CAMSOC-ភ្នំពេញ ៖ សហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានរៀបចំមហាសន្និបាតបញ្ចប់អាណត្តិចាស់ (ទី៦) ឆ្នាំ២០១៧-២០២១ និងបន្តអាណត្តិថ្មីទី៧ ឆ្នាំ២០២១-២០២៥ នៅព្រឹកថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២១ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ដោយឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានអាណត្តិចាស់ទទួលបានការគាំទ្រដឹកនាំបន្តជាប្រធានសហព័ន្ធអាណត្តិថ្មីជាបន្តទៀត។

មហាសន្និបាតសម្រេចបាននូវសមាសភាព គណៈកម្មាធិការប្រតិបត្តិ សរុបចំនួន១៧រូប ក្នុងនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធាន និងអនុប្រធានទី១ ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត ដួង ហេង និងអនុប្រធានទី២ លោក តែ សុខហុង អមដោយអនុប្រធាន៥រូប និងលោក ស៊ុន សុទ្ធារិទ្ធ ជាអគ្គលេខាធិការ ព្រមទាំងសមាជិកមួយចំនួនទៀត។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធបានរាយការណ៍ជូនពីស្ថានភាពលំបាក និងផលវិជ្ជមាន ដែលជាសមិទ្ធផល ដែលសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុចាបានប្រឹងប្រឹងបន្តដំណើរការអភិវឌ្ឍពេញ១អាណត្តិកន្លងទៅនេះ។ បច្ចុប្បន្នភាព សហព័ន្ធមានក្លិប-សមាគម ក្រុមហ៊ុន សាលារៀន សរុបចំនួន ២៤ មានកីឡាករ កីឡាការិនីជាង ១៧០នាក់។ បច្ចុប្បន្ន សហព័ន្ធក៏មានមន្ត្រីអាជ្ញាកណ្តាល ចំនួន ២៥ រូប អាជ្ញាកណ្តាលអន្តរជាតិ១រូបផងដែរ។ ជាមួយគ្នានេះ សហព័ន្ធក៏បានរៀបចំបង្កើតគណៈកម្មការបច្ចេកទេស ក្នុងគោលបំណងអភិវឌ្ឍបច្ចេកទេស ក្នុងការហ្វឹកហាត់ និងការរៀបចំការប្រកួតនានា ជាលក្ខណៈជាតិ និងអន្តរជាតិ ព្រមទាំងសកម្មភាពការងារជាច្រើនទៀតផងដែរ។

ក្នុងនាមប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជា អាណត្តិថ្មី ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្តេជ្ញាចិត្តខ្ពស់ក្នុងការបន្តបេសកកម្មថ្មីៗបន្តទៀត ជាពិសេសគឺដំណើរអភិវឌ្ឍឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ ការប្រកួតកីឡា ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។ ឯកឧត្តមសម្តែងក្តីរីករាយក្រៃលែង និងមានកិត្តិយស ដែលសមាជិកគណៈកម្មាធិការប្រតិបត្តិសហព័ន្ធទាំងអស់ បានផ្តល់ទំនុកចិត្តដ៏ខ្ពង់ខ្ពស់ ក្នុងការបោះឆ្នោតជូនឯកឧត្តមមកបន្តដឹកនាំសហព័ន្ធ អាណត្តិទី៧នេះ។
ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ មានប្រសាសន៍ថា អាណត្តិទី៧នេះ គឺជាអាណត្តិយុទ្ធសាស្ត្រដ៏សំខាន់បំផុត ក្នុងអំឡុងដែលព្រះរាជណាចក្រកម្ពុជាត្រៀមឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះការប្រកួតកីឡា SEA GAMES លើកទី៣២ ឆ្នាំ២០២៣។ ដើម្បីជាការឆ្លើយតបទៅនឹងទំនុកចិត្តនេះ ឯកឧត្តមបានប្តេជ្ញាចិត្តខ្ពស់ ដើម្បីជំរុញឲ្យទទួលបានលទ្ធផលល្អប្រសើរ ជាពិសេសឲ្យទទួលបានជោគ ជ័យក្នុងការប្រកួតកីឡា SEA GAMES លើក លើកទី៣២ ឆ្នាំ២០២៣។
សូមបញ្ជាក់ថា នៅក្នុងមហាសន្និបាតនេះ ក៏ទទួលបានការផ្តល់កិត្តិយសជាសក្ខីភាពពីឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកម្ពុជាតំណាងឯកឧត្តមបណ្ឌិត ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកម្ពុជា និងឯកឧត្តម អ៊ុក សិទ្ធិជាតិ អគ្គនាយកកីឡាតំណាងក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី










