ភ្នំពេញ ៖តារាចម្រៀងនាង វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍មួយ ដែលខ្លួនមិនធ្លាប់គិត ចាប់តាំងពីនាងតែងគិតចង់ចាកចេញពីអាជីពសិល្បៈ ក្រោយពើបប្រទះរឿងអាស្រូវកន្លងមក។
យ៉ាងណា តារារូបនេះហាក់ភ្ញាក់ខ្លួនឡើងវិញ ក្រោយនាងបានឃើញមហាជន ជាពិសេសបណ្តាអ្នកគាំទ្រ នៅបន្តការគាំទ្ររូបនាងដដែល។
វ៉ាន់ នីឡា បានបង្ហាញអារម្មណ៍ដូច្នេះថា ខ្ញុំធ្លាប់ប្រាប់ខ្លួនឯងថា ខ្ញុំចង់ចាក់ចេញពីកន្លែងនេះ ខ្ញុំចង់ចាកចេញពីកន្លែង ដែលធ្លាប់មានគេស្គាល់ខ្ញុំថាជា” វ៉ាន់នីឡា “ ។

នាងថា ហេតុអី បានជាខ្ញុំមើលស្រាលសេចក្តីស្រលាញ់របស់អ្នកទាំងអស់គ្នាយ៉ាងនេះ .. ?ហេតុអីក៏ខ្ញុំមានគំនិតចង់បោះបង់អ្នកទាំងអស់គ្នា ទាំងដែលអ្នកកំពុងតែរង់ចាំឲ្យខ្ញុំត្រឡប់មកវិញ ?។
ខ្ញុំអាត្មានិយមណាស់ តែងតែគិតថាគេស្អប់ ថ្ងៃនេះទើបខ្ញុំដឹងថា ការគិតយល់ច្រឡំថាគេឈប់ចូលចិត្តខ្លួន គឺវាផ្ទុយស្រឡះពីការពិត . អរគុណបំផុត ដែលមិនដែរចាប់ទោសពៃរ៍ អរគុណដែលមិនធ្លាប់ស្អប់ខ្ញុំ។
ការបង្ហាញអារម្មណ៍ខាងលើរបស់ វ៉ាន់ នីឡា នាពេលនេះបានធ្វើឡើង បន្ទាប់ពីនាងបានបង្ហាញខ្លួនបង្ហើរសំនៀងជាថ្មី នៅលើឆាកតន្ត្រី នៃការផ្សព្វផ្សាយ ផលិតផលកាលពីពេលថ្មីនេះ។

ការបង្ហាញខ្លួនជាថ្មីនេះ វ៉ាន់ នីឡា នៅតែមានការគាំទ្រដដែល នៅពេលដែលនាង បានបកស្រាយបទចាស់ៗ ដែលធ្លាប់ទទួលការគាំទ្រកន្លងមក។
ការមើលឃើញពីការគាំទ្រនេះ អាចនឹងជំរុញឲ្យ វ៉ាន់ នីឡា នឹងវិលមកអាជីពចម្រៀង របស់នាងជាថ្មីឡើងវិញ ក្រោយអាក់ខាន ដោយសារជួបរឿងអាស្រូវ កាលពីប៉ុន្មានឆ្នាំកន្លងទៅ។
កន្លងមកលោក សុខ ជំនោរ ដែលជាបងប្រុសបង្កើតរបស់ វ៉ាន់ នីឡា ធ្លាប់បានលើកឡើងថា ប្អូនស្រីរបស់លោក នឹងវិលមកកាន់អាជីពចម្រៀង ជាថ្មីឡើងវិញ បន្ទាប់ពីខកខានមួយរយៈមកនេះ។

លោកបញ្ជាក់ថា លោកបានត្រៀមបទចម្រៀងសម្រាប់ វ៉ាន់ នីឡា រួចរាល់ហើយដែរ ខណៈពេលដែលការវិលត្រឡប់ របស់ប្អូនស្រីរបស់លោកនោះ គឺនៅក្នុងផលិតកម្មថ្មីមួយ។
ទោះជាយ៉ាងណា រហូតមកទល់នាពេលនេះ គេនៅមិនទាន់ឃើញ វ៉ាន់ នីឡា ចេញបទថ្មីដូចការរំពឹងទុកនៅឡើយទេ ប៉ុន្តែតារារូបនេះ បានចេញមុខជាបណ្តើរៗ ឡើងវិញហើយ ក្នុងរយៈពេលប៉ុន្មានចុងក្រោយនេះ៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











