CAMSOC-ភ្នំពេញ ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានសហព័ន្ធកីឡា វា.យកូនគោលកម្ពុជា បានមានប្រសាសន៍ថា កាលមានសង្គ្រាម កម្ពុជា និងវៀតណាម បានកៀកស្មាគ្នាវាយបណ្តេញខ្មាំងសត្រូវគ្រប់ទិសទី ដល់ពេលកម្ពុជាមានសុខសន្តិភាព ក្រោមការដឹកនាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកកម្ពុជា យើងនាំគ្នាលេងកីឡា ដើម្បីបញ្ជាក់អំពីមិត្តភាពដ៍ល្អប្រពៃលើគ្រប់វិស័យទាំងអស់ ។

សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងបែបនេះ ក្នុងពិធីបិទការប្រកួតកីឡាវា.យកូនគោលមិត្តភាពរវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាម នៅទីលានវាយកូនគោល Garden City កាលពីថ្ងៃចុងសប្តាហ៍កន្លងទៅ ។ សម្តេចពិជ័យមានប្រសាសន៍ថា ការប្រកួតនេះ គឺអបអរសាទរខួបលើកទី ៧៧ឆ្នាំ នៃការបង្កើតកងទ័ពប្រជាជនវៀតណាម និងអបអរសាទរពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ ជាផ្លូវការវិមានពហុកីឡដ្ឋានជាតិមរកតេជោផងដែរ ស្របពេលកម្ពុជា មានសន្តិភាព ពិសេសការទប់ស្កាត់ជំងឺកូវីដ-១៩ មានលក្ខណៈល្អប្រសើរ តាមរយៈការដាក់ចេញនូវយុទ្ធសាស្រ្ត និងវិធានការនានា ប្រកដដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន បានសម្រេចបើកប្រទេសឡើងវិញ ដើម្បីស្តារសេដ្ឋកិច្ចជាតិ តាមរយៈការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ។
សម្តេចពិជ័យសេនាបន្ថែមថា ព្រឹត្តិការណ៍នេះ ក៏ជាសកម្មភាពមួយចូលរួមចំណែក ជួយបំផុសជម្រុញឲ្យកីឡាវា.យកូនគោល នៅកម្ពុជារីកចម្រើន ដើម្បីឈានទៅធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ប្រកដដោយជោគជ័យ ។ ម្យ៉ាងវិញទៀត ការប្រកួតមិត្តភាពនេះ បានបង្ហាញអំពីការយកចិត្តទុកដាក់គាំទ្រចំពោះវិស័យកីឡាវាយកូនគោល ដែលជាវិញ្ញាសាមួយ ក្នុងចំណោមវិញ្ញាសា នៅស៊ីហ្គេម ឆ្នាំ២០២៣ ។

ឯកឧត្តម ង្វៀន ហ៊ុយតាំង ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានលើកឡើងថា ព្រឹត្តិការណ៍ប្រកួតវា.យកូនហ្គោលមិត្តភាពនេះ គឺជាសកម្មភាពមួយបង្ហាញអត្ថន័យយ៉ាងជ្រាលជ្រៅ ស្តីអំពីចំណងមិត្តភាព សាមគ្គីភាពយ៉ាងជ្រាលជ្រៅរវាងកងទ័ពប្រទេសទាំង២ ។ តាមរយៈការប្រកួតនេះវាបានផ្សារភ្ជាប់ទំនាក់ទំនង ប្រទេសទាំង២កាន់តែស្អិតរមួតបន្ថែមទៀត ក្នុងនាមជាប្រទេសភូមិផងរបងជិតគ្នា ។
សម្រាប់លទ្ធផលវិញ លេខ១ ក្រុមសម្តេចពិជ័យសេនា ទៀ បាញ់ ឯកឧត្តម ឥត សារ៉ាត់ និងឯកឧត្តម លី កុសល ។ លេខ២ ក្រុមឯកឧត្តម អ៊ុក ឃ្នួច ឯកឧត្តម សោម បូរីរក្ស, លេខ៣ បានទៅក្រុម លោក ង្វៀន ថាញ់ជីញ លោក ហ្វុង វ៉ាន់ហ៊ីវ និងលោក ង្វៀន ធៀនលឿង និងលេខ៤ បានទៅក្រុមឯកឧត្តម ប៉ែន សុក្រិត្យវិទ្យា និងឯកឧត្តម ឡាត់ សិលា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី











