ភ្នំពេញ ៖ នៅទីបំផុតតារាចម្រៀងនាង វ៉ាន៉ នីឡា បានបង្ហាញមុខលើឆាកតន្ត្រីជាថ្មីឡើងវិញហើយ បន្ទាប់ពីនាងបានខកខានអស់ជាច្រើនឆ្នាំ ដោយសារញាំញីដោយសាររឿងអាស្រូវស្នេហា ដែលបានធ្វើឲ្យតារារូបនេះសម្ងំលាក់មុចគេចចេញពីការប្រឈមមុខជាមួយមហាជន។
នីឡា បានបង្ហាញមុខយ៉ាងរឹងមាំបង្ហើរសំនៀងរបស់ខ្លួន សម្រាប់អ្នកគាំទ្រដែលទន្ទឹងរងចាំមុខនាងអស់ជាច្រើនឆ្នាំ នៅលើឆាកតន្ត្រីដែលមានការផ្សាយបន្តផ្ទាល់ តាមកញ្ចក់ទូរទស្សន៍ PNN កាលពីយប់ថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២២ ក្នុងនោះនាងបានបកស្រាយចម្រៀងតាមសំណូមពរពីប្រិយមិត្តគាំទ្រ។

មិនបាននិយាយអ្វីច្រើនឡើយ នាឱកាសនោះ នីឡា ត្រឹមតែសម្តែងនូវក្តីសប្បាយរីករាយ និងអរគុណប្រិយមិត្តគាំទ្ររូបនាងទាំងអស់ ដែលនៅរងចាំរូបនាង ក្នុងពេលដែលនាងទើបមានឱកាសឡើងបង្ហាញវត្តមានបកស្រាយចម្រៀងលើឆាកតន្ត្រីជាថ្មីឡើងវិញនាពេលនេះ។
យ៉ាងណា គេសង្កេតឃើញថា តារារូបនេះនៅតែមានទឹកសំនៀងនៅដូចដើម ជាមួយនឹងរូបសម្រស់នៅតែមានភាពស្រស់ស្អាត ជាមួយនឹងការតុបតែងខ្លួននៅតែមើលទៅទាក់ទាញសម្រាប់យុវវ័យមិនចាញ់តារាថ្មីៗដែលកំពុងតែរះប្រជែងគ្នានោះឡើយ។
វ៉ាន់ នីឡា បានប្រកាសវិលចូលសិល្បៈម្តងទៀត ដោយបានថតបទចម្រៀងថ្មីៗមួយចំនួននៅក្នងផលិតកម្មលោក សុខ ជំនោរ ជាបងប្រុស ហើយការវិលចូលប្រឡូកលើកនេះក៏មិនមែនលំៗដែរ ព្រោះ វ៉ាន់ នីឡា បានប្រកាសថានឹងទទួលសម្តែងគ្រប់មិនថាស្ប៉តពាណិជ្ជកម្មឬ សម្តែងរឿងនោះឡើយ ។

វ៉ាន់ នីឡា ធ្លាប់បានបង្ហាញមុខជាលើកដំបូង ជាសារធារណៈ នៅផ្សារទំនើបអ៊ីអនកាលពីពេលកន្លងទៅ ក្នុងនោះដែរ ការឡើងច្រៀងជាលើកដំបូងដែលថ្ពាល់ពោរពេញទៅដោយទឹកភ្នែក ស្រែកច្រៀងស្ទើរមិនចេញពេលនេះ ធ្វើឲ្យនាង ទឹកភ្នែកបណ្តើរ និយាយបណ្តើរថា នាងមិននឹកស្មានថា ខ្លួនមានឱកាសបានមកឈរច្រៀងនៅទីនេះទេ ពេលខ្លះនាងដេកយំតែម្នាក់ឯង ដោយស្តាប់បទចម្រៀងចាស់ៗរបស់នាង រហូតធ្វើគិតថា មួយជីវិតនេះនាងមិនអាចមានឱកាសមកឈរច្រៀងនៅលើឆាកទៀតនោះទេ។

វ៉ាន់ នីឡា ធ្លាប់បានលើកឡើងថា នាងបានខកខានចូលសិល្បៈជិត៧ឆ្នាំហើយចាប់តាំងពីឆ្នាំ ២០១៥មកម្ល៉េ ហើយការមកវិញនេះ គឺចូលស៊ុបពេញទំហឹងតែម្ដង គឺយើងចាប់ផ្ដើមច្រៀង ថតបទច្រៀង ឡើងឆាកតន្រ្តី គឺយើងទទួលទាំងអស់ ហើយបទចម្រៀងថ្មីរបស់នាង ក៏បានចេញបាន១ខែហើយដែរ ហើយក៏ទើបតែចេញ MV ថ្មីៗនេះ និងមានបទជាបន្តបន្ទាប់ គ្រាខណៈពេលការចេញបទ ញឹកញាប់កម្រិតណា គឺនាងនឹងព្យាយាមធ្វើឲ្យលឿន ព្រោះថាបទដែលនាងចេញកន្លងមកថ្មីៗនេះ គឺមានការគាំទ្រខ្លាំង ដែលជាកម្លាំងចិត្តមួយជួយឲ្យនាងត្រូវធ្វើបទថ្មីៗ ជាបន្តបន្ទាប់ទៀត ឲ្យបានច្រើន៕ រក្សាសិទ្ធិដោយ ៖ សំណាងSV









