ភ្នំពេញ ៖ មហាជន ជាពិសេសបណ្តាអ្នកគាំទ្របានសម្តែងការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្នុងពេលដែលសុខៗ អតីតបវរកញ្ញាចក្រវាលតំណាងជាតិកម្ពុជាឆ្នាំ២០១៨ កញ្ញា រឿន ណាត បានប្រកាសផ្អាកទទួលយកការសម្តែងមួយ រយៈ ក្នុងពេលដែលទីផ្សារការងាររបស់តារារូបនេះកំពុងឡើងខ្ពស់។

យ៉ាងណា រឿន ណាត ក៏បានបង្ហាញពីការសោកស្តាយខ្លះដែរ ចំពោះការសម្រេចចិត្តបែបនេះ ប៉ុន្តែនាងត្រូវតែធ្វើដូច្នេះ ដើម្បីនាងមានឱកាសគ្រប់គ្រាន់សម្រាប់បំពេញការងារផ្សេងទៀត ដែលនាងបានដាក់គោលដៅ និងជាបំណងប្រាថ្នារបស់នាងមកជាយូរហើយ។
រឿន ណាត បានលើកឡើងថា នាងពិតជាបានសម្រេចចិត្តផ្អាកទទួលយកការងារសម្តែងមួយ រយៈមែន ដោយសារតែនាងត្រូវយកពេលមករៀបចំមុខរបររកស៊ី ដែលមានគម្រោងមកជាយូរមកហើយ ខណៈពេលដែលមុខរបរថ្មីនេះ កំពុងតែចាប់ផ្តើមជាបណ្តើររួចហើយដែរ។
នាងបញ្ជាក់ថា តាមពិតទៅនាងក៏មិនចង់ផ្អាកការងារសម្តែងនេះដែរ ប៉ុន្តែដោយនាងខ្លាចគ្មានពេលគ្រប់គ្រាន់សម្រាប់ម្ចាស់ផលិតកម្ម ព្រោះមានរឿងខ្លះតម្រូវឲ្យនាងចេញចេញមួយសប្តាហ៍ពេញ ឬលើសពីនេះ ដែលនោះជាហេតុនាងគ្មានពេល ដើម្បីមកមើលការខុសត្រូវទៅលើមុខរបររកស៊ីផ្ទាល់ខ្លួន។
ទោះជាយ៉ាងណា បើតាម រឿន ណាត បើទោះបីជានាងផ្អាកការងារសម្តែងមួយ រយៈក៏ដោយ ប៉ុន្តែសម្រាប់ការថតស្ពតតពាណិជកម្ម ថតសម្អាងការ ឬថតម៉ូតផ្សេងៗនោះគឺនាងនៅតែទទួលដដែល ព្រោះការថតនោះមាន រយៈពេលខ្លីដែលនាងអាចមានពេលគ្រប់គ្រាន់សម្រាប់ការងារមួយនេះ។

រឿន ណាត បានបន្ថែមទៀតថា សម្រាប់មុខរបររកស៊ីរបស់នាងនាពេលនេះ នោះគឺនាងនៅមិនទាន់អាចប្រាប់មហាជនបានក្នុងពេលនេះឡើយ ដោយសារនាងខ្លាចអ្វីៗទៅមិនដល់គោលដៅ ដែលខ្លួនចង់បាន ប៉ុន្តែនាងគ្រាន់តែបង្ហើបបានថា គោលបំណងរបស់នាងគឺចង់បើក ភោជនីយដ្ឋានផ្ទាល់ខ្លួននេះគឺនាងមានបំណងយូរមកហើយ។
តារារូបនេះបញ្ជាក់ថា ជាធម្មតាការងារសិល្បះគឺមិនអាចធ្វើឲ្យនាង រស់មួយជីវិតបានឡើយ ហេតុនេះនាងត្រូវឆ្លៀតពេល ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួនមួយទៀតសម្រាប់អនាគត ក្នុងពេលដែលនាងបានផ្តោតជាសំខាន់ ទៅលើការងារក្រៅពីសិល្បៈនេះមួយទៀតមកជាយូរមកហើយ។

គួរបញ្ជាក់ថា បន្ទាប់ពីចប់បេសកម្មតំណាងជាតិ នៅក្នុងការចូលរួមប្រកួតប្រជែង កម្មវិធីកញ្ញាឯកចក្រវាទ្បនោះមក រឿន ណាត បានចាប់ផ្តើមមានទីផ្សារការងារសិល្បៈជាបន្តបន្ទាប់ មិនដាច់សូរ មិនថា ការថតម៉ូត សម្អាងការ ស្ពតពាណិជកម្ម និងការងារសម្តែងភាពយន្តនោះឡើយ។
ដោយសារទេពកោលស្យ និងរូបរាងដ៏ស្រស់សោភា បានធ្វើឲ្យតារារូបនេះ តែងបង្ហាញវត្តមានសម្តែងរឿងភាគ ចាក់បញ្ចាំងតាមទូរទស្សន៍ជាបន្តបន្ទាប់ ខណៈពេលដែលភាពយន្តដែលនាងសម្តែងរឿង ទេពធីតាមុខធ្យូង បាននឹងកំពុងចាក់ផ្សាយ តាមកញ្ចក់ទូរទស្សន៍បាយ័ន រៀងរាល់ថ្ងៃចន្ទ និអង្គារ វេលាម៉ោង៩យប់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV








