ភ្នំពេញ ៖ តារាសម្តែងចាស់វស្សានាង ឌួង ហ្ស៊ូរីដា បានប្រកាសពីជំហ៊ររបស់ខ្លួនថា នាងមិនធ្លាប់មានបំណងបោះបង់ចូលសិល្បៈឡើយ ខណៈពេលនាងចាត់ទុកសិល្បៈជាអ្នកផ្តល់កំណើតឲ្យនាងមានមុខមាត់រហូតមកទល់នាពេលនេះ។
ការថ្លែងរបស់តារាស្រីរូបនេះបានធ្វើឡើង បន្ទាប់ពីនាងទើបតែបង្ហាញវត្តមានសម្តែងជាថ្មីឡើងវិញ នៅក្នុងឈុតបទចម្រៀងមានចំណងជើងថា ទុក្ខស្រីប្តីព្រាត់ ដែលជាការនិពន្ធ ដោយសម្តេចតេជោប្រមុខដឹកនាំ។
បទ ទុក្ខស្រីប្តីព្រាត់ ត្រូវបានរៀបចំថតឡើងវិញដោយសមាគមសិល្បករខ្មែរ ដែលមានលោក ហ្វៃ សំអាង ជាអ្នកដឹកនាំ ដោយក្នុងនោះមានការចូលរួមសម្តែងដោយ ដួង ហ្ស៊ូរីដា និងតារាថ្មីចាស់ល្បីៗមួយចំនួនទៀត។

ឌួង ហ្ស៊ូរីដា បានបង្ហាញការរីករាយនៅពេលដែលខ្លួនមានឱកាស បានចូលរួមសម្តែងនៅក្នុងបទចម្រៀង ដែលជាប្រវត្តិរបស់ថ្នាក់ដឹកនាំជាតិនាពេលនេះ។
ជាមួយនឹងការបង្ហាញខ្លួននៃជាថ្មីឡើងវិញនាពេលនេះ ឌួង ហ្ស៊ូរីដា នៅតែប្រកាន់ជំហរប្រាប់ទស្សនិកថា នាងមិនដែលមានបំណងបោះបង់ចូលអាជីពសិល្បៈនេះឡើយ ប៉ុន្តែមានហេតុផលផ្ទាល់ខ្លួន ដែលធ្វើឲ្យនាងឃ្លាតពីអាជីពមួយនេះ។

ឌួង ហ្ស៊ូរីដា បានលើកឡើងតាមរយះគណនេយ្យហ្វេសប៊ុករបស់ខ្លួនថា សិល្បៈជាអ្នកផ្តល់កំណើតឲ្យនាងខ្ញុំ មិនធ្លាប់គិតថាបោះបង់អាជីពនេះទេ ប៉ុន្តែដោយសាររវល់នឹងការងាររកទទួលទាន របស់ក្រុមគ្រួសារ ទើបធ្វើឲ្យនាងខ្ញុំដកឃ្លាច្រើនពីសិល្បៈ ព្រោះដូចបងប្អូនឃើញស្រាប់ហើយ មួយថ្ងៃ 12ម៉ោងពេញ Live លក់ផលឹតផល ៣ហាងផ្សេងគ្នា នេះមិនបញ្ចូលការគ្រប់គ្រងហាង កាហ្វេ TUBE សាខាឫស្សីកែវ របស់យើងខ្ញុំផង។
នាងថា ហ្សូរីដា នៅតែស្វាគមន៍រាល់ការងារសង្គម និង ការជួយជ្រោមជ្រែងពីក្រោយនៃរាល់ការងារសិល្បៈរបស់ខ្មែរ។
ជាការកត់សម្គាល់តារាសម្តែងនាង ឌួង ហ្ស៊ូរីដា បានចាប់ផ្តើមប្រឡូការងារសិល្បៈចាប់ផ្តើមមានឈ្មោះក្នុងសិល្បះកាលអំឡុងឆ្នាំ២០១០ ។
ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ឌួង ហ្ស៊ូរីដា បានបាត់វត្តមានទាំងស្រុង ដោយគេមិនបានឃើញនាងចូលថតថតអ្វីថ្មីៗបន្ថែមទៀតឡើយ ស្របពេលតារាថ្មីក៏កំពុងតែរះព្រោងព្រាត។
ប៉ុន្តែបើទោះបីជាមិនបានបង្ហាញវត្តមានក្នុងអាជីពសម្តែងក៏ដោយ ប៉ុន្តែបើកក្រឡែកទៅមើលជីវិតផ្ទាល់ខ្លួន ឌួង ហ្ស៊ូរីដា ក៏មានភាពហ៊ឺហារ និងស៊ីវិល័យ មិនចាញ់តារាមួយចំនួនទៀតឡើយ៕ រក្សាសិទ្ធិដោយ ៖សំណាង sv










