ភ្នំពេញ ៖ អតីតតារាសម្តែងលោក ស៊ុក សុភា ត្រូវបានគេដឹងថា លោកបានវិលមក ស្នាក់នៅស្រុកខ្មែរមួយរយៈហើយ បន្ទាប់ពីលោកកើតមានទំនាស់ ជាមួយភរិយានៅក្នុងប្រទេសអូស្ត្រាលី ខណៈពេលដែលតារារូបនេះ ក៏បានចាប់ផ្តើមមុខរបររកស៊ីនៅក្នុងកំណើតផងដែរ។

យ៉ាងណាមេញការវិលមកស្រុកខ្មែរជាថ្មីរបស់លោក ស៊ុក សុភា នាពេលនេះគេនៅមិនបានឃើញកូនរបស់លោកមកជាមួយឡើយ ដែរនោះជាហេតុនាំឲ្យគេយល់ឃើញថា ភរិយារបស់លោកទំនងជាហួងហែង ឃាត់ឃាំងមិនឲ្យកូនមកតាមលោកនៅស្រុកខ្មែរនោះឡើយ។
ពាក់ព័ន្ធបញ្ហានេះតារាសម្តែងតួនេនទុំលោក ស៊ុក សុភា បានលើកឡើងថា មូលហេតុដែលកូនមិនមកស្រុកខ្មែរ ជាមួយលោកនាពេលនេះ គឺដោយសារកូនរបស់លោកមិនចង់មកខ្លួនឯង ពោលមិនមានការហាមឃាត់ណាមួយ ពីភរិយារបស់លោកនោះឡើយ។
លោកបញ្ជាក់ថា កូនរបស់លោកគាត់មិនចង់មកស្រុកខ្មែរឡើយ ដោយសារគាត់ពិបាកទម្លាប់រស់នៅក្នុងស្រុកខ្មែរ ក្នុងពេលដែលពួកគាត់បានធំធាត់ឡើងនៅស្រុកគេ ហេតុនេះគាត់មានទម្លាប់ តែរស់នៅស្រុកគេប៉ុណ្ណោះ ប៉ុន្តែគាត់ក៏ធ្លាប់មកស្រុកខ្មែរដែរ។

លោកថា កូនៗរបស់លោកធ្លាប់មកស្រុកខ្មែរ ២ លើកមកហើយ ប៉ុន្តែលើកនេះពួកគាត់មិនចង់មកឡើយ បើទោះបីជាលោកបានបបួលពួកគាត់ មកជាមួយក៏ដោយ ហេតុនេះលោកមិនបង្ខំឲ្យមកគាត់មកដែរ ណាមួយរដូវកាលនេះពួកគាត់ ក៏បានឈប់សម្រាកពីការសិក្សាផង។
យ៉ាងណា បើតាមលោក ស៊ុក សុភា នៅក្នុងប្រទេសអូស្ត្រាលី កូនៗរបស់លោកគឺទទួលបានការមើលថែបានយ៉ាងល្អពីភរិយារបស់លោក ខណៈពេលដែលលោកបានមកស្រុកខ្មែរ ដើម្បីបើកមុខរបររកស៊ីផ្ទាល់ខ្លួន និងមានការងារត្រូវបំពេញមួយចំនួនទៀត។

គួបញ្ជាក់ថា លោក ស៊ុក សុភា និងភរិយានាង សាណា បានកើតមានរឿងប្រទះទិសគ្នា រហូតភរិយារបស់លោកបាន ប្រកាសជាសាធារណៈ ផ្តាច់ទំនាក់ទំនង ជាប្តីប្រពន្ធជាមួយលោក ស៊ុក សុភា បន្ទាប់បានរស់នៅជាមួយគ្នា អស់ជាច្រើនឆ្នាំលើទឹកដីអូស្ត្រាលី។
ក្រោយពេលមានទំនាស់នោះមក លោក ស៊ុក សុភា បានរើវ៉ាលីសវេចខោអាវ ឡើងយន្តហោះវិលមកស្រុកកំណើតវិញតែម្នាក់ឯងគត់ ដោយគ្មានវត្តមានកូនណាមួយ មកជាមួយនឹងរូបលោកឡើយ។ យ៉ាងណា មួយរយៈនេះគេក៏បានសង្ស័យថា រូបលោកនឹងភរិយាទំនងជាត្រូវរ៉ូវគ្នាវិញហើយ ក្នុងពេលដែលគេបានឃើញលោក បានបង្ហោះរូបភាពឆ្លើយឆ្លង តាមរយៈវីដេអូកាលពីពេលថ្មីៗ ក្នុងពេលដែលលោក ស៊ុក សុភា ក៏នៅតែហៅភរិយាពេញៗមាត់ដដែល៕ រក្សាសិទ្ធិដោយ ៖ សំណាងSV







