ភ្នំពេញ ៖ ប្រទេសឥណ្ឌា បានធ្វើអោយពិភពលោក មានការភ្ញាក់ផ្អើលជាខ្លាំង ក្រោយពេលប្រកួតកម្មវិធីបវរកញ្ញាម្តងៗ ឃើញថាភាគច្រើនទទួលបានភាពជោគជ័យ ឡើងទៅកាន់វគ្គសំខាន់ៗ កម្រអន់ជាងគេ។ មានមកុដ មួយចំនួនមកហើយដែលឥណ្ឌាដណ្តើមបាន និងធ្វើអោយមនុស្សជាតិលើ សាកលលោកភាគច្រើន និយាយថា ប្រកួតជ្រើសរើសនារីកំពូលសម្រស់ មិនឈ្នះឥណ្ឌានោះទេ ព្រោះសម្បូរស្រីស្អាតៗ ប្រកបដោយសមត្ថភាពមកដណ្តើមគ្នា ជែងយកជ័យលាភី។

ក្រៅពីពានឬ មកុដកម្មវិធីផ្សេង យើងឃើញថា មកុដចក្រវាឡ ពិភពលោក ប្រទេសដែលមានប្រជាជនច្រើនជាងគេនៅលើលោក បានដណ្តើមយក ធ្វើជាតួឯកដែលមាន ប្រវត្តិលើកមកុដយ៉ាងល្អ ឲ្យគេចាប់អារម្មណ៍។ តើអ្នកដឹងទេថា រាល់ពេលដែលឥណ្ឌាឈ្នះបវរកញ្ញាចក្រវាឡ ឥណ្ឌាក៏ឈ្នះបវរកញ្ញាពិភពលោកដែរ! យើងត្រឡប់ទៅប្រទេសឥណ្ឌាដែលឈ្នះបវរកញ្ញាចក្រវាឡឆ្នាំ ១៩៩៤ ជាលើកដំបូង។ នៅឆ្នាំនោះ អ្នកឈ្នះបវរកញ្ញាចក្រវាលឆ្នាំ ១៩៩៤ គឺនាង Sushmita Sen មកពីប្រទេសឥណ្ឌា ហើយអ្នកឈ្នះបវរកញ្ញាពិភពលោកឆ្នាំ១៩៩៤ គឺ Aishwarya Rai មកពីប្រទេសឥណ្ឌាផងដែរ ។
៦ឆ្នាំក្រោយមក នៅឆ្នាំ ២០០០ ឥណ្ឌាបានគ្រងមកុដបវរកញ្ញាចក្រវាឡ និងបវរកញ្ញាពិភពលោកម្តងទៀត។ អ្នកឈ្នះបវរកញ្ញាចក្រវាលឆ្នាំ ២០០០ គឺ Lara Dutta មកពីប្រទេសឥណ្ឌា ហើយអ្នកឈ្នះបវរកញ្ញាពិភពលោកឆ្នាំ ២០០០ គឺ Priyanka Chopra មកពីប្រទេសឥណ្ឌាផងដែរ ។

ឥណ្ឌាជាប្រទេសមហាអំណាចសម្រស់ពិត។ ពេលនេះ ឥណ្ឌាកំពុងតែស្វែរកមកុដ Miss International & Miss Grand International ដើម្បី មក បង្គ្រប់ មកុដដ៏ធំប្រចាំ ពិភពលោក ទាំង៧ ។ យ៉ាងណាយើង សូមលើកទឹកចិត្តដល់ វិស័យបវរកញ្ញាកម្ពុជា ផងដែរព្រោះពេលនេះ បានព្យាយាមខំបង្ហាញឆាកអន្តរជាតិ ឲ្យគេស្គាល់ហើយ រំពឹងថាអនាគតយើង នឹងកាន់តែសម្បូរនារីស្អាត ឆ្លាតពូកែ បង្ហាញសមត្ថភាពនៅលើឆាកអន្តរជាតិ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម
















