វិមានព្រឹទ្ធសភា៖ នាព្រឹក ថ្ងៃអង្គារ ៣រោច ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦, ដោយទទួលបានការចាត់តាំងដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាតំណាងរាជរដ្ឋាភិបាល ដឹកនាំគណៈប្រតិភូដែលមានសមាសភាពពីក្រសួងយុត្តិធម៌, ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ, ទីស្តីការគណៈរដ្ឋមន្ត្រី និងគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ចូលការពារសេចក្តីព្រាងច្បាប់ចំនួន ៤ រួមមាន៖ (១)-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារសេប៊ូធ្វើវិសោធនកម្មធម្មនុញ្ញនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍, (២)-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីបុព្វសិទ្ធិនិងអភ័យឯកសិទ្ធិនៃលេខាធិការដ្ឋាន បុគ្គលិក និងតំណាងរបស់សមាជិកនៃសន្និសីទស្តីពីអន្តរសកម្មភាពនិងវិធានការកសាងទំនុកចិត្តនៅអាស៊ី, (៣)-សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងព្រះរាជាណាចក្រកម្ពុជានិងសហព័ន្ធរុស្ស៊ីស្តីពីការការពារពលរដ្ឋទៅវិញទៅមកក្នុងវិស័យយុត្តិធម៌ព្រហ្មទណ្ឌអន្តរជាតិ និង (៤)-សេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីលក្ខន្តិកៈមេធាវី នៅក្នុងសម័យប្រជុំព្រឹទ្ធសភាជាវិសាមញ្ញ នីតិកាលទី៥។
ជាលទ្ធផល, អង្គប្រជុំព្រឹទ្ធសភាបានពិនិត្យ និងឱ្យយោបល់ ឯកភាពទាំងស្រុងលើសេចក្តីព្រាងច្បាប់ទាំង ៤ នេះ ដោយឥតកែប្រែ ក្នុងសំឡេង ៥៦ លើ ៥៦ សំឡេង នៃចំនួនសមាជិកព្រឹទ្ធសភាទាំងមូល។រក្សាសិទ្ធដោយ៖សុទ្ធលី













