ភ្នំពេញ ៖ មរណភាពរបស់ លោក សែម សង្វាត បានផ្តល់នូវអារម្មណ៍ អាណិតអាសូរខ្លាំង ដល់សពលោករូបនេះ។ ទាំងអ្នកក្នុងនិងក្រៅសិល្បៈ ជាច្រើននឹកស្រណោះនឹកស្តាយ ជាពន់ពេក ក្នុងការដឹងដំណឹងមរណភាពតារាអភ័ព្វរូបនេះ។ ក្រៅពីតារាជាច្រើនបង្ហោះសារ រំលែកទុក្ខឃើញ មានលោក ហង្ស ឈា អតីតតារាសម្តែង ក៏បានផុសនូវភាពសោកស្តាយ និងអាណិតពន់ពេក។

តារាប្រុសរូបនេះ ដែលបានសាងជីវិតថ្មីលើដីអាមេរិក បានសរសេរថា «សារឆ្លើយឆ្លងយ៉ាងច្រើនហូហែររវាងបងហើយនិងប្អូននាពេលកន្លងមក ទាំងសំឡេងនិងសំណេរដោយក្តីស្រឡាញ់រាប់អានគ្នាដោយក្តីមេត្តាករុណា។ ហើយថ្មីៗក្នុងដើមខែនេះត្រូវនិងថ្ងៃទី៧ បងបានជូនពរប្អូន តែមិននឹកស្មានថាសារនេះ ជាសារចុងក្រោយទាល់តែសោះ។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំនិងក្រុមគ្រួសារសូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផង និងសូមឧទ្ធិសបួងសួង ដល់ដួងវិញ្ញាណក្ខន្ធរបស់បង សែម សង្វាត បានសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ ។ ដោយក្តីគោរពអំពីប្អូន»។
អតីតតារាចម្រៀងលោក សែម សង្វាត បានទទួលមរណភាព នៅរាត្រីថ្ងៃទី៣០ ឈានចូលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ នេះ បន្ទាប់ពីលោកបានជន្នះជំងប្រចាំកាយអស់ជាច្រើនឆ្នាំ។ នេះបើតាមការប្រកាសជូនដំណឹង ពីតារាសម្តែងលោក អ៊ឹម ជីវ៉ា នៅថ្ងៃនេះ។
លោក អ៊ឹម ជីវ៉ា បានបង្ហោះសារតាមគណនេយ្យហ្វេសប៊ុករបស់លោកថា RIP តារាចំរៀង លោក សែម សង្វាត បានទទួលមរណភាពហើយ! ដោយកូនប្រុសរបស់លោកបាន និយាយថា សូមជួនជាដំណឹងដល់ពុកម៉ែអ៊ុំពូមីងទាំងអស់គ្នាឲ្យបានជ្រាប់ថា នៅយប់ថ្ងៃទី ៣០រំលង់ចូលថ្ងៃទី០១ លោកឪពុកខ្ញុំបាទឈ្មោះ សែមសង្វាត បានទទួលមរណភាពនៅវេលាម៉ោង១២និង១០នាទី ដោយជំងឺប្រចាំកាយ ។
ដំណឹងដ៏អកុសល្យនេះ បានធ្វើមហាជន ជាពិសេសទស្សនិកដែលធ្លាប់គាំទ្របទចម្រៀង របស់លោកនាពេលកន្លងមក បានសម្តែងការសោកស្តាយយ៉ាងខ្លាំង។ មរណភាពរបស់លោក សែម សង្វាត នាពេលនេះគឺបានកើតឡើងនៅថ្ងៃតែមួយ បន្ទាប់ពីលោកត្រូវបានផ្តល់ដំណឹងថា កំពុងតែសង្គ្រោះបន្ទាន់នៅបន្ទប់ ICU នៃមន្ទីរពេទ្យលោកសង្ឃ ដោយសារជំងឺបានវិវត្តន៍កាន់តែធ្ងន់ធ្ងរ។

ជាមួយនឹងការសម្រាកព្យាបាលនេះ ក្រុមគ្រួសាររបស់លោក ក៏បានអំពាវនាវស្វែងរកជំនួយពីសប្បុរសជននានា ដើម្បីជួយឲ្យលោកអាចបន្តជីវិតរស់ចិញ្ចឹមកូនទៀត។ តែជាអកុលស្យ ដោយសារជំងឺកាន់តែធ្ងន់ធ្ងរលោក សែម សង្វាត ក៏បានទទួលមរណភាពនាពេលនេះតែម្តង។
គួរបញ្ជាក់ថា អតីតតារាចម្រៀងលោក សែម សង្វាត ត្រូវបានចាប់ផ្តើមឈឺស្គមស្គាំងខ្លាំង ដោយសារបញ្ហាក្រពះ និងពោះវៀនអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
កន្លងដោយសារមានការជួយឧបត្ថម្ភពីសប្បុរសជនានា ពិសេសមាគមសិល្បករខ្មែរអាការៈជំងឺរបស់លោកបានរាងធូរស្បើយបន្តិច ដែលអាចធ្វើឲ្យមានកម្លាំងរកស៊ី និងឡើងច្រៀងម្តងម្កាលដើម្បីបានប្រាក់ចិញ្ចឹមកូនក្នុងបន្ទុក។ លោកត្រូវរកប្រាក់ ដើម្បីបែងចែកច្រើន ដូចជាថ្លៃសិក្សាកូន៣នាក់ ចិញ្ចឹមម្តាយចាស់ ម្តាយមីង និងថ្លៃជួលបន្ទប់ក្នុងមួយខែចំនួន១៨០ដុល្លារ។

លោក សែម សង្វាត គឺជាអតីតក្រុមចម្រៀងមួយដួងក្នុងក្រុម EV ក្នុងផលិតកម្មរស្មីស្ទឹងសង្កែ កាលពីជាង១០ឆ្នាំមុន។ បទរបស់លោកដែលមានការគាំទ្រខ្លាំងបំផុតនោះ គឺបទ «សំបុត្រស្នេហ៍ក្នុងសៀវភៅអូន» កម្មករឆ្លងដែន ដែលបានក្នុងវ៉ុលរួមគ្នាជាមួយតារាចម្រៀង ឱក សុគន្ធកញ្ញា យក់ ថិតរដ្ឋា និងលោក ឃុំ ប៊ុណ្ណាដែត៕ រក្សាសិទ្ធិដោយ ៖ សំណាង SV









