ភ្នំពេញ ៖ នៅទីបំផុតតារាសម្តែងអ្នកនាង សឿ សុធារ៉ា បានធ្វើការសុំទោសវិញចំពោះអ្នកនាង ខ្ញុង និង អ្នកនាង ក្អយ បន្ទាប់ពីនាងបានភាន់ច្រឡំ ទៅលើអ្នកទាំងពីរពាក់ព័ន្ធនឹងលុយតុងទីន។

មុនចេញការសុំទោសនេះអ្នកនាង សឿ សុធារ៉ា បានធ្វើការបង្ហោះ និងបង្ហាញរូបចំរបស់អ្នកនាង ខ្ញុង និងនាង ក្អយ ដោយបានស្នើឲ្យអ្នកទាំងពីរចេញមុខដោះស្រាយលុយតុងទីនដែលជំពាក់។
យ៉ាងណា បន្ទាប់ពីបានឃើញការបង្ហោះខាងលើពីអ្នកនាង សឿ សុធារ៉ា តារាកំប្លែងនាង ខ្ញុង និងអ្នកនាង ក្អយ បានកើតទុកមិនសុខចិត្ត និងព្រមានរួមដៃគ្នាប្តឹងតបទៅកាន់តារារូបនេះវិញ ត្បិតអ្នកទាំងពីរបានដោះស្រាយរឿងលុយនេះ ចប់សព្វគ្រប់រួចហើយ។

អ្នកនាង ខ្ញុង បានព្រមានប្តឹងតបអ្នកនាង សឿ សុធារ៉ា ពីបទបរិហារកេរ្តិ៍ ដោយសារនាងបានទូទទាត់លុយឲ្យតារារូបនេះហើយ ប៉ុន្តែតារារូបនេះនៅតែបង្ហោះធ្វើឲ្យប៉ះពាល់ដល់កិត្តិយសរបស់នាង។
រឿងរ៉ាវនេះបានឆាបឆេះដូចភ្នំភ្លើងផ្ទុះ ខណៈពេលអ្នកនាង ខ្ញុង បានបង្ហោះសារបង្ហាញការក្តៅក្រហាយរបស់ខ្លួន នៅលើបណ្តាញសង្គមហ្វេសប៊ុក។
តែយ៉ាងណា ភ្លើងជម្លោះនេះបានបន្ថយកំដៅវិញ បន្ទាប់ពីអ្នកនាង សឿ សុធារ៉ា ចេញមុខសុំទោសអ្នកនាងទាំងពីរជាសាធារណៈវិញ ដោយនាងបានចាត់ទុកការបង្ហោះ របស់នាងនាពេលនោះ គឺជាការភាន់ច្រឡំ។

អ្នកនាង សឿ សុធារ៉ា បានបង្ហោះសារថា សូមជម្រាបសួរដល់បងប្អូនទាំងអស់ថា កាលពីថ្ងៃទី៦ ខ្ញុំបានផុសហ្វេសប៊ុក និយាយអំពីការលេងតុងទីន ជាមួយអ្នកនាង ស្រេង សុកាន់ដា ( ហៅស្រីញ៉ុង ) ឲ្យបងប្អូនបានឃើញទាំងអស់គ្នា។
នាងខ្ញុំសូមជម្រាបថា គាត់បានទូទាត់ឲ្យនាងខ្ញុំដើម្បីបញ្ចប់រឿងតាំងពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២១ រួចរាល់អស់ហើយ។
ការដែលនាងខ្ញុំផុសឯកសារគាត់ ជំពាក់លុយរឿងតុងទីននេះ គឺជាការធ្វេសប្រហែសយល់ច្រឡំថ្ងៃខែរបស់នាងខ្ញុំទេ ដូច្នេះនាងខ្ញុំសូមធ្វើការចេញឯកសារជាផ្លូវការនេះ ដើម្បីជាការសុំអភ័យទោសដល់បងប្អូនទាំងអស់គ្នា ជាពិសេសគឺសុំអភ័យទោសអ្នកនាង ស្រេង សុកាន់ដា( ហៅ ស្រីញ៉ុង ) ដែលនាងខ្ញុំបានធ្វើការមិនច្បាស់ ជាមួយគាត់ហើយធ្វើឲ្យបងប្អូនមានការយល់ច្រឡំដល់គាត់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











