ភ្នំពេញ៖ កិច្ចប្រជុំស្ដីពីការកែសម្រួលអនុក្រឹត្យលេខ ១២៣ អនក្រ.ប.ក ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្ត ចំពោះការអនុញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រងអន្តោប្រវេសន៍ ស្នាក់អាស្រ័យ នៅព្រះរាជាណាចក្រកម្ពុជា ឲ្យមានប្រសិទ្ធភាព ។
កិច្ចប្រជុំនេះបានប្រព្រឹត្ដ នាព្រឹកថ្ងៃអង្គារថ្ងៃទី១០ មករា ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ អគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបន្តដឹកនាំកិច្ចប្រជុំលើកទី៦ ស្ដីពីការកែសម្រួលអនុក្រឹត្យលេខ១២៣ អនក្រ.បក ចុះថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០១៦ ស្ដីពីបែបបទសម្រាប់អនុវត្តចំពោះការអនុ ញ្ញាតឱ្យជនបរទេស មិនមែនអន្តោប្រវេសន្ត ចូល-ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា នៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ។

កិច្ចប្រជុំនេះមានអញ្ជើញចូលរួមពី លោក អគ្គនាយករង លោក-លោកស្រីអនុប្រធាននាយកដ្ឋាន និងមន្រ្តីនីតិកម្ម នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍។
កិច្ចប្រជុំនេះ បានលើកយកចំណុចសំខាន់ៗ មួយចំនួនមកពិភាក្សានិងកែសម្រួល ពាក់ព័ន្ធ ការកំណត់ប្រភេទទិដ្ឋាការ លក្ខខណ្ឌ និងបែបបទដែលជនបរ ទេសត្រូវបំពេញ ដើម្បីចូល-ចេញ និងស្នាក់នៅព្រះរាជាណាចក្រកម្ពុជា ដោយស្របច្បាប់។

ក្នុងឱកាសនោះ ឯកឧត្តមនាយឧត្តមសេនីយ៍ បានផ្តួចផ្តើមឲ្យអង្គប្រជុំសិក្សា និងពិភាក្សាវែកញែកអំពីការកំណត់លក្ខខណ្ឌ ក្នុងការស្នើសុំទិដ្ឋាការប្រភេទ (ក)K ក្នុងគោលបំណងបង្កើនប្រសិទ្ធភាព លើការគ្រប់គ្រងអន្តោប្រវេសន៍នៅតាមបណ្តាច្រកទ្វារអន្តរជាតិ និងដើម្បីសម្រួលបែបបទធ្វើដំណើរ ចំពោះជនដែលមានដើមកំណើតជាខ្មែរ ឬ កើតពីឪពុក ឬ ម្តាយមានសញ្ជាតិខ្មែរ ឬ ជនបរទេសដែលមានសញ្ជាតិខ្មែរ ប៉ុន្តែប្រើប្រាស់លិខិតឆ្លងដែនបរទេស ធ្វើដំណើរចូល-ចេញ និងស្នាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដោយងាយស្រួល ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធលី








