ភ្នំពេញ ៖ មហាជន ប្រិយមិត្តគាំទ្រ ជាពិសេសមិត្តភក្តិក្នុងសិល្បៈដូចគ្នា បាននាំគ្នាបង្ហោះសារអបអរសាទរជាបន្តបន្ទាប់ទៅកាន់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ដែលត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឲ្យក្លាយជាឧកញ៉ា បន្ទាប់ពីតារារូបនេះចាប់ផ្តើមជំនួញផ្នែកអចលនទ្រព្យ។
ក្នុងពេលនេះដែរ តារាចម្រៀងស្រៅដ៏ល្បីល្បាញអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានបញ្ចេញសារសម្តែងការអបអរសាទរចំពោះលោក ខេមរៈ សិរីមន្ត ដែលបានងារជាឧកញ៉ានាពេលនេះដែរ ដោយនៅក្នុងនោះអ្នកនាងក៏ចង់ឃើញលោក ខេមរៈសិរីមន្ត នឹងនៅបន្តអាជីពសិល្បះរបស់ខ្លួនផងដែរ។

តាមគណនេយ្យហ្វេសប៊ុកអ្នននាង ឱក សុគន្ធកញ្ញា បានបង្ហោះសារថា ចូលរួម អបអរសាទរ លោកឧកញ៉ា ខែម ប៊ុនថៃ (ខេមរៈ សិរីមន្ត) សូមជូនពរឲ្យជួបតែសេចក្តីសុខ ប្រកបកិច្ចការងារអ្វីបានសម្រេចដូចសេចក្តីប្រាថ្នា និង នៅតែបន្តការងារសិល្បៈបម្រើជូនទស្សនិកជនគ្រប់ៗគ្នា ។
តាមរយៈសារខាងលើនេះបានធ្វើឲ្យមហាជន ជាពិសេសអ្នកគាំទ្ររបស់តារាចម្រៀងលោក ខេមរៈ សិរីមន្ត ជាច្រើនបានសម្តែងការអបអរសាទរ និងសប្បាយរីករាយ ក្នុងពេលដែលដៃគូចម្រៀងដែលមានភាពល្បីល្បាញដូចគ្នាគឺអ្នកនាង ឱក សុគន្ធកញ្ញា ក៏បានគាំទ្រឲ្យលោកបន្តអាជីពសិល្បៈចម្រៀង ទោះបីជាក្លាយជាឧកញ៉ាក៏ដោយ។
យ៉ាងណាក៏ដោយ រហូតមកទល់នាពេលនេះគេនៅមិនទាន់បានឃើញតារាចម្រៀងលោក ខេមរៈ សិរីមន្ត និងភាគីពាក់ព័ន្ធណាមួយ ចេញមុខមកបញ្ជាក់ឲ្យបានច្បាស់លាស់នៅឡើយទេថា លោក ខេមរៈ សិរីមន្ត នឹងបន្តឬក៏ឈប់ពីអាជីពសិល្បៈ ខណៈពេលដែលលោកបានក្លាយជាឧកញ៉ា ដែលមានមុខមាត់ម្នាក់ ក្នុងសង្គមនាពេលនេះ។

ជាការកត់សម្គាល់ ក្រោយបានក្លាយជាឧកញ៉ាភ្លាមនោះលោក ខេមរៈ សិរីមន្ត ក៏បានបញ្ចេញសារបង្ហោះតាមហ្វេសប៊ុករបស់លោកថា ទូលព្រះបង្គំជាខ្ញុំ ខែមប៊ុនថៃ ហៅ(ខេមរៈសិរីមន្ត) មានសេចក្តីរំភើបឥតឧប្បមាដែលបានព្រះមហាក្សត្រជីវិតដម្កល់លើត្បូង ទ្រង់សព្វព្រះរាជហរទ័យ ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា ដល់ទូលព្រះបង្គំ។
លោកបញ្ជាក់ថា ញុំបាទសង្ឃឹមថាបន្ទាប់ពីខ្ញុំបាទបានគោរមងារជា ឧកញ៉ា នេះហើយនឹងក្លាយជាគំរូដ៏ល្អដល់សិល្បករ សិល្បការិនីឲ្យខិតខំធ្វើអ្វីដែលល្អ នឹងរួមគ្នាចូលរួមគ្នា ជួយដល់សង្គមជាតិរបស់យើងឲ្យបានច្រើនឡើងៗ នឹងជូនពរឲ្យឆាប់បានគោរមងារជា ឧកញ៉ា ទាំងអស់គ្នា។
សូមអរគុណបងៗនឹងមិត្តរួមអាជីពដែលបានអបអរសារទរដល់រូបខ្ញុំ ពួកយើងនឹងរួមគ្នាលើកកម្ពស់តម្លៃសិល្បៈ យើងឲ្យខ្ពស់ត្រដែតទាំងអស់គ្នា តាមរយៈការធ្វើឲ្យខ្លួនឯងរីកចម្រើនៗឡើង ព្រោះបេះដូងយើង ស្រឡាញ់សិល្បៈខ្លាំងណាស់៕ រក្សាសិទ្ធិដោយ ៖ សំណាង SV











