ភ្នំពេញ ៖ មានមតិមួយចំនួន ហាក់មិនជឿជាក់ថា កញ្ញាឯកផុតគេ ជាម្ចាស់មកុដលំដាប់ពិភពលោក នឹងធ្វើការសម្រេចចិត្តមក ប្រទេសកម្ពុជា។ ខ្លះទៀតថា មិនអាចទៅរឿង យោងលើទំហំទឹកប្រាក់ដែលបានស្នើ ឲ្យស្រីស្អាតរូបនោះមកបាន។ យ៉ាងណាក៏ដោយ ប្រធានបទនេះ នៅតែបន្តការចាប់អារម្ម៍ណហើយ ចាំឃ្លាំមើលពេលខាងមុខ ខណៈមានខ្លះថាជាភាពប្រាកដប្រជាមួយមែន មិនភូតកុហក់នោះទេ។

បានទទួលដំណឹងមកថា ម្ចាស់ហាងពេជ្រ CSNJ លោក ជិន សំណាង គ្រោងនឹងអញ្ជើញម្ចាស់មកុដបវរកញ្ញាចក្រវាលឥណ្ឌា Miss Universe 2021 មកទស្សនៈកិច្ចប្រទេសកម្ពុជា បន្ទាប់ពីលោកបានចូលជួបសម្ដែងការគួរសម ចំពោះលោកជំទាវឯកអគ្គរដ្ឋទូតសាធារណៈរដ្ឋ ឥណ្ឌាប្រចាំប្រទេកម្ពុជា។ ដំណឹងនេះបានធ្វើឱ្យហ្វេនជាអ្នកស្រឡាញ់វិស័យការប្រកួតបវរកញ្ញា មានក្ដីរំភើប និងសប្បាយចិត្តយ៉ាងខ្លាំង។ តើគម្រោងនេះយ៉ាងណាដែរ? តើម្ចាស់មកុដ Miss Universe 2021 នឹងអញ្ជើញមកកាន់កម្ពុជានៅពេលណា?

នៅពេលទទួលដំណឹងនេះយើងបានសុំការបំភ្លឺជាពីសំណាក់អ្នកគ្រប់គ្រងកម្មវិធី Miss Universe Cambodia និងជានាយកប្រតិបត្តិក្រុមហ៊ុន CIM គឺលោក ម៉ែន និមល រ័ត្ន ដោយលោកឆ្លើយថា គម្រោងអញ្ជើញម្ចាស់មកុដបវរកញ្ញាចក្រវាលឥណ្ឌា Miss Universe 2021 មកកាន់កម្ពុជានេះគឺពិតមែន ក៏ប៉ុន្ដែនៅមិនទាន់អាចបញ្ជាក់បានពីកំណត់ថ្ងៃខែនៅឡើយទេ។ លោកថា ៖« នេះគឺជាគម្រោងរបស់បងប្រុស ជិន សំណាង ម្ចាស់ហាងពេជ្រ CSNJ ដែលគ្រោងអញ្ជើញម្ចាស់មកុដ Miss Universe 2021 មកកម្ពុជា ក្នុងគោលបំណង ៣ ដូចជា ទី១-ការថតគ្រឿងពេជ្ររបស់ហាងពេជ្រ CSNJ ទី២-ចង់ ឱ្យ Miss Universe 2021 មកស្គាល់ពីប្រទេសកម្ពុជា និងទី៣-ជំនួបជាមួយបវរកញ្ញាចក្រវាលកម្ពុជាគ្រប់ជំនាន់ ដើម្បីចែកចាយបទពិសោធន៍ផ្សេងៗ ដល់បេក្ខនារីដែលត្រៀមប្រកួត Miss Universe Cambodia 2022»។

លោក ម៉ែន និមល រ័ត្ន បានបន្ដទៀតថា ប្រសិនបើការអញ្ជើញមករបស់ម្ចាស់មកុដ Miss Universe 2021មានរយៈពេលច្រើនថ្ងៃនោះ យើងគម្រោងនឹងនាំកញ្ញាទៅទស្សនាប្រាសាទអង្គរវត្ត និងតំបន់ទេសចរណ៍សំខាន់ៗនៃប្រទេសកម្ពុជា។ លោកនិយាយទៀតថា «គឺជារឿងល្អមួយដែលម្ចាស់មកុដ Miss Universe 2021នឹងអញ្ជើញមកកម្ពុជា ព្រោះថា កន្លងមកៗនៅមិនទាន់មានម្ចាស់មកុដ Miss Universe រូបណា អញ្ជើញមកកាន់ប្រទេសកម្ពុជានៅឡើយទេ។ នៅពេលដែលម្ចាស់មកុដ Miss Universe 2021អញ្ជើញមកកម្ពុជានោះ កញ្ញានឹងថតរូបបង្ហោះប្រាប់ទៅកាន់ពិភពលោកអំពីប្រទេសយើង។ កន្លងមកម្ចាស់មកុដ Miss Universe នានា បានអញ្ជើញទៅកាន់ប្រទេសថៃ និងឥណ្ឌូនេស៊ី រួចហើយ នៅឡើយតែកម្ពុជាយើងទេ»។
មួយវិញទៀត បើតាមការបញ្ជាក់របស់លោក ជិន សំណាង បានឱ្យដឹងថា កម្ពុជាយើងនឹងអាចអញ្ជើញ Miss Universe 2021 ពីប្រទេសឥណ្ឌាបាន ១០០ភាគរយ ប៉ុន្តែមិនយូរទេអាចចន្លោះពីខែ ៤ ទៅខែ ៨ ស្របពេលដែលកម្ពុជាយើងកំពុងរៀបចំកម្មវិធីឬរកឃើញម្ចាស់មកុដ Miss Universe Cambodia 2022 ។

យើងដឹងហើយថា បើនិយាយពីវិស័យបវរកញ្ញា នៅកម្ពុជាយើង មានភាពផ្ទុះឡើង ២ឬ៣ឆ្នាំចុងក្រោយនេះ ប៉ុណ្ណោះ ហើយក្លាយជាការ តាមដានពីសំណាក់ អ្នកលេងបណ្តាញសង្គម។ កម្មវិធីប្រកួតបវរកញ្ញា ក្នុងស្រុក២ ត្រូវបានប្រជែង ការទាក់ទាញ មាន Miss Grand Cambodia និង Miss Universe Cambodia ដោយអ្នកគាំទ្រ តាមមើលតាំងពី មុខមាត់ កម្រិតភាសា បេក្ខជន ឈុតតំណាងជាតិ និងឈុតហែលទឹក ព្រមទាំងរាត្រីសមោលស៕ រក្សាសិទ្ធិដោយ ៖ ឧត្តម


















