៅលក់ដូរ លក្ខណៈអន ឡាញតាមរូបភាពផ្សេងៗដើម្បីពង្រឹង ជីវភាពប្រចាំថ្ងៃ។ ពិសេសតាំងពីមានកូនដល់ទៅ២នាក់មក សុន ស្រីពេជ្រ រិតតែបន្ថែមល្បឿនក្នុងការរកលុយ ទំនុកបម្រុងដែល មិនអាចនៅទំនេរចោលពេលវេលាបាន៕ រក្សាសិទ្ធិដោយ៖សំណាងSV












