ភ្នំពេញ ៖ ជារឿងនឹកស្មានមិនដល់មួយ របស់តារាចម្រៀង និយមច្រៀង ស្ទីលសំឡេង ប៉ែន រ៉ន បែរជាទម្លាយខ្ទេច អំពីជីវិតកម្សត់រស់នៅ ម្នាក់ឯង ហើយត្រូវការ អ្នកជំនិតម្នាក់ជាទីប្រឹក្សាយោបល់ក៏គ្មាន។ ជីវិតឯការមួយនេះ បានដិតដាម នៅក្នុងខ្លួនអស់ជាច្រើនឆ្នាំ និងសោកសៅបំផុត ពេលអត់ពីម្តាយរិតតែកណ្តោចកណ្តែង។

រ៉ូលីន បានយំអាណិតខ្លួន ដែលអ្នកដឹងរឿងភ្ញាក់ផ្អើលបំផុត ព្រោះធ្លាប់តែធ្វើអោយគេ សើចសប្បាយតែជីវិត ក្រៅឆាកដុតដោយ សភាពឯការលើសស្មាន។ រ៉ូលីន និយាយថា ជីវិតរបស់ខ្លួន ដែលពោរពេញដោយស្នាមសំណើចនេះ មិនដូចអារម្មណ៍ក្នុងចិត្តឡើយ។ គ្រប់ពេលដែលត្រឡប់ទៅផ្ទះវិញ គឺស្មុគស្មាញផ្លូវចិត្ត ដោយសារ គ្មានមនុស្សជាទីស្រឡាញ់នៅក្បែរ។ ពីមុនមានម្តាយ តាមសួរនាំមកផ្ទះវិញ ពេលណា ម្តាយចាំបើកទ្វារ ។ បើមានរបស់អ្វីទិញផ្ញើ អ្នកផ្ទះសប្បាយចិត្ត ហើយរិតតែមានក្តីសុខ។ ប៉ុន្តែពេលនេះ សភាពដែលយើង មានកន្លងមក បានបាត់បង់ ជំនួសដោយការធ្វើអ្វី សម្រេចអ្វីគឺខ្លួនឯងទាំងអស់។ ជួន ច័ន្ទកក្កដា ហៅរ៉ូលីន លើកឡើងទៀតថា ខ្លួនរមែងចេញមកក្រៅផ្ទះអោយ តែស្មុគចិត្ត ខ្លាចនៅតែក្នុងផ្ទះគិត រវើររវាយ ផ្តេសផ្តាស់ ។ ឲ្យតែពិបាកចិត្ត តេហៅ មិត្តជិតដិតបំផុត មកឲ្យជួយនិយាយគ្នា ហើយរកកន្លែង ដែលមានខ្យល់ បរិសុទ្ឋដើម្បីប្តូរយកអារម្មណ៍ល្អៗមកវិញ។

មនុស្សជាច្រើន គិតថា រ៉ូ លីន អាចមានស្នេហា ជាមួយមនុស្សប្រុស ហើយអាចលង់ស្នេហ៍ ប្រុសឈ្មោលជាមិនខាន។ ប៉ុន្តែចំណុចនេះ រ៉ូ លីន មិនដែលខ្វល់ ឬចង់មានស្នេហាឲ្យច្បាស់ប្រាកដ ជាមួយប្រុសណាឡើយ តាំងពីដើមមក។ មានតែមិត្តភាព ហើយស្នេហា បែបនេះជាស្នេហ៍ក្លែងក្លាយ មិនបានផល។ អ្វីដែល រ៉ូលីនធ្វើ តាំងពីដើមមក គឺត្រូវខំរកលុយ ទុកដាក់ និងទិញជាផ្ទះសម្បែងឲ្យបានច្រើនតាមលទ្ឋភាព ជាងមកបំប៉នផ្លូវស្នេហា ៕ រក្សាសិទ្ធិដោយ ៖ ឧត្តម













