ភ្នំពេញ ៖ ដើម្បីចូលរួមថតបទបែបប្រវត្តិសាស្ត្រមួយជូនថ្នាក់ដឹកនាំ តារាសម្តែងនាង ឌួង ហ្ស៊ូរីដា បានដាច់ចិត្តលះបង់កាត់សក់វែងរបស់ខ្លួន ដែលបានខំថែអស់ រយៈពេលជាង២០ឆ្នាំ ឲ្យមកខ្លីស្របតាមតួអង្គពិតៗ។
តារារូបនេះត្រូវបានគេដឹងថា បានចូលរួមថតបទចម្រៀងដែលនបទ ជីវិត្តក្មេងវត្ត ដែលជាបទនិពន្ធឡើងតាមសាច់រឿងពិត របស់សម្តេចតេជោប្រមុខដឹកនាំ ហើយត្រូវបានថតជាថ្មីឡើងវិញ ក្រោមការដឹកនាំដោយលោក ហ្វៃ សំអាង។

ឌួង ហ្ស៊ូរីដា ថា ការលះបង់សក់ដែលនាងស្រឡាញ់ និងខំថែមកជាយូរនេះគឺជាការស្ម័គ្រចិត្តរបស់នាងទាំងស្រុង ពោលមិនមែនជាការបង្ខិតបង្ខំនោះឡើយ។
តាមរយៈសំណេរដែលបានបង្ហោះតាមហ្វេសប៊ុក ឌួង ហ្ស៊ូរីដា បានលើកឡើងថា ខ្ញុំបានលះបង់វត្ថុមានតម្លៃនៃខ្លួនរបស់ខ្ញុំផ្ទាល់ គឺ(សក់) ដែលខ្ញុំស្រឡាញ់បំផុត ដើម្បីបទចម្រៀងប្រវត្ថិសាស្រ្តមួយនេះ ជីវឹតក្មេងវត្ត ដែលជាស្នាដៃនិពន្ធនិងជារឿងជីវឹតពិតដ៏កម្សត់របស់សម្តេចពុកតេជោ។

នាងបញ្ជាក់ថា រយៈពេល ២៣ឆ្នាំដែលខ្ញុំទុកសក់វែងត្រឹមចង្កេះរហូត តាំងពីសម័យរៀននៅវិទ្យាល័យព្រះស៊ីសុវត្តិ ថ្នាក់ទី១២ ហើយក៏មិនធ្លាប់កាត់សក់រហូតដល់ចូលធ្វើការ និង ប្រលូកក្នុងវិស័យសីល្បៈ ។ ប៉ុន្តែថ្ងៃនេះ ត្រូវកាត់សក់ឲ្យខ្លី ដើម្បីទទួលការសម្តែងជាតួម្តាយរបស់ថ្នាក់ដឹកនាំកំពូល ជាការទទួលយក មិនមែនបង្ខំ ប៉ុន្តែជាមោទនភាព ក្នុងការចូលរួមសម្រាប់បទចម្រៀងប្រវត្តិសាស្រ្តមួយនេះ។
អរគុណលោកពូ Fay SamAng និង អ្នកបង Chanlakhena Chornសម្រាប់ការផ្តល់ឱកាស ក្នុងការសម្តែងតួអង្គដ៏សំខាន់ នៃបទចម្រៀងប្រវត្តិសាស្រ្តមួយបទនេះ។
នាងបញ្ជាក់ថា អរគុណសន្តិភាព ដែលផ្តល់ឱកាសឲ្យខ្ញុំអាចតបស្នងក្នុងការងារប្រវត្តិសាស្រ្ត ទុកជាស្នាដៃសម្រាប់ក្មេងជំនាន់ក្រោយ៕
រក្សាសិទ្ធិដោយ ៖ សំណាង SV










