ភ្នំពេញ ៖ តារាចម្រៀងចាស់ទុំ នៅទ្រនំហង្សមាស យូរឆ្នាំជាងគេ ណុប បាយ៉ារិទ្ឋ ហាក់មានការរីករាយ ជាពន់ពេក ក្រោយមើលឃើញ ទេពកោសល្យរបស់ នីកូ ជាប្អូនប្រុស មានការរីកចម្រើនល្អលើសិល្បៈ។ បងប្រុសរូបនេះ រមែងផ្តល់នូវស្នាមញញឹម និងជឿជាក់ថា ប្អូនប្រុសខ្លួន ពិតជាធ្វើបានល្អ ក្នុងការវាយតម្លៃ បេក្ខភាពប្រឡង ដើម្បីអោយមហាជនបានឃើញ។

លើកទី១ របស់នីកូ ដែលត្រូវបានហង្សមាស លើកឲ្យមកធ្វើជាគណៈកម្មាការ ប្រឡងចម្រៀង មែនប៉ុន្តែថាមពល នៃការដាក់ពិន្ទុរបស់អ្នកប្រឡង នីកូ វាយតម្លៃដូចធ្លាប់ឆ្លងកាត់។ ការបោះការងារឲ្យធ្វើក្នុងកម្មវិធីលំដាប់ ពិភពលោក នៃការប្រឡង ដល់នីកូ ទទួលភារៈនេះ ឃើញថាមិនអន់ឡើយ។ រីឯហ្វេនៗ របស់នីកូ បានទាំងសរសើរថា នីកូ ធ្វើបានល្អ ពិតជាយល់ដឹងក្នុងការ ច្រៀងលើកដាក់ សំឡេង ហើយសមជាគណៈកម្មាការ វាយតម្លៃ សមត្ថភាពបេក្ខជន នីមួយៗ។

ណុប បាយ៉ារិទ្ឋ ដ្បិតតែលោក មិនបានក្តោប តំណែងជាគណៈកម្មាការ ប្រឡងចម្រៀងថ្មី ហង្សមាស បង្កើតបានមែនតែលោក មិនអន់ចិត្តនោះទេ ព្រោះក្រុមហ៊ុន បានបែងចែកនូវប្រព័ន្ឋ ការងារឲ្យបុគ្គលិកបានច្បាស់លាស់ មានរៀងៗខ្លួនរួចហើយ។ លោកមាន តែសប្បាយចិត្តដែល នីកូ បានបំពេញតួនាទីមួយ សំខាន់ដោយការផ្ចិតផ្ចង់។ លើសពីនេះ មានតែការជឿជាក់ថា គណៈកម្មាការទាំងអស់នឹង ជ្រើសរើសបានម្ចាស់ពានល្អម្នាក់ ដែលជាធនធានសិល្បៈមួយដែលលាស់ថ្មី ក្នុងសួនសិល្បៈ។
គួរបញ្ជាក់ថា កម្មវិធីប្រឡងចម្រៀង Beat the Best ដែលហង្សមាសបង្កើតឡើង កំពុងទទួលការចាប់អារម្មណ៍ ហើយអ្នកប្រឡងសុទ្ឋតែមាន សំឡេងល្អៗ ច្រៀងពិរោះៗ។ ពិសេសហ្វេនៗ តាមដានបណ្តាញសង្គម សុទ្ឋតែយល់ថា បេក្ខភាពមកប្រជែងគ្នា មានកម្រិតសំឡេង ខ្ពស់ពិបាកដាក់ពិន្ទុ។ គណៈកម្មាការ វាយតម្លៃ មាន ពេជ្រ សោភា ឆន សុវណ្ណរាជ ផន ស្រីខួច និង នីកូ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














