ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការរៀបចំកន្លែងដុតភ្លើងគប់ ត្រៀមពិធីបើក-បិទស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣

CAMSOC-ភ្នំពេញ ៖ កន្លែងដុតភ្លើងគប់ក្នុងវិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ បាននឹងកំពុងដំណើរការសាងសង់ហើយ ក្រោមការរៀបចំនូវប្រព័ន្ធសុវត្ថិភាពខ្ពស់បំផុត សម្រាប់ត្រៀមពិធីបើក-បិទ ការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (SEA Games-ASEAN Para Games) ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានឲ្យដឹងថា ប្រព័ន្ធភ្លើងគប់នេះ ត្រូវរៀបចំក្រោយគេ ព្រោះជាកន្លែងមួយដ៏សំខាន់ ដែលត្រូវប្រើប្រព័ន្ធសុវត្ថិភាពខ្ពស់ ដោយសារត្រូវប្រើហ្គាសសម្រាប់ដុត ។ ដូច្នេះប្រព័ន្ធភ្លើងគប់នេះ ត្រូវរៀបចំឲ្យមានសុវត្ថិភាពបំផុត។

យ៉ាងណាមិញកន្លែងដុតភ្លើងគប់នេះ នឹងត្រូវធ្វើឲ្យបានរួចរាល់ នៅមុនដំណាច់ខែវិច្ឆិកា ឆ្នាំ២០២១ ព្រោះគណៈកម្មាធិការជាតិ CAMSOC គ្រោងនឹងរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅចុងខែវិច្ឆិកា ។ ដូច្នេះបន្ទាប់ពីដំឡើងកន្លែងដុតភ្លើងគប់រួច នឹងត្រូវរៀបចំពិធីសម្ពោធពេញលេញទាំងអស់តែម្ដង ។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែម។

ឯកឧត្តមរដ្ឋលេខាធិការក្រសួងទេសចរណ៍ដដែល បានបន្ថែមថា «ការរៀបចំប្រព័ន្ធភ្លើងគប់ គឺដើម្បីបំពេញលក្ខណៈ នៃដំណើរការរៀបចំពិធីបើក-បិទស៊ីហ្គេម ក៏ដូចជាអាស៊ានប៉ារ៉ាហ្គេមរបស់យើង ។ យើងឃើញហើយថា នៅពហុកីឡដ្ឋានជាតិ(ស្ដាតអូឡាំពិក) ក៏មានកន្លែងដុតភ្លើងគប់ដែរ អ៊ីចឹងវាមានលំនាំរបស់វាឲ្យគ្រប់លក្ខខណ្ឌ នៃពិធីបើក-បិទរបស់យើង»។

ពាក់ព័ន្ធនឹងដំណើរការភ្លើងគប់នេះ ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិ CAMSOC បានធ្វើការយកចិត្តទុកដាក់ និងគិតគូរយ៉ាងល្អិតល្អន់ ជាក់ស្ដែងភ្លើងគប់ ដែលគ្រោងយកមកដុតប្រារព្ធពិធីបើកព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា នឹងត្រូវរៀបចំពិធីសុំភ្លើងអាទិទេព(កម្ដៅព្រះអាទិត្យ) នៅប្រាសាទអង្គរវត្ត ដែលគ្រោងប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

ពិធីសុំភ្លើងអាទិទេពនេះ គ្រោងរៀបចំនាខែកុម្ភៈ ឆ្នាំ២០២៣ ។ បន្ទាប់មកកម្ពុជានឹងរៀបចំពិធីដង្ហែរភ្លើងគប់នេះ ឆ្លងកាត់បណ្ដាប្រទេសទាំងអស់ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ចាប់ពីខែមីនា ឆ្នាំ២០២៣ មុនដង្ហែរចូលមកកម្ពុជាវិញ ហើយបន្ដដង្ហែរតាមបណ្ដាខេត្តជុំវិញបឹងទន្លេសាប រហូតដល់វិមានកីឡដ្ឋាន នៃពហុកីឡដ្ឋានជាតិមរតកតេជោ ចំពេលប្រារព្ធពិធីបើកការប្រកួតកីឡាស៊ីហ្គេមជាផ្លូវការ នៅល្ងាចថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ តែម្ដង៕ រក្សាសិទ្ធិដោយ ៖ បញ្ញាស័ក្តិ

ចូលមើលព័ត៌មានថ្មីៗបន្ថែម