ភ្នំពេញ ៖ មិនមែនជារឿង លេងសើចនោះទេ ព្រោះពន្លកស្នេហ៍ដែលរឹងមាំ បានលុះត្រាតែចេះយល់ចិត្តគ្នាទៅវិញទៅមក។ ចំពោះ ប្តីប្រពន្ឋគង់ វិសាល បានតស៊ូ គ្រប់យ៉ាងដើម្បីចំណងប្រាំប្រការ ។ បើទោះជាមានរឿងអ្វីក៍ដោយ មិនចោលគ្នា ហើយក្លាយជាគូស្នេហ៍គម្រូមួយទៀត សម្រាប់យុវវ័យសម័យថ្មី។

គូរស្នេហ៍ផលិតករ ឬ គូស្នេហាតារាសិល្បៈ ចំណងស្នេហ៍របស់ផលិតករ លោក គង់ វិសាល និង ភរិយា ក៏ពោរពេញដោយភាពផ្អែមល្ហែម និង មានសុភមង្គលខ្លាំងណាស់ដែរ។ លោក និង ភរិយា ក្រៅពីបង្កើតបានបុត្រាបុត្រី២នាក់ទុកជាចំណងដៃ ក្នុងស្ថានភាពរស់នៅលូយឆាយ យ៉ាងមានក្ដីសុខហើយ ក៏មិនធ្លាប់មានរឿងអាស្រូវក្នុងរយៈពេល១០ឆ្នាំនេះផងដែរ។ គិតត្រឹមថ្ងៃទី១៧ មករា នេះ លោក និង ភរិយា រៀបការបានរយៈពេល១ទសវត្ស៍ហើយ ខណៈនៅក្នុងថ្ងៃគម្រប់១០ឆ្នាំ លោកក៏បានបង្ហោះសារយ៉ាងចាក់ដោត បង្ហាញពីភាពរឹងមាំនៃចំណងស្នេហ៍ បើទោះជាមានកូនចៅឡើងចង់កំលោះក្រមុំអស់ទៅហើយា។

លោកបានសរសេរគួរអោយចាប់អារម្មណ៍ថា”Happy 10 years wedding anniversary 17 January 2012 17 January 2022 សភមង្គលគ្រួសារមិនអាស្រ័យលើភាពមានទ្រព្យសម្បត្តិ ហូរហៀរ ទើបបានហៅថា ជោគជ័យ និងគ្រួសារ មានសុភមង្គលនោះឡើយ … យើងទាំងពីរនាក់កាន់ដៃគ្នាកន្លងមក១០ឆ្នាំមកនេះ ក្តីសុខ ក្តីស្រឡាញ់ សុភមង្គល គឺកើតឡើងពី ការផ្តល់ពេលវេលាល្អៗ មនោសញ្ចេតនា កក់ក្តៅ រវាងប្តីប្រពន្ធ មនោសញ្ចេតនា ក្តីស្រឡាញ់ រវាងឪពុក ម្តាយ ចំពោះកូនៗ ជាពិសេសពេលវេលានៅក្បែរ មើលថែរគ្នា ដោយប្រើមនោសញ្ចេតនា ចេញពីបេះដូង ពិតប្រាកដ .. ទោះ បីជីវិតយើងមិនអស្ចារ្យ តែយើងរស់នៅ ពោរពេញ ក្តីសង្ឃឹម ភាពជឿជាក់ និងពោរពេញ ទៅដោយមោទនភាព ជានិច្ច ។ សូមឲ្យគ្រប់យ៉ាង ១០ ឆ្នាំ តៗទៅមុខទៀតឲ្យល្អ គាប់ប្រសើរជាង ១០មុនជានិច្ច ។ សុភមង្គលក្តីស្រឡាញ់ សម្រាប់គ្រួសារនិងមានពេលវេលាល្អ នៅក្បែរគ្នាជារឿងសំខាន់ណាស់”។

សាររបស់លោកមិនត្រឹមតែមានអ្នក ជូនពរក្នុងរង្វង់អ្នកសិល្បៈប៉ុណ្ណោះទេ តែក៏មានអ្នកខាងក្រៅសិល្បៈចែកចាយ និង សរសើរពីសុភមង្គល របស់លោកផងដែរ។ ការបង្ហាញពីភាពរឹងមាំ នៃចំណងអាពាហ៍ពិពាហ៍នេះ កាន់តែធ្វើឲ្យផលិតករល្បីឈ្មោះ របស់ទូរទស្សន៍បាយ័នរូបនេះ ទទួលបានការគោរពទ្វេរដង ស្របពេលដែលលោកក៏ត្រូវគេដឹងថា បានតស៊ូតាំងពីជាអ្នកចម្រៀងក្នុងសិល្បៈ រហូតក្លាយជាជំនួយការផលិតកម្មវិធី និង ចុងក្រោយបានក្លាយ ជាអ្នកដឹកនាំកម្មវិធីធំៗរបស់បាយ័ន ដែលមានអ្នកសិល្បៈ គោរពស្រឡាញ់ស្រាប់ និងមិនដែលលេចឮរឿងអាស្រូវ ជាមួយអ្នកសិល្បៈជាកូនចៅ ចាប់តាំងពីបានឡើងតំណែង និង កាន់កម្មវិធីធំៗរបស់បាយ័ន៕ រក្សាសិទ្ធិដោយ ៖ ឧត្តម











