ភ្នំពេញ ៖ មកទល់ពេលនេះ ស្នេហារបស់យក់ ឋិតរដ្ឋា និង លោក ឃុំ ប៉ុណ្ណាដែត ហាក់នៅតែទទួលបាន សញ្ញាល្អដដែល។ បើទោះជាពួកគេ មានកូនដល់ទៅ៣រូប តែផ្នែកស្នេហារបស់អ្នកទាំង២ នៅតែល្អ។ នេះជាគម្រូស្នេហាមួយ ដែលមិនអាចមើលរំលង ដោយសារភ្ជាប់ស្នេហ៍ តាំងពីនៅយុវវ័យ រហូតដល់មានកូនចៅ នៅតែអាចបន្តទៅមុខទាំងញញឹម។

ស្នេហាអ្នកសិល្បៈមួយគូនេះ ត្រូវបានខាង សង្គមសិល្បៈលើកសរសើរថា គម្រូព្រោះសិល្បៈដូចគ្នា ហើយចងសម្ព័ន្ធជាប្តីប្រពន្ធ បានយ៉ាងល្អកម្រមាន។ បែបនេះហើយ ទើបឲ្យតែ នឹកដល់ស្នេហាតារា សិល្បៈបានគ្នា គេនឹកឃើញលោកឃុំ ប៉ុណ្ណាដែត និង រដ្ឋាច្រើនជាងគេ។ អ្នកទាំង២ អាចមានយុទ្ឋសាស្ត្រ ចងស្នេហាឲ្យនៅបានល្អ ទើបមិនអាចប្រេះស្រាំបាន ហើយរិតតែប្រសើរ កាន់តែយូរកាន់តែល្អូកល្អិនដាក់គ្នា ទ្វេរដងពិតជាពិសេសបំផុត ។

អ្នកនាង យក់ ឋិតរដ្ឋា បានបញ្ជាក់ថា ជីវិតប្តីប្រពន្ធមិនអត់ទាស់ទែងគ្នានោះទេ ហើយកាន់តែមានកូន កាន់តែបែងចែក និងធ្វើអារម្មណ៍ឲ្យល្អ បំផុតសម្រាប់មាគ៌ាមួយនេះ។ យើងត្រូវចេះ សម្របសម្រួលគ្នា ធ្វើបែបណាឲ្យបញ្ហា តូចកុំបំបែកអោយធំ នោះមិនល្អឡើយ។ ភាពល្អ បើសិនប៉ះសម្តីគ្នា ត្រូវចេះរំលឹក ឡើងវិញ រូបភាពល្អៗ មកដាក់ពីមុខនោះច្បាស់ជាដើរទៅមុខបាន។ ស្នេហានេះ មិនអស្ចារ្យជាងគេនោះទេ សំខាន់យើងល្អដាក់គ្នា មិនមែនដើម្បីអ្នកណាគឺដើម្បីតែគ្រួសារយើង។ រហូតមកទល់ពេលនេះ យក់ ឋិតរដ្ឋា នៅតែបន្តសិល្បៈ ហើយក៏ផ្តើមលេចធ្លោឡើងវិញ ក្រោយផ្ទុះបទចម្រៀងមួយចំនួនចុងក្រោយនេះ។ ឯស្វាមីនាង មិនអាចវិលមកច្រៀងបានទេ ព្រោះងាកទៅធ្វើការ និងចាប់អាជីពផ្នែកជំនួញ។ រដ្ឋាលើកឡើងថា កូន៣នាក់គឺឈប់តាមយកហើយ ព្រោះពពោះ មិនងាយស្រួលទេ ហើយបំណងចង់បានកូនស្រីក៍ បានដូចចិត្ត។ ដូចនេះគ្រប់គ្រាន់សម្រាប់ គ្រួសារមួយនេះ ដែលផ្តើមពីរៀបការមក៕ រក្សាសិទ្ធិដោយ ៖ ឧត្តម













