Monday, April 20, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា បានជួបពិភាក្សាការងារជាប្រធានរដ្ឋសភាជាតិតួកគីយេ និងគណៈប្រតិភូជាន់ខ្ពស់នៃសភាជាតិហុងគ្រី ក្នុងអំឡុងមហាសន្និបាតលើកទី១៥២ នៃសហភាពអន្តរសភា (IPU)

នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ ឯកឧត្តម Numan Kurtulmuş ប្រធានរដ្ឋសភាជាតិតួកគីយេ។ ក្នុងកិច្ចសន្ទនា ឯកឧត្តម Numan Kurtulmuş បានស្វាគមន៍ការចូលរួមរបស់គណៈប្រតិភូកម្ពុជា ក្នុងមហាសន្និបាត IPU និងបានគូសបញ្ជាក់អំពីសារៈសំខាន់នៃការរក្សាទំនាក់ទំនងជាប្រចាំរវាងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ។ ភាគីទាំងពីរ ក៏បានលើកឡើងពីការរីកចម្រើននៃទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់រវាងប្រជាជននៃប្រទេសទាំងពីរ រួមទាំងការហោះហើរត្រង់របស់ក្រុមហ៊ុន Turkish Airlines មកកាន់រាជធានីភ្នំពេញ ការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សកម្មភាពរបស់មជ្ឈមណ្ឌលវប្បធម៌ Yunus Emre និងការចូលរួមរបស់ទីភ្នាក់ងារ TİKA ក្នុងគម្រោងមនុស្សធម៌នៅកម្ពុជា។

ក្នុងជំនួបនោះ ឯកឧត្តម អ៊ុច បូររិទ្ធ បានអបអរសាទររដ្ឋសភាជាតិតួកគីយេចំពោះការរៀបចំមហាសន្និបាត IPU លើកទី១៥២ ប្រកបដោយជោគជ័យ និងបានថ្លែងអំណរគុណចំពោះបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅដែលបានផ្តល់ជូនគណៈប្រតិភូកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តម បានលើកឡើងពីសក្តានុពលនៃការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរ តាមរយៈក្រុមមិត្តភាពសភា និងការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់។ ក្នុងឱកាសនោះផងដែរ ឯកឧត្តម អ៊ុច បូររិទ្ធ បានអញ្ជើញឯកឧត្តម Numan Kurtulmuş ចូលរួមកិច្ចប្រជុំប្រធានសភាអន្តរសភាលើកទី២ ដែលកម្ពុជាគ្រោងរៀបចំនៅពេលខាងមុខផងដែរ។

ដោយឡែក នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម អ៊ុច បូររិទ្ធ បានជួបពិភាក្សាការងារទ្វេភាគីជាមួយ លោកជំទាវ Márta MÁTRAI អនុប្រធានទី១ រដ្ឋសភាហុងគ្រី។ ជំនួបនេះបានប្រព្រឹត្តទៅក្នុងបរិយាកាសកក់ក្តៅ ស្និទ្ធស្នាល និងស្ថាបនា ដោយឆ្លុះបញ្ចាំងពីមិត្តភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជា និងហុងគ្រី។ ឯកឧត្តម អ៊ុច បូររិទ្ធ បានសម្តែងនូវការដឹងគុណចំពោះជំនួយឧបត្ថម្ភដ៏មានតម្លៃរបស់រដ្ឋាភិបាល និងប្រជាជនហុងគ្រីដល់កម្ពុជា ក្រោយការរំដោះប្រទេសក្នុងឆ្នាំ១៩៧៩ ជាពិសេសលើវិស័យអប់រំ អាហារូបករណ៍ និងសុខាភិបាល និងបានបញ្ជាក់ថា កម្ពុជានឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយហុងគ្រីក្នុងក្របខ័ណ្ឌនៃការទូតសភា ដើម្បីពង្រឹងមិត្តភាព និងជំរុញការអភិវឌ្ឍជាតិ។
ជាការឆ្លើយតប លោកជំទាវ Márta MÁTRAI ក៏បានលើកឡើងអំពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ជាពិសេសកម្មវិធី Stipendium Hungaricum នឹងផ្តល់អាហារូបករណ៍បន្ថែមរហូតដល់ ៣០កន្លែងសម្រាប់និស្សិតកម្ពុជា និងបានស្វាគមន៍អនុស្សរណៈនៃការយោគយល់ និងកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងអគ្គលេខាធិការដ្ឋានសភានៃប្រទេសទាំងពីរ ដែលត្រូវបានចុះហត្ថលេខាកន្លងមក ដោយចាត់ទុកថា ជាមូលដ្ឋានសំខាន់សម្រាប់ការពង្រឹងកិច្ចសហប្រតិបត្តិការស្ថាប័នទៅមុខទៀត។
ឯកឧត្តម អ៊ុច បូររិទ្ធ បានលើកឡើងអំពីសារៈសំខាន់នៃការពង្រឹងយន្តការក្រុមមិត្តភាពសភាកម្ពុជា–ហុងគ្រី និងការចូលរួមរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ដើម្បីជាឱកាសសម្រាប់ស្ថានប័នជាមិត្តទាំងពីរអាចធ្វើការផ្លាស់ប្តូរព័ត៌មាន ទស្សនៈ និងបទពិសោធន៍ជាប្រចាំ។ ភាគីទាំងពីរ ក៏បានបង្ហាញការយកចិត្តទុកដាក់ជាពិសេសចំពោះការប្រារព្ធខួបលើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងហុងគ្រីនៅឆ្នាំនេះ និងបានឯកភាពថា គួររៀបចំសកម្មភាពសមស្របនានា ដើម្បីអបអរសាទរឱកាសដ៏មានអត្ថន័យនេះ។
ជំនួបទ្វេភាគីទាំងពីរនេះ បានឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីតួនាទីសកម្មរបស់ព្រឹទ្ធសភាកម្ពុជា ក្នុងការជំរុញការទូតសភា ពង្រឹងមិត្តភាពជាមួយបណ្តាប្រទេសមិត្ត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើនសម្រាប់ផលប្រយោជន៍រួមនៃប្រទេស និងប្រជាជន។រក្សាសិទ្ធដោយ៖សុទ្ធលី

×