កម្ពុជាត្រៀមខ្លួនជាស្រេចក្នុងតាំងការបង្ហាញ «ស្នាមញញឹមខ្មែរ ស្នាមញញឹមខ្មែរហ្វ្រង់កូហ្វូនី» ទៅកាន់ពិភពលលោក តាមរយៈព្រឹត្តិការណ៍អមភូមិហ្វ្រង់កូហ្វូនី ឆ្នាំ២០២៦ (Village de la Francophonie) ជំរុញឧស្សាហកម្មទេសចរណ៍ឱ្យកាន់តែរីកលូតលាស់។
ព្រឹត្តិការណ៍នេះនឹងបង្ហាញពីបដិសណ្ឋារកិច្ចដ៏កក់ក្តៅ ភាពរួសរាយរាក់ទាក់ និងអត្តសញ្ញាណវប្បធម៌របស់ប្រជាជនកម្ពុជា បង្កើតវេទិកាផ្លាស់ប្តូរវប្បធម៌ លើកកម្ពស់ទេសចរណ៍ តាមរយៈការបង្ហាញស្នាដៃច្នៃម្ហូបអាហារ ការច្នៃប្រឌិតរបស់យុវជន និងសហគ្រិនកម្ពុជាទៅកាន់ប្រទេសសមាជិកអង្គការ OIF ប្រមាណ៩០ ប្រទេស ។

នេះជាការលើកឡើងរបស់ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ក្នុងសិក្ខាសាលាផ្សព្វផ្សាយការរៀបចំព្រឹត្តិការណ៍អម «ភូមិហ្រ្វង់កូហ្វូនី» (Village de la Francophonie) ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង-ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍន៍ អង្គការពាក់ព័ន្ធ និងភ្ញៀវកិត្តិយសជាច្រើនរូប នៅទីស្តីការក្រសួងទេសចរណ៍។
ក្នុងនាមជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលហ្រ្វង់កូហ្វូនីលើកទី២០ កម្ពុជាចាត់ទុកថានេះជាវេទិកាអន្តរជាតិដ៏សំខាន់មួយ សម្រាប់បង្ហាញអត្តសញ្ញាណជាតិ វប្បធម៌ ទេសចរណ៍ ម្ហូបអាហារ ការច្នៃប្រឌិត និងសក្តានុពលរបស់កម្ពុជា ក្រោមមូលបទ «ស្នាមញញឹមខ្មែរ ស្នាមញញឹមហ្រ្វង់កូហ្វូនី» ។
ពិសេសនឹងបើកឱកាសឱ្យក្រសួង-ស្ថាប័ន វិស័យឯកជន សហគ្រាសធុនតូច និងមធ្យម សិល្បករ អ្នកផលិតនិងដៃគូអភិវឌ្ឍន៍ចូលរួមបង្ហាញសមិទ្ធផល សក្តានុពលទេសចរណ៍ ផលិតផលវប្បធម៌ និងការវិនិយោគរបស់កម្ពុជាលើឆាកអន្តរជាតិ ដែលស្តង់ និងទីតាំងពិព័រណ៍ទាំងអស់នៅក្នុង Village de la Francophonie នឹងត្រូវផ្តល់ជូនដោយឥតគិតថ្លៃ ។
ក្រសួងទេសចរណ៍ក្នុងនាមម្ចាស់ផ្ទះ អំពាវនាវដល់គ្រប់ក្រសួង-ស្ថាប័ន សមាគមឧស្សាហកម្មទេសចរណ៍អាជីវកម្ម សណ្ឋាគារ ភោជនីយដ្ឋាន រមណីយដ្ឋាន សិល្បករ អ្នកផលិត និងគ្រឹះស្ថានអប់រំ ឱ្យចូលរួមយ៉ាងសកម្មក្នុងការតាំងពិព័រណ៍ និងរៀបចំសកម្មភាពនានា ដើម្បីផ្សព្វផ្សាយវប្បធម៌ ទេសចរណ៍ ផលិតផល និងសក្តានុពលវិនិយោគរបស់កម្ពុជា ទៅកាន់ទីផ្សារប្រទេសនិយាយភាសាបារាំង និងពិភពលោក ព្រមទាំងរួមគ្នាបង្ហាញមុខមាត់ និងមោទនភាពជាតិរបស់កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះព្រឹត្តិការណ៍អន្តរជាតិដ៏មានកិត្យានុភាពនេះ។

ក្នុងឱកាសនៅដែរ លោកជំទាវ ជីប យុទ្ធារី ប្រធានសមាគមអភិវឌ្ឍន៍សហប្រតិបត្តិការសេដ្ឋកិច្ចកម្ពុជា-អន្តរជាតិហៅកាត់ CIAECD ក៏បានដឹកនាំសមាជិកអញ្ជើញចូលរួមក្នុងកម្មវិធីមានសារៈសំខាន់នេះដែរ។
ព្រឹត្តិការណ៍នេះគ្រោងនឹងរៀបចំរយៈពេល៥ថ្ងៃ ចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីធ្លាសួនច្បារមុខវត្តបទុមវតីដ៏ស្រស់បំព្រង ដើម្បីបង្ហាញលើសិល្បៈ វប្បធម៌ កិច្ចសហប្រតិបត្តិការ និងសាមគ្គីភាព រវាងព្រះរាជាណាចក្រកម្ពុជានិងបណ្តាប្រទេសនិយាយភាសាបារាំង តាមរយៈការរៀបចំជាពន្លាជាតិ, ស្តង់ពិព័រណ៌, ស្តង់ពិព័រណ៌ម្ហូបអាហារ, ការសម្តែងសិល្បៈចម្រុះប្រចាំថ្ងៃ និងការរៀបចំជាកិច្ចសន្ទនា សិក្ខាសាលា លើប្រធានបទគន្លឹះៗ មានជាអាទិ៍ ការលើកកម្ពស់វិស័យទេសចរណ៍ ការអប់រំ យុវជន សមភាពយេនឌ័រ សន្តិភាព ការអភិរក្សបេតិកភណ្ឌវប្បធម៌ ជាដើម៕រក្សាសិទ្ធិដោយ CEN




