ភ្នំពេញ ៖ គ្រប់គ្នាដឹងហើយថា ឆន ស្រីណេត ជាបវរកញ្ញា លំដាប់រងទី១ នៃបវរកញ្ញា ចក្រវាឡ កម្ពុជាឆ្នាំ២០២១។ ស្រីណេត ជាអ្នកស្រុករស់នៅខេត្តព្រះត្រពាំង ទឹកដីកម្ពុជាក្រោម។ មុនបានតំណែងនេះ ស្រីណេតតស៊ូ ហើយបានរង នូវផលលំបាកដោយសារ តែជំងឺមហារីកឆ្អឹងជើង ស្ទើរតែផ្តាច់ចេញ។ ព្រោះតែកម្លាំងចិត្ត ស្រីណេត មិនចុះចាញ់ឡើយ ដោយរើបម្រះ និងយកឈ្នះ ថែមទាំងធ្វើឲ្យគេមើលឃើញថា នាងជាស្ត្រីរឹងមាំម្នាក់មិនចេះចុះចាញ់។

ឆន ស្រីណេត ដើមចមដែលជើងជា មិនត្រូវបានកាត់ចោល ព្រោះសម្រេចចិត្តទៅមន្ទីរពេទ្យមួយនៅស្រុកថៃ។ ព្យាបាលនៅពេទ្យនៃ ប្រទេសវៀតណាម ស្រីណេតតម្រូវឲ្យកាត់ជើងចេញ។ ប៉ុន្តែនាងនិងក្រុមគ្រួសារ ហាក់មិនទាន់បណ្តោយតាម។ ចុងក្រោយបាន ពិភាក្សាគ្នាទៅប្រទេសថៃ។ ដោយសារតែ ការព្យាបាលចំណាយខ្ពស់ ឪពុកម្តាយនាង បានសម្រេចចិត្តលក់ដីនៅ ខេត្តព្រះត្រពាំង មួយកន្លែងដែលជាកេរ្តិ៍ដូនតា ដើម្បីសង្រ្គោះអាយុជីវិត ដ៏លំបាករបស់នាង។
បវរកញ្ញា ស្រីណេត ដែលបណ្តុះនារីកម្ពុជាក្រោមឲ្យងើបឈ ក្លាហានបានរៀបរាប់ថា ឪពុកម្តាយបានលក់ដី យកលុយទៅសម្រាកថែជើង នៅប្រទេសថៃទើបនាងមានថ្ងៃនេះ។ ដូចគុណបុណ្យជួយព្រោះតែយើងតស៊ូ ទើបបានសម្បុរសជនជួយច្រើន ពេលកំពុងឈឺខ្លាំង។ អំឡុងសម្រាកនៅមន្ទីរពេទ្យថៃ គឺប្រើពេលជិត១ខែ ដោយដំបូងនៅ២នាក់ម្តាយ។ លុះម្តាយមើលថែយើង ដល់ថ្នាក់ដួលសន្លប់ នាងក៍សម្រេចចិត្តឲ្យលោក វិលទៅផ្ទះ។ រីឯនាង ស៊ូទ្រាំបាន ដោយបានខាងបងប្អូន ដែលគេព្យាបាលក្បែរនាងជួយខ្លះទិញ ម្ហូបអាហារ ហុចនេះហុចនោះរហូតជាកម្លាំងចិត្តមួយ។ ធ្លាប់លំបាក ច្រើនកាលពីមុន ក៍គិតថា បើអស់ជីវិតក៏ល្អ តែយកការគិតមកដាក់ខ្លួន ព្រោះយើងនៅមានឪពុកម្តាយ បងប្អូន ស្រឡាញ់ ហើយលើលោកនេះបើនិយាយពី អ្នកលំបាកក៏មានច្រើន ទើបនាងដកចិត្តចេញវិញ ហើយខំជំនះឲ្យខ្លាំងមកវិញ។ ឆ្លងកាត់រឿងនេះ នាងមានតែទុកជាបទពិសោធន៍ ដល់បងប្អូនដែលបាក់ទឹកចិត្ត ពិសេសស្ត្រីយើង គួរកុំគិតមួយពេលៗត្រូវគិតឲ្យដិតដល់រឿងអ្វីមួយ។ រាល់ការលំបាក ត្រូវចេះរកមនុស្សជិតដិត ពិភាក្សា ឬចេញទៅខាងក្រៅ ប្តូរបរិយាកាសទើបល្អ។

មកទល់ពេលនេះ ស្រីណេត បានក្លាយជាតារាសម្តែង ដោយបានថតជាតួអង្គមួយចំនួន។ ក្រៅពីជាតួសម្តែង និងឆ្លៀតថតម៉ូដសំអាងការ ហើយក៍ជាគ្រូបង្ហាត់ហាត់ប្រាណដ៏ជំនាញម្នាក់ ដែលនាងស្រឡាញ់ និងមិនអាចចោលបាន ដោយសារការហាត់ប្រាណនេះហើយទើប នាងស្អាត និងមានរាងល្អដូចសព្វថ្ងៃ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម














