ធនាគារជាតិនៃកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា នាពេលថ្មីៗនេះមាន ព័ត៌មានចចាមអារ៉ាម និងគ្មានប្រភពច្បាស់លាស់ត្រូវបានផ្សព្វផ្សាយតាមបណ្តាញសង្គម ដោយបាន អះអាងថា ធនាគារមួយចំនួននឹងត្រូវបានបង្កកសាច់ប្រាក់ ឬនឹងត្រូវបានបិទដោយធនាគារជាតិនៃកម្ពុជា។ ជាក់ស្តែង គណនីហ្វេសប៊ុករបស់ឈ្មោះ មាន សំណាង (https://www.facebook.com/share/17JnXBY rdv/?mibextid=wwXIfr) និងគណនីតេឡេក្រាមរបស់ឈ្មោះ Heng Sok (@WRW_Sokheng) បានផ្សព្វផ្សាយ ព័ត៌មានមានខ្លឹមសារញុះញង់ឱ្យមានការដកប្រាក់ពីធនាគារ ដែលព័ត៌មានទាំងនេះមិនមានការពិត បង្កចលាចល មានចេតនាបង្កអស្ថិរភាពក្នុងប្រព័ន្ធធនាគារ និងអាចបង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម។
ការផ្សព្វផ្សាយព័ត៌មានមិនពិត ឬបំភ្លៃព័ត៌មានដោយចេតនា ដែលប៉ះពាល់ដល់ទំនុកចិត្ត សាធារណជន និងស្ថិរភាពរបស់ប្រព័ន្ធធនាគារ ជាការធ្វើវិទ្ធង្សនាសេដ្ឋកិច្ច និងបំពានច្បាប់យ៉ាងធ្ងន់ធ្ងរ។
ក្នុងន័យនេះ ធនាគារជាតិនៃកម្ពុជាកំពុងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច ដើម្បីស្រាវជ្រាវ និង កំណត់អត្តសញ្ញាណបុគ្គល ដែលបានផ្សព្វផ្សាយខ្លឹមសារខាងលើឱ្យមកទទួលទោសតាមច្បាប់។
ធនាគារជាតិនៃកម្ពុជា បាន និងកំពុងបន្តបំពេញមុខងារភារកិច្ចយ៉ាងពេញលេញក្នុងដែន សមត្ថកិច្ចរបស់ខ្លួន ដើម្បីរក្សាស្ថិរភាពរបស់ប្រព័ន្ធធនាគារទាំងមូល។ ទន្ទឹមនេះ ធនាគារជាតិនៃកម្ពុជា សូមអំពាវនាវដល់សាធារណជនសូមមេត្តាកុំផ្សព្វផ្សាយ ឬចែកចាយបន្តនូវព័ត៌មានដែលគ្មានមូលដ្ឋាន និងសូមប្រើប្រាស់តែព័ត៌មានផ្លូវការដែលមានប្រភពច្បាស់លាស់ ជាពិសេសព័ត៌មានផ្សព្វផ្សាយ ដោយធនាគារជាតិនៃកម្ពុជា ឬអាជ្ញាធរពាក់ព័ន្ធ៕ រក្សាសិទ្ធដោយ៖សុទ្ធលី



