ភ្នំពេញ ៖ បើទោះបីបានសាងកសាងទំនាក់ទំនងស្នេហាក្រៅឆាក យ៉ាងល្អអស់រយៈពេលកន្លះឆ្នាំហើយក្តីប៉ុន្តែគូស្នេហ៍អ្នកសិល្បៈមួយគូ គឺលោក ជា លាងឈែ និង នួន ណាតាយ៉ា នៅមិនទាន់កំណត់ថា នឹងដឹកដៃគ្នាចូលរោងការនៅពេលណានៅឡើយទេ។

តារាសម្តែងលោក ជា លាងឈែ បានទទួលស្គាល់ពីទំនាក់ទំនងរវាងរូបលោក និង ណាតាយ៉ា លើសពីដៃគូសម្តែង ក្រោយពេលបានចាប់ដៃគូសម្តែងកាលពីកន្លងមក។
ជា លាងឈែ លើកឡើងថា លោកបានចាប់អារម្មណ៍ទៅលើ ណាតាយ៉ា ក្រោយពីលោកនឹងនាងបានធ្វើការរួមគ្នា កាលពីប៉ុន្មានខែកន្លងទៅ។
លោកបញ្ជាក់ថា លោកចូលចិត្ត ណាតាយ៉ា ដោយសារតែនាងមានអត្តចារិកស្រដៀងនឹងលោក គឺមិនចូលចិត្តនិយាយច្រើន និងមិនចេះលាក់លៀម។
យ៉ាងណាកម្លោះសង្សាររូបនេះបានបន្ថែមថា ពួកលោកបានស្វែងយល់ចិត្តគ្នាប្រមាណជាកន្លះឆ្នាំប៉ុណ្ណោះ ដោយពួកលោកបានចាប់អារម្មណ៍គ្នាទៅវិញទៅមក ក្រោយធ្វើការជាមួយគ្នា។

លោកបញ្ជាក់ថា ដំបូងឡើយ ណាតាយ៉ា មិនចង់មានស្នេហាជាមួយបុរសដែលជាអ្នកសិល្បៈដូចគ្នាឡើយ ប៉ុន្តែនៅពេលមានវត្តមានរូបលោកនោះ បានធ្វើឲ្យនាងបានផ្លាស់ប្តូរផ្នត់គំនិតនេះ ចោលវិញ។
ទោះជាយ៉ាងណា បើតាមលោក ជា លាងឈែ រហូតមកទល់ពេលនេះ រូបលោកនៅមិនទាន់គិតគូរឿងរៀបការនៅឡើយទេ ដោយសារលោកត្រូវពង្រឹងការងារសម្តែង និងការរកស៊ីជាមិនសិន៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











