ភ្នំពេញ ៖ មែនទែនទៅ អតីតតារាសម្តែង កែវ ពេជ្រពិសី ទើបតែមានងារជាអ្នកមានគូដណ្តឹងប៉ុណ្ណោះ ដោយមិនទាន់រៀបការនោះទេ។ ស្របពេលដែលនាង មានកូនមុនការផងនោះ រិតតែធ្វើឲ្យ ពិសីលែងចង់ចូលរោង ដោយសំអាងថា មានចាស់ទុំដឹងឭហើយ មានការគោរពពិធី តាមប្រពៃណីរួចរាល់។

ទោះជាស្ថានភាពកូវីដកាន់តែថមថយ ហើយមង្គលការទាំងឡាយ ត្រូវបានរាជរដ្ឋាភិបាលបើកឲ្យដំណើរការវិញក្ដី ប៉ុន្ដែរហូតមកដល់ពេលនេះកែវ ពេជ្រពិសី មិនទាន់រៀប គម្រោងរៀបការជាមួយស្វាមីនាងលោកពៅ សម្បត្តិ អាណិកជនខ្មែរ មកពីកាណាដានោះទេ បន្ទាប់ពី ពួកគេបានឆាចោលមង្គលការជាបន្ទាន់ កាលពីពាក់កណ្ដាលឆ្នាំ២០២០ ដែលពេលនោះ ដោយសារតែ ស្ថានភាពកូវីដផ្ទុះខ្លាំងពេក។ ពេជ្រពិសី មិនប្ដូរចិត្តឡើយ ដោយនាងថាក្រោយ សម្រាលកូនជាង៣ខែនេះនាងគ្មាន គម្រោង រៀបការជាលើកទី២នោះទេ។ចំណុចដែលធ្វើឲ្យពេជ្រពិសី លែងចង់គ្រងឈុតកូនក្រមុំម្ដង ទៀតនោះដោយ នាងអះ អាង ថាបើរៀបការគឺចង់ធ្វើមុនសម្រាលកូន តែបើមានកូនហើយនាងមិនចង់ឡើយ។ រឿងដែលពិសី ថារឹតតែមិនចាំបាច់ ធ្វើពិធីរៀបអាពាហ៍ពិពាហ៍សម្រាប់ជីវិតប្ដីប្រពន្ធនាង ថែមទៀតនោះគឺទាំងនាងនិង ស្វាមីសុទ្ធតែ បានឆ្លងកាត់ជីវិតរៀបការម្ដង រួចហើយដូចគ្នា និងពិសេសថែមទៀតគឺមុនពពោះយកកូននេះនាង និងប្ដី ក៏ បានចុះអេតាស៊ីវិលរួចរាល់ហើយដែរ។

កែវ ពេជ្រពិសី បានលែងលះអតីតប្ដីលោកចន្ថា ស្រី អាណិកជនខ្មែរមកពីអូស្រា្ដលី កាលពីឆ្នាំ២០១០ ពោលគឺក្រោយរៀបការ ហើយ ភ្លាមៗតែម្ដងទើបធ្វើឲ្យមាន រឿងចម្រូងចម្រាសជាច្រើន។ ដោយសារតែធ្លាក់ខ្លួនមេម៉ាយសឹងតែមិនគូឲ្យជឿទើប ពេជ្រ ពិសី ហាក់ខ្លាចក្នុងការ ភ្ជាប់ស្នេហ៍ថ្មី ព្រោះខ្លាចដើរជាន់ដានចាស់ ធ្វើឲ្យនាងទុកជីវិតជាស្រី្ដមេម៉ាយជាង១០ឆ្នាំ ហើយ ទើប តែនៅ ថ្ងៃទី១៧ខែឧសភាឆ្នាំ២០២០ ពិសី ព្រមភ្ជាប់ពាក្យជាមួយលោកពៅ សម្បត្តិ ហើយនាងសម្រាលកូនដំបូង ដោយវះកាត់ កាលពីថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០២១ ដោយដាក់ឈ្មោះ ថា ”Dura”។ ពេជ្រពិសី ថាក្រោយមានស្វាមីនិងកូនប្រុស១នេះ ជីវិតនាងមានការផ្លាស់ប្ដូរ ស្ទើតែ ទាំងស្រុង ពិសេសគឺបំណងនាងបានសម្រេច ព្រោះនាងគ្មានមហិច្ឆតាធំនោះទេ គឺគ្រាន់តែចង់ មានគ្រួសារ១ មានប្ដីកូន ដូចគេរស់នៅជុំគ្នាឥឡូវនាងអាចធ្វើបានហើយ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











