ភ្នំពេញ ៖ អតីតតារាចម្រៀង ក្នុងជំនាន់អំឡុងឆ្នាំ២០០០ ជា ដេវីដ ដែលបាត់ដានឈឹងពីសង្គមសិល្ប:រាប់ឆ្នាំ ត្រូវបានសាច់ញាតិ និងក្រុមគ្រួសារ បង្ហាញថា បានទទួលមរណភាព ព្រោះជំងឺ។ នេះជាហេតុផលមួយដែលអ្នកធ្លាប់ទស្សនា ការសម្តែងរបស់លោក មានការភ្ញាក់ផ្អើល ហើយ នឹកមិនគួរសោះ ព្រោះលោក ស្រាប់តែបាត់ឈឹង ក្នុងដានសិល្បៈ ។ នៅទីបញ្ចប់ បែរជាបាត់បង់ ជីវិតចាកចែកឋានទៅវិញ។

កន្លងមក លោក ជា វណ្ណារិទ្ឋ ដែលនៅបន្តការងារសិល្បៈ មិនដែលបង្ហាញនូវទិន្នន័យ តម្រុយអ្វីពី ស្ថានភាពបងប្រុសបង្កើតរបស់ខ្លួន ជា ដេវីដនោះទេ។ ការធ្លាក់ខ្លួនឈឺនេះ ត្រូវបានសាច់ញាតិ បន្តថែទាំព្យាបាល និងមើលយ៉ាងដិតដល់ និងមិនអាចស្រោចស្រង់បាន បើទោះជាខ្នះខ្នែងយ៉ាងណា។ អ្វីដែលសាច់ញាតិ មិនចង់បង្ហាញព្រោះមិនចង់ឲ្យមានការបង្ហាញពី ស្ថានភាពបែបណា។ ម្យ៉ាង ជា ដេវីដ ក៏លាឈប់ពីសិល្បៈ និងមិនចង់ឲ្យមានការលើកឡើងសុំជំនួយ ឲ្យតែលំបាក។ ទើបសម្ងំសម្រាកព្យាបាល មើលថែ តារាអភ័ព្ទនេះ តាមលទ្ធភាព ដែលអាចជួយបាន។

យោងតាមការបង្ហោះរបស់ពិធីករ បាយ័ន កាលពីព្រលប់ ថ្ងៃទី១០ មករា ឆ្នាំ២០២២ ជា វណ្ណារិទ្ឋ បានសរសេរថា « ដោយក្តីអាឡោះអាល័យ អាណិតបំផុត ចុងឆ្នាំ2021 និងដើមឆ្នាំ2022 គាត់ហូបលែងបាន ទឹកលែងចូល រហូតស្គមរីងរៃ ។ ពេលនេះបងប្រុសខ្ញុំ ដែលបងប្អូនធ្លាប់ស្គាល់ជាអតីតតារាចម្រៀង ជា ដេវីត បានទទួលមរណភាពហើយ ដោយជម្ងឺ ។ សូមវិញ្ញាណក្ខន្ធបងទៅកាន់សុគតិភព ជាតិណាៗ សូមកុំឲ្យអភ័ព្វដូចជាតិនេះទៀត សូមឲ្យកម្មពៀរទាំងឡាយ រសាយអស់ត្រឹមជាតិនេះចុះ »។ យ៉ាងណាមិញ អ្វីៗមានតែពាក្យ សោកស្តាយប៉ុណ្ណោះ ហើយសូមឲ្យដួងព្រលឹងរបស់ តារាចម្រៀង ដែលធ្លាប់ឲ្យមហាជនចូលចិត្ត បានទៅដល់ត្រើយសុខ និងឆាប់ចាប់ជាតិថ្មី ប្រកបដោយ កុសលផលបុណ្យល្អ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម












